ព្រឹត្ដិការណ៍រត់កម្សាន្ដជាមួយកងរាជអាវុធហត្ថខេត្ដសៀមរាប មានអ្នកចូលរួមប្រមាណជិត ៦ពាន់នាក់
ព្រឹត្ដិការណ៍រត់កម្សាន្ដជាមួយកងរាជអាវុធហត្ថខេត្ដសៀមរាប នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ ក្មុងគោលបំំណង ថែទាំសុខភាព កាយសម្បទា រហ័សរហួន ព្រមទាំងគ្រប់គ្រងនូវកាយសម្បទាកងកម្លាំងឱ្យ រឹងមាំ និងមានប្រសិទ្ធភាពខ្ពស់ ក្នុងការងារប្រតិបត្តិការ លើកការបង្កាបង្ក្រាបនូវរាល់បទល្មើស និង អន្តរាគមន៍សង្គ្រោះ ដែលព្រឹត្ដិការណ៍នេះមានអ្នកចូលរួមរត់ចំនួន ៥ពាន់៥៩២នាក់ ក្នុងនោះចម្ងាយ ៥,៥គីឡូម៉ែត្រ។
ក្នុងព្រឹត្ដិការណ៍នេះ លោក យុន លីនណេ អភិបាលរងខេត្ដ មានប្រសាសន៍ថា វិស័យកីឡានាពេលបច្ចុប្បន្ននៅកម្ពុជា បានកំពុងមានការរីកចម្រើនទាំងបច្ចេកទេស ធនធានមនុស្សនៅតាមមូលដ្ឋានក្រុង ស្រុកទៀតផង ហើយការរៀបចំព្រឹត្ដិការណ៍រត់កម្សាន្ដ របស់កងរាជអាវុធហត្ថនាពេលនេះ គឺក្នុងគោលបំណង សុខភាព និង ផ្សាភ្ជាប់ជាមួយមហាជន ព្រមទាំងបំផុសដល់កងកម្លាំងនិងគ្រប់ស្រទាបមហាជន សំខាន់យុវជន ចូលរួមហាត់ប្រាណ ដើមី្បសុខភាពធ្វើឲ្យកាយសម្បទា រឹងមាំ និង ធ្វើឲ្យយុវជនយើងចាកចេញឆ្ងាយពីគ្រឿងញៀនទៀតផង និងជាផ្នែកមួយក្នុងការលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្ដផងដែរ។
លោកឧត្ដមសេនីយ៍ត្រី សៀ ទីន បានលើកឡើងថា ការហាត់ប្រាណ និង លេងកីឡា បានធ្វើឲ្យកាយសម្បទាយើងមានភាពរឹងមាំ និង ប្រាជ្ញាវៃឆ្លាត ព្រមទាំងបង្កើននូវចំណងមិត្តភាព សាមគ្គីភាពល្អ ហើយក៏ជាការហ្វឹកហាត់ កងកម្លាំងយើង គ្រប់គ្រងនូវកាយសម្បទាកងកម្លាំងឲ្យរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់ ក្នុងប្រតិបត្តិការ លើកការបង្កា បង្ក្រាបនូវរាល់បទល្មើស និង សង្គ្រោះ ។
លោកឧត្ដមសេនីយ៍ត្រី សៀ ទីន បញ្ជាក់ថា កងរាជអាវុធហត្ថខេត្ដសៀមរាបតែងតែរៀបចំព្រឹត្ដិការណ៍រត់កម្សាន្ដជាប្រចាំដោយរៀងរាល់ថ្ងៃអង្គារពេលល្ងាច ក្នុងនោះមហាជនក៏អាចចូលរួមរត់បានផងដែរ ដើម្បីធ្វើឱ្យសុខភាពរាងកាយយើងកាន់តែរឹងមាំ និងប្រសើរឡើង។ ជាមួយគ្នានេះ លោកឧត្ដមសេនីយ៍ត្រីបានថ្លែងអំណរគុណដល់ដល់សប្បុរសជន ដែលបានឧបត្ថម្ភ គាំទ្រកម្មវិធីរត់កម្សាន្តជាមួយកងរាជអាវុធហត្ថខេត្ត នៅលើទឹកដីទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រធម្មជាតិនេះ ៕SRP
អត្ថបទបទ ៖ លោក អោត រត់
កែសម្រួល ៖ លោក អ៊ុន ណារាជ្យ