អាជ្ញាធរខេត្តសៀមរាប ណែនាំដល់មន្ត្រីមូលដ្ឋានពង្រឹង ទប់ស្កាត់ការកាយលុប និងរំលោភបំពានលើត្រពាំងបុរាណ អាងស្តុកទឹកធម្មជាតិ..

អាជ្ញាធរខេត្តសៀមរាប ណែនាំដល់មន្ត្រីមូលដ្ឋានពង្រឹង ទប់ស្កាត់ការកាយលុប និងរំលោភបំពានលើត្រពាំងបុរាណ អាងស្តុកទឹកធម្មជាតិ..
0

អាជ្ញាធរខេត្តសៀមរាប ណែនាំដល់មន្ត្រីមូលដ្ឋានពង្រឹង ទប់ស្កាត់ការកាយលុប និងរំលោភបំពានលើត្រពាំងបុរាណ អាងស្តុកទឹកធម្មជាតិ..

ខេត្តសៀមរាប៖លោក អ៉ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ណែនាំបន្ថែមទៀតដល់អាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវពង្រឹងវិធានការទប់ស្កាត់ការកាយលុប និងរំលោភបំពានលើត្រពាំងបុរាណ និងអាងស្តុកទឹកធម្មជាតិ ត្រពាំងបុរាណ អាងស្តុកទឹក និងប្រភពទឹកធម្មជាតិ គឺជាសម្បត្តិបេតិកភណ្ឌ បរិស្ថាន និងជាប្រភពទឹកដ៏សំខាន់សម្រាប់ការបង្កបង្កើនផល ក៏ដូចជាការទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ដើម្បីថែរក្សា ការពារ និងអភិរក្សប្រភពទឹកសាធារណៈទាំងនេះឱ្យបានគង់វង្ស សូមអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់អនុវត្តនូវវិធានការម៉ឺងម៉ាត់គឺត្រូវ ចាត់កម្លាំងចុះត្រួតពិនិត្យជាប្រចាំ ហាមឃាត់ដាច់ខាតរាល់សកម្មភាពកាយ លុប ឬឈូសឆាយដីត្រពាំងបុរាណ និងអាងស្តុកទឹក។ ក្នុងករណីប្រទះឃើញមានការលួចកាយ ឬលុប ត្រូវផ្អាកសកម្មភាពនោះភ្លាមៗ និងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន ដោយមិនមានការលើកលែងឡើយ។

លោក អ៉ឹង គឹមលាង ក៏បានមានប្រសាសន៍ជំរុញឲ្យអាជ្ញាធរក្រុងស្រុកអំពាវនាវដល់ប្រជាពលរដ្ឋនិងសហគមន៍កសិករប្រើប្រាស់ទឹកឱ្យផ្អាកការបង្ហូរទឹកចោលនិងបង្កើនការទប់ទឹកទុកក្នុងអាងឬប្រភពទឹកនានាឱ្យបានអតិបរិមា ជាពិសេសនៅពេលចុងរដូវវស្សា ដើម្បីត្រៀមទុកប្រើប្រាស់សម្រាប់រដូវប្រាំង និងការពារការខ្វះខាតទឹកនៅពេលចុងរដូវវស្សាដើម្បីត្រៀមទុកប្រើប្រាស់សម្រាប់រដូវប្រាំង និងការពារការខ្វះខាតទឹក ហើយការប្រមូលនិងរក្សាទុកទឹកនៅចុងរដូវវស្សាជួយធានាថាមានទឹកគ្រប់គ្រាន់សម្រាប់ស្រោចស្រពដំណាំ និងប្រើប្រាស់ប្រចាំថ្ងៃ ជួយកាត់បន្ថយបញ្ហាខ្វះខាតទឹកនៅពេលរដូវប្រាំងឈានមកដល់។

លោកអភិបាលរងខេត្តបានបន្តថា កង្វះខាតទឹកសម្រាប់ស្រោចស្រព គឺជាបញ្ហាប្រឈមធំបំផុត ចំពោះការដាំដុះ និងងាយប្រឈមនឹងការខូចខាតទិន្នផល ប្រសិនបើគ្មានការរៀបចំប្រព័ន្ធធារាសាស្ត្រ ទំនប់ ឬប្រឡាយទឹកឱ្យបានគ្រប់គ្រាន់ទេនោះ។ ចំណែកការស្រកចុះនៃធនធានទឹកដូចជា បឹងទន្លេសាប និងអាងស្តុកទឹកនានាស្រកចុះទាប ដែលរំខានដល់ជម្រកត្រីពងកូន និងជីវភាពសហគមន៍ដែលពឹងផ្អែកលើធនធានទាំងនេះផងដែរ។

អភិបាលរកខេត្តសៀមរាបមានប្រសាសន៍ជំរុញនៅថ្ងៃនេះក្នុងឱកាស តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យពិភាក្សាអំពីការត្រៀមបម្រុងនិងការគ្រប់គ្រងទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនិងស្រោចស្រពវិស័យកសិកម្មដែលអាចជួបប្រទះនឹងបញ្ហាគ្រោះរាំងស្ងួតដោយសារឥទ្ធិពលអ៊ែល-នីញ៉ូ(El-Nino) នៅពេលខាងមុខ។

សូមបញ្ជាក់ផងដែរថាបាតុភូតធម្មជាតិ អ៊ែល-នីញ៉ូ(El-Nino) គឺជាបាតុភូតអាកាសធាតុធម្មជាតិមួយ ដែលកើតឡើងដោយសារការកើនឡើងកម្ដៅខុសប្រក្រតីនៃផ្ទៃទឹកសមុទ្រ នៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិកកណ្ដាល និងខាងកើត (តំបន់ក្បែរខ្សែអេក្វាទ័រ)។ បាតុភូតនេះច្រើនកើតឡើងរៀងរាល់ ២ ទៅ ៧ឆ្នាំម្ដង និងមានឥទ្ធិពលកែប្រែប្រព័ន្ធអាកាសធាតុជុំវិញពិភពលោកយ៉ាងខ្លាំង៕SRP