ឯកសារក្បាលដីក្នុងភូមិគោកកក់ ឃុំស្វាយចេក ត្រូវបានបិទផ្សាយជាសាធារណៈ ដើម្បីឱ្យអ្នកពាក់ព័ន្ធពិនិត្យ ផ្ទៀងផ្ទាត់មុននឹងចេញបណ្ណកម្មសិទ្ធិ

ឯកសារក្បាលដីក្នុងភូមិគោកកក់ ឃុំស្វាយចេក ត្រូវបានបិទផ្សាយជាសាធារណៈ ដើម្បីឱ្យអ្នកពាក់ព័ន្ធពិនិត្យ ផ្ទៀងផ្ទាត់មុននឹងចេញបណ្ណកម្មសិទ្ធិ
0

ឯកសារក្បាលដីក្នុងភូមិគោកកក់ ឃុំស្វាយចេក ត្រូវបានបិទផ្សាយជាសាធារណៈ ដើម្បីឱ្យអ្នកពាក់ព័ន្ធពិនិត្យ ផ្ទៀងផ្ទាត់មុននឹងចេញបណ្ណកម្មសិទ្ធិ

ឯកសារនៃការវិនិច្ឆ័យដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធចំនួន ១ ៣៦៧ ក្បាលដី ក្នុងភូមិគោកកក់ ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប ត្រូវបានបិទផ្សាយជាសាធារណៈ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធចូលរួមពិនិត្យ និងស្នើសុំកែតម្រូវករណីមានកំហុសឆ្គង ក្នុងន័យធានាបាននូវភាពត្រឹមត្រូវមុននឹងចេញបណ្ណកម្មសិទ្ធិ ដែលការបិទផ្សាយមានរយៈពេល ១៥ថ្ងៃ គិតចាប់ពីថ្ងៃទី១០ ដល់ទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងបរិវេណសាលាឆទានភូមិគោកកក់។

លោក នូ សារឿម ប្រធានការិយាល័យរដ្ឋបាលនៃមន្ទីររៀបចំដែនដីខេត្ត បានអំពាវនាវដល់ម្ចាស់ដីពិនិត្យឱ្យបានត្រឹមត្រូវ លើឈ្មោះម្ចាស់កម្មសិទ្ធិ ឆ្នាំកំណើត ប្រភេទទ្រព្យ ឈ្មោះឪពុកម្ដាយ ទំហំដី និងព័ត៌មានពាក់ព័ន្ធផ្សេងៗ។ រីឯផែនទីក្បាលដីវិញ សូមពិនិត្យទីតាំង ព្រំប្រទល់ រូបរាងក្បាលដី និងព័ត៌មានសំខាន់ៗផ្សេងទៀត ដើម្បីធានាថាទិន្នន័យមានភាពត្រឹមត្រូវ។ ប្រសិនបងប្អូនពិនិត្យឃើញថា មានកំហុសឆ្គង ឬមានការជំទាស់តវ៉ាលើចំណុចណាមួយ សូមទាក់ទងក្រុមការងារប្រចាំការជាបន្ទាន់ ដើម្បីដាក់ពាក្យសុំកែតម្រូវ ឬដាក់ពាក្យបណ្ដឹងតាមនីតិវិធីដែលបានកំណត់។

លោក ពៅ ប៊ុនធឿន អភិបាលស្រុកអង្គរធំ បានលើកឡើងថា ការផ្សព្វផ្សាយនេះ គឺដើម្បីជៀសវាងជម្លោះដីធ្លី និងជំរុញឱ្យការគ្រប់គ្រងដីធ្លីប្រព្រឹត្តទៅដោយមានតម្លាភាព និងប្រសិទ្ធភាព ពិសេសការដាក់ពាក្យស្នើសុំកែតម្រូវចំណុចខុសឆ្គងចំពោះឯកសារនៃការវិនិច្ឆ័យនាពេលនេះ។ ការចុះបញ្ជីដីធ្លីនេះ ត្រូវចុះបញ្ជីទាំងដីឯកជន ទាំងដីរដ្ឋ ដោយអនុវត្តតាមនីតិវិធី និងបច្ចេកវិទ្យាទំនើប មានតម្លាភាព និងការទទួលខុសត្រូវ ដូចបណ្ដាប្រទេសជឿនលឿនលើពិភពលោកកំពុងអនុវត្ត ដែលជាប្រការសមស្របបំផុតកំណត់នៅក្នុងគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្រ ទំនាស់ដីធ្លីនៅក្នុងសង្គម និងការអភិវឌ្ឍប្រទេសជាតិ។

លោកអភិបាលស្រុកបញ្ជាក់ថា ប្រសិនបើប្រជាពលរដ្ឋមានចម្ងល់ ឬមន្ទិលណាមួយលើបញ្ហានេះ មន្ត្រីជំនាញដែលនៅប្រចាំការ នឹងរង់ចាំធ្វើការដោះស្រាយ ពន្យល់បកស្រាយរាល់មន្ទិលសង្ស័យ ក៏ដូចជាទទួលពាក្យបណ្ដឹងតវ៉ា ដើម្បីធ្វើការសម្រុះសម្រួលតាមការព្រមព្រៀង ដោយគណៈកម្មការរដ្ឋបាល៕SRP អត្ថបទ៖ លោក អោត រត់កែសម្រួល៖ លោក អ៊ុន ណារាជ្យ