មន្ទីរព័ត៌មានខេត្តសៀមរាប ជំរុញអ្នកសារព័ត៌មានត្រូវគោរពក្រមសីលធម៌ ចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងផ្សព្វផ្សាយពីសមិទ្ធផល

មន្ទីរព័ត៌មានខេត្តសៀមរាប ជំរុញអ្នកសារព័ត៌មានត្រូវគោរពក្រមសីលធម៌ ចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងផ្សព្វផ្សាយពីសមិទ្ធផល
0

មន្ទីរព័ត៌មានខេត្តសៀមរាប ជំរុញអ្នកសារព័ត៌មានត្រូវគោរពក្រមសីលធម៌ ចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងផ្សព្វផ្សាយពីសមិទ្ធផល

លោក បុង ឆវ័ន ប្រធានការិយាល័យព័ត៌មាន និងសោតទស្សន៍ នៃមន្ទីរព័ត៌មានខេត្តសៀមរាប បានណែនាំ និងជំរុញដល់អ្នកសារព័ត៌មានអនុវត្តការងារដោយគោរពក្រមសីលធម៌ ចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងផ្សព្វផ្សាយពីសមិទ្ធផលក្នុងខេត្តឱ្យបានកាន់តែទូលំទូលាយ។

លោក បុង ឆវ័ន មានប្រសាសន៍ជំរុញបែបនេះ
ក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនអ្នកសារព័ត៌មានក្នុងខេត្ត ដើម្បីជំរុញ និងផ្សព្វផ្សាយពីគោលការណ៍ និងច្បាប់នានាពាក់ព័ន្ធនឹងវិស័យព័ត៌មាន ក្នុងន័យធ្វើការយ៉ាងណាពង្រឹងវិជ្ជាជីវៈសារព័ត៌មានឱ្យបានត្រឹមត្រូវ និងល្អប្រសើរ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦។

នៅមន្ទីរព័ត៌មានខេត្តសៀមរាប លោក បុង ឆវ័ន មានប្រសាសន៍ថា បច្ចុប្បន្នវិស័យព័ត៌មានបាននឹងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មហាជននៅគ្រប់វ័យ។ ដូចនេះក្នុងនាមយើងជាអ្នកសារព័ត៌មានដែលប្រកបដោយវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ត្រូវបន្តចូលរួមទប់ស្កាត់នូវព័ត៌មានក្លែងក្លាយ និងមុននឹងធ្វើការចេញផ្សាយនូវព័ត៌មានអ្វីមួយត្រូវថ្លឹងថ្លែងឱ្យបានច្បាស់លាស់ និងមានតុល្យភាព ដែលយើងជាអ្នកសារព័ត៌មាន ខុសពីសារព័ត៌មានប្រជាពលរដ្ឋ។

លោកប្រធានការិយាល័យ បានបន្តថា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងនាមយើងជាអ្នកសារព័ត៌មាន យើងត្រូវរួមគ្នាបន្តផ្សព្វផ្សាយនូវសមិទ្ធផលនានានៅក្នុងខេត្ត ដូចជាការពង្រីកនូវវិស័យហេដ្ឋារចនាសម្ព័ន្ធ និងសក្ដានុពលវិស័យទេសចរនៅក្នុងខេត្ត ដែលសមិទ្ធផលទាំងអស់នេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រដ្ឋបាលខេត្ត។

ជាមួយគ្នានេះ លោកក៏បានជំរុញដល់បងប្អូនអ្នកសារព័ត៌មានទាំងអស់ នៅពេលដែលយើងចុះយកព័ត៌មាននៅកន្លែងណាក៏ដោយ យើងត្រូវគោរពនូវក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មានឱ្យបានត្រឹមត្រូវ ដោយក្នុងនោះយើងត្រូវបង្ហាញកាតសម្គាល់ខ្លួនដែលចេញដោយក្រសួង និងប្រាប់ពីស្ថាប័ន អង្គភាពរបស់ខ្លួន។ លោកបានសំណូមពរដល់បងប្អូនអ្នកសារព័ត៌មានដែលបានអាជ្ញាបណ្ណផុតកំណត់ សូមមកបន្តអាជ្ញាបណ្ណឱ្យបានទាន់ពេលវេលា៕SRP
អត្ថបទ៖ លោក អោត រត់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ