រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជំរុញឱ្យម្ចាស់អាជីវកម្មទេសចរណ៍ ឱ្យប្រើប្រាស់ប្រព័ន្ធឌីជីថល និងគ្រប់គ្រងទិន្នន័យ ដើម្បីលើកកម្ពស់គុណភាពសេវាកម្ម
ក្នុងឱកាសប្រារព្ធពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៦ ក្រោមប្រធានបទ «របៀបវារៈឌីជីថល និងបញ្ញាសិប្បនិម្មិត ដើម្បីរៀបចំទេសចរណ៍ឡើងវិញ» នៅខេត្តសៀមរាប នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកទឹកចិត្តដល់ម្ចាស់អាជីវកម្ម និងម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ ប្រឹងប្រែងប្រើប្រាស់ប្រព័ន្ធឌីជីថល និងការគ្រប់គ្រងទិន្នន័យ ដើម្បីវាយតម្លៃតម្រូវការ និងកែលម្អគុណភាពសេវាកម្មរបស់ខ្លួនឱ្យបានជាប់ជាប្រចាំ ដើម្បីពង្រឹងភាពប្រកួតប្រជែង ត្រៀមលក្ខណៈឱ្យបានល្អប្រសើរក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរក្នុងរដូវទេសចរណ៍មមាញឹក ក៏ដូចជាត្រៀមខ្លួនទទួលយកព្រឹត្តិការណ៍អន្តរជាតិធំៗនាពេលខាងមុខ។
ឯកឧត្តម ហួត ហាក់ មានប្រសាសន៍ថា ប្រធានបទនេះពិតជាមានសារៈសំខាន់ និងឆ្លើយតបទៅនឹងមាតិកាថ្មីៗនៃវិស័យទេសចរណ៍ និងជំរុញឱ្យយើងគិតគូរឡើងវិញអំពីការគ្រប់គ្រងគោលដៅទេសចរណ៍ ការអភិវឌ្ឍផលិតផលទេសចរណ៍ការណ៍ធ្វើទីផ្សារ និងការលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ ដោយការចាប់យកសក្ដានុពលនៃបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត ដើម្បីគាំទ្រដល់ការរៀបចំផែនការ និងការសម្រេចឱ្យកាន់តែត្រឹមត្រូវទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។
ឯកឧត្តម ហួត ហាក់ មានប្រសាសន៍ទៀតថា បច្ចុប្បន្នបច្ចេកវិទ្យាឌីជីថល និង AI កំពុងក្លាយជាកម្លាំងចលករសំខាន់ក្នុងការបម្លែងវិស័យទេសចរណ៍ ដែលឆ្លុះបញ្ចាំងពីចក្ខុវិស័យក្នុងការជំរុញកម្ពុជាចាប់យកបច្ចេកវិទ្យាឌីជីថល និង AI សម្រាប់ការរៀបចំគោលនយោបាយ អភិវឌ្ឍផលិតផលទេសចរណ៍ ការធ្វើទីផ្សារ និងការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងរបស់វិស័យទេសចរណ៍កម្ពុជា។ ជាមួយគ្នានេះ ការពង្រឹងការតភ្ជាប់ឌីជីថល ការផ្សព្វផ្សាយទេសចរណ៍រួមគ្នា ការចែករំលែកបទពិសោធន៍ និងការប្រកាសដាក់ឲ្យអនុវត្តដោយកម្ពុជាលើវិធាន «ឡាប៊ែលអាស៊ានសុវត្ថិភាព និងភាពកក់ក្ដៅ» ដើម្បីលើកកម្ពស់គុណភាព សុវត្ថិភាព និងអនាម័យសេវាកម្មទេសចរណ៍ សំដៅជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាប្រកបដោយចីរភាព និងភាពធន់។
លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា ក្នុងបរិបទនៃការរីកចម្រើនយ៉ាងឆាប់រហ័ស នៃបច្ចេកវិទ្យា ឌីជីថល និងបញ្ញា សិប្បនិម្មិត កំពុងក្លាយជាកត្តាសំខាន់សម្រាប់ការផ្លាស់ប្តូររបៀបធ្វើដំណើរ ការស្វែងរក ព័ត៌មាន ការកក់សេវា និងការទទួលបទពិសោធន៍របស់ភ្ញៀវទេសចរ។ ការប្រើប្រាស់ Digital និង AI ក្នុងវិស័យទេសចរណ៍ អាចជួយពង្រឹង ការផ្សព្វផ្សាយគោលដៅទេសចរណ៍ ផ្តល់ព័ត៌មានបានរហ័ស ជួយរៀបចំផែនការ ធ្វើដំណើរតាមតម្រូវការរបស់ភ្ញៀវ វិភាគទិន្នន័យ កែលម្អគុណភាពសេវាកម្ម និងគ្រប់គ្រង លំហូរភ្ញៀវឱ្យកាន់តែមានប្រសិទ្ធភាព។ ទន្ទឹមនេះ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និង AI ក៏ត្រូវយកចិត្តទុកដាក់លើ សុវត្ថិភាពទិន្នន័យ ភាពឯកជន សន្តិសុខឌីជីថល និងការអភិវឌ្ឍធនធានមនុស្ស ដើម្បីធានាឱ្យបច្ចេកវិទ្យាផ្តល់អត្ថប្រយោជន៍ជាក់ស្តែងដល់ភ្ញៀវទេសចរ អាជីវកម្ម និងសហគមន៍មូលដ្ឋាន៕SRP
អត្ថបទ៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ