លោក ហួត សុធី ប្រាប់ក្រុមការងារត្រូវបន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធ ក្នុងការដោះស្រាយបញ្ហាប្រឈមនានារបស់ពលរដ្ឋ ឆ្លើយតបឱ្យបានទាន់ពេលវេលា
លោក ហួត សុធី សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ជ្រាវ បានណែនាំឱ្យក្រុមការងារ និងថ្នាក់ដឹកនាំមូលដ្ឋាន បន្តយកចិត្តទុកដាក់លើការងារកសាង និងពង្រឹងគណបក្ស ពង្រឹងសាមគ្គីភាពផ្ទៃក្នុង លើកកម្ពស់ប្រសិទ្ធភាពការងារ ព្រមទាំងបន្តចុះជួបសំណេះសំណាល សួរសុខទុក្ខ និងស្វែងយល់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ជាមួយគ្នានេះ ក្រុមការងារត្រូវបន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធ ក្នុងការដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះសំណូមពរ និងតម្រូវការរបស់មូលដ្ឋាន ព្រមទាំងជំរុញការអនុវត្តការងារឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
លោក ហួត សុធី មានប្រសាសន៍ជំរុញបែបនេះក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុប ត្រួតពិនិត្យជីវភាពបក្សប្រចាំខែ ដើម្បីវាយតម្លៃការងារកសាងបក្ស សភាពការណ៍ទូទៅ និងកំណត់ទិសដៅការងារអនុវត្តបន្ត នៅក្នុងមូលដ្ឋានសង្កាត់ជ្រាវ នៅថ្ងៃសៅរ៍នេះ។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងារដែលក្រុមការងារខេត្តចុះមូលដ្ឋានភូមិទាំង៧ សម្រេចបានកន្លងមក ព្រមទាំងពិនិត្យសភាពការណ៍ទូទៅ ជីវភាព និងសកម្មភាពរបស់សមាជិក សមាជិកាគណបក្ស ដើម្បីកំណត់បញ្ហាប្រឈម និងដាក់ចេញនូវវិធានការសមស្របសម្រាប់ការអនុវត្តការងារបន្ត៕SRP