អភិបាលខេត្តកំពង់ចាម សំណេះសំណាល និងប្រគល់កុំព្យូទ័រ Laptop រួមនឹងថវិកា ជូនសិស្សនិទ្ទេស A សិស្សកំព្រា និងសិស្សពិការ ក្នុងក្រុងកំពង់ចាម
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងកំពង់ចាម នៅព្រឹកមិញនេះ បានអញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តជូនដល់សិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៦ ក្នុងក្រុងកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ស្ថិតនៅសាលាខេត្តកំពង់ចាម។
ដើម្បីជួយសម្រួលដល់ការសិក្សាថ្នាក់ឧត្តមសិក្សា និងលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែង រដ្ឋបាលខេត្តកំពង់ចាមបានឧបត្ថម្ភកុំព្យូទ័រ Laptop ១គ្រឿង ថវិកា ១លានរៀល និងសម្ភារសិក្សា ជូនដល់សិស្សនិទ្ទេស A ចំនួន ២៦នាក់ ព្រមទាំងផ្តល់ Laptop ថវិកា ១លានរៀល សម្ភារសិក្សា និងអាហារូបករណ៍ដល់សិស្សកុមារកំព្រា ២នាក់។ ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តក៏បានផ្តល់ថវិកា ២លានរៀល សម្ភារសិក្សា និងអាហារូបករណ៍ដល់សិស្សពិការ គ ថ្លង់ ចំនួន ៥នាក់ ព្រមទាំងឧបត្ថម្ភថវិកា ១លានរៀល ដល់វិទ្យាល័យចំនួន ៥ ផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ព្រមទាំងបានកោតសរសើរ និងអបអរសាទរយ៉ាងកក់ក្តៅចំពោះក្មួយៗសិស្សនិទ្ទេស A ទាំង ២៦នាក់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់ ដោយបានសាងកិត្តិយសជូនខ្លួនឯង គ្រួសារ សាលារៀន និងខេត្តកំពង់ចាមទាំងមូល។
ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើ និងលើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡងជាប់ទាំងអស់ ឱ្យបន្តខិតខំយកចិត្តទុកដាក់រៀនសូត្រនៅកម្រិតឧត្តមសិក្សា ឬជំនាញបច្ចេកទេសបន្ថែមទៀត ដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនឯងឱ្យក្លាយជា «មូលធនមនុស្ស» ដ៏មានសក្តានុពល។ ឯកឧត្តមក៏បានរំលឹកឱ្យប្រកាន់ខ្ជាប់នូវសីលធម៌ និងគុណធម៌ ដើម្បីយកចំណេះដឹងដែលទទួលបានទៅរួមចំណែកក្នុងការអភិវឌ្ឍគ្រួសារ និងប្រទេសជាតិឱ្យកាន់តែរីកចម្រើននាពេលអនាគត៕SRP