អភិបាលខេត្តបាត់ដំបង រំលឹកអាជ្ញាធរក្រុង-ស្រុក ទប់ស្កាត់ការចាក់ឧបករណ៍រំពងសំឡេងរំខានឮខ្លាំងៗប៉ះពាល់ការរស់នៅរបស់ពលរដ្ឋនិងភ្ញៀវទេសចរ
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ ណែនាំមន្រ្តីរាជការ អាជ្ញាធរពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ ខិតខំអប់រំសិស្សានុសិស្ស ខិតខំថែរក្សាអនាម័យបរិស្ថានសាលារៀន ទីប្រជុំជននានាដើម្បីសុខភាព និងចូលរួមគោរពច្បាប់ចរាចរណ៍។
ឯកឧត្តមបន្តក្រើនរំលឹកអាជ្ញាធរក្រុង-ស្រុក ទប់ស្កាត់ការចាក់ឧបករណ៍រំពងសំឡេងរំខានឮខ្លាំងៗប៉ះពាល់ការរស់នៅរបស់ពលរដ្ឋ និងភ្ញៀវទេសចរ និងការគិតគូដោះស្រាយការរំដោះដីចំណីផ្លូវទុកអោយធំទូលាយសម្រាប់កូនចៅជំនាន់ក្រោយងាយស្រួលប្រើប្រាស់ ព្រមទាំងបន្តយុទ្ធនាការដាំដើមឈើតាមក្រុងស្រុកជាដើម។
ឯកឧត្តម សុខ លូ បានមានប្រសាសន៍ណែនាំដល់មន្រ្ដីរាជការ ក្រុង-ស្រុក មន្ទីរ អង្គភាព លោកនាយក នាយិកា លោកគ្រូ អ្នកគ្រូទើបប្រកាសតែងតាំងថ្មីត្រូវតែបន្តខិតខំពង្រឹងសាមគ្គីភាពផ្ទៃក្នុង ពង្រឹងតួនាទីភារកិច្ចក្នុងការបំពេញការងាររៀងៗខ្លួនឱ្យបានល្អ ចេះគោរពគ្នាទៅវិញទៅមក និងជួយជ្រោមជ្រែងគ្នា ដើម្បីមានសកម្មភាពប្រសើរក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។
ឯកឧត្តមមានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការចំណុះរចនាសម្ព័ន្ធមន្ទីរជំនាញជុំវិញខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦៕SRP