ឯកឧត្តម សុខ លូ បង្ហាញការប្តេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការរវាងខេត្តបាត់ដំបង

ឯកឧត្តម សុខ លូ បង្ហាញការប្តេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការរវាងខេត្តបាត់ដំបង
0

ឯកឧត្តម សុខ លូ បង្ហាញការប្តេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការរវាងខេត្តបាត់ដំបង និងទីក្រុងគួយយ៉ាង លើវិស័យវប្បធម៌ ពាណិជ្ជកម្ម បច្ចេកវិទ្យា និងការអភិវឌ្ឍធនធានមនុស្ស ឱ្យកាន់តែប្រសើរ និងមាននិរន្តរភាព

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានបង្ហាញការប្តេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការរវាងខេត្តបាត់ដំបង និងទីក្រុងគួយយ៉ាង លើវិស័យវប្បធម៌ ពាណិជ្ជកម្ម បច្ចេកវិទ្យា និងការអភិវឌ្ឍធនធានមនុស្ស ឱ្យកាន់តែប្រសើរ និងមាននិរន្តរភាព។

ឯកឧត្តម សុខ លូ បង្ហាញការប្ដេជ្ញាចិត្តបែបនេះក្នុងឳកាសបានអញ្ជើញផ្តល់បទសម្ភាសន៍ជាមួយទូរទស្សន៍ជាតិចិន និងអ្នកសារព័ត៌មានចិន ក្នុងកម្មវិធី BIG DATA EXPO 2026 ដោយបានលើកឡើងពីសក្តានុពលវិស័យកសិកម្មរបស់ខេត្តបាត់ដំបង និងស្នើវិនិយោគិនចិនមកសិក្សា និងវិនិយោគលើការកែច្នៃកសិផល ដោយនាំយកបច្ចេកវិទ្យាទំនើបមកអភិវឌ្ឍនៅកម្ពុជា។

ឯកឧត្តមក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃវិស័យបច្ចេកវិទ្យាក្នុងការគ្រប់គ្រងរដ្ឋបាលនាថ្ងៃអនាគត និងការអភិវឌ្ឍគ្រប់វិស័យដែលផ្អែកទៅលើទិន្នន័យ ដែលបច្ចេកវិទ្យានិងធនធានមនុស្សនេះក៏ជាវិស័យអទិភាពក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលបានបង្ហាញការកោតសរសើរយ៉ាងខ្លាំង ចំពោះខេត្តគួយចូវដែលមានសេដ្ឋកិច្ចឌីជីថលយ៉ាងធំ និងមានសក្តានុពលខ្លាំង ហើយទំនាក់ទំនងការបរទេសរវាងខេត្តបាត់ដំបងនិងទីក្រុងគួយយ៉ាង នៃខេត្តគួយចូវនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយវប្បធម៌ ផ្លាស់ប្តូរទំនិញ និងបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងខេត្តបាត់ដំបង លើវិស័យបច្ចេកវិទ្យានេះបានកាន់តែច្រើន៕SRP