ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ប្រាប់មន្ត្រីពាក់ព័ន្ធ ត្រូវរៀបចំផែនការស្តារអាងស្តុកទឹកដែលរីងស្ងួតឡើងវិញ នៅតាមបណ្តាក្រុង-ស្រុក ដើម្បីផ្គត់ផ្គង់ការដាំដុះរបស់កសិករ
ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានថ្លែងជំរុញដល់មន្ត្រីអង្គភាពពាក់ព័ន្ធទាំងអស់ត្រូវរៀបចំផែនការស្តារអាងស្តុកទឹកដែលរីងស្ងួតឡើងវិញ នៅតាមបណ្តាក្រុង-ស្រុក ដើម្បីផ្គត់ផ្គង់ការដាំដុះរបស់កសិករ។ ជាពិសេសគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ត្រូវអនុវត្តវិធានការម៉ឺងម៉ាត់ ក្នុងការលុបបំបាត់ក្រុមក្មេងទំនើង បញ្ហាគ្រឿងញៀន និងបារីអេឡិចត្រូនិក ឱ្យបានដាច់ខាត ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។
ឯកឧត្តមប្រធានក្រុមប្រឹក្សា ក៏បានជំរុញឱ្យក្រុមការងារចុះមូលដ្ឋាន បន្តជួបសំណេះសំណាល និងដោះស្រាយទុក្ខកង្វល់របស់ពលរដ្ឋ ឱ្យបានទាន់ពេលវេលាផងដែរ។
ឯកឧត្តម លី សំរិទ្ធ ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០២៦ កន្លងមក របស់រដ្ឋបាលខេត្តសៀមរាប។
ឯកឧត្តមបានជំរុញឱ្យនិងមន្ទីរអង្គភាព និងស្ថាប័នពាក់ព័ន្ធ ប្រតិបត្តិករទេសចរណ៍ អាជីវករ និងមគ្គុទ្ទេសក៍ ត្រូវរួមគ្នារក្សារូបភាពវិជ្ជមាន កុំកេងបន្លំភ្ញៀវ និងចូលរួមអភិរក្សអភិវឌ្ឍន៍ ដើម្បីទប់ទល់នឹងវិបត្តិថយចុះនៃទេសចរ ដែលបណ្តាលមកពីវិបត្តិសេដ្ឋកិច្ចសកល ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបញ្ហាសុខាភិបាល។
ប្រធានក្រុមប្រឹក្សាខេត្តសៀមរាបថ្លែងជំរុញបែបនេះក្នុងបានបើកកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ខ្លួន ដើម្បីពិភាក្សា និងផ្តោតលើរបៀបវារៈសំខាន់ៗរួមមាន៖ ការរៀបចំអនាម័យ សោភ័ណភាពក្រុង ការលុបបំបាត់ការសុំទានតាមតំបន់រមណីយដ្ឋាន និងការដោះស្រាយបណ្តឹងតវ៉ារបស់ពលរដ្ឋអំពីផលប៉ះពាល់សុខភាពពីកាកសំណល់ចិញ្ចឹមសត្វ, ការរៀបចំសណ្តាប់ធ្នាប់តាមទីប្រជុំជន បញ្ហាចរាចរណ៍ និងការទប់ស្កាត់ការរំលោភយកចិញ្ចើមផ្លូវ ឬផ្លូវថ្មើរជើងធ្វើជាទីតាំងលក់ដូរ និងការស្នើសុំស្តារអាងទឹក និងប្រព័ន្ធស្រោចស្រព ដើម្បីធានាប្រភពទឹកសម្រាប់បង្កបង្កើនផល នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះ។
នៅក្នុងកិច្ចប្រជុំនេះលោក អ៊ឹង គឹមលាង អភិបាលរងខេត្ត តំណាងឯកឧត្តមប្រាក់ សោភ័ណអភិបាលខេត្តសៀមរាប បានលើកឡើងថា រាល់មតិ និងធាតុចូលពីសមាជិកក្រុមប្រឹក្សាខេត្ត គឺជាសូចនាករដ៏សំខាន់ សម្រាប់ដាក់បញ្ចូលទៅក្នុងផែនការវិនិយោគរបស់ខេត្ត។
អភិបាលរងខេត្តសៀមរាបរូបនេះបានជំរុញឱ្យអាជ្ញាធរក្រុង-ស្រុក និងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ រួមគ្នាយកចិត្តទុកដាក់លើការងារអនាម័យ បរិស្ថាន និងអនុវត្តវិធានការនានាឱ្យមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់សោភ័ណភាពខេត្ត ឱ្យកាន់តែទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕SRP