អភិបាលខេត្តបាត់ដំបងលើកទឹកចិត្តដល់មន្រ្តីរាជការ និងប្រជាពលរដ្ឋឱ្យបង្កើនការដាំដើមឈើនៅតាមទីប្រជុំជន ដងផ្លូវ និងតាមផ្ទះដើម្បីបង្កើតភាពបៃតងស្ដារបរិស្ថានកាត់បន្ថយការកើនឡើងកម្ដៅ

អភិបាលខេត្តបាត់ដំបងលើកទឹកចិត្តដល់មន្រ្តីរាជការ និងប្រជាពលរដ្ឋឱ្យបង្កើនការដាំដើមឈើនៅតាមទីប្រជុំជន ដងផ្លូវ និងតាមផ្ទះដើម្បីបង្កើតភាពបៃតងស្ដារបរិស្ថានកាត់បន្ថយការកើនឡើងកម្ដៅ
0

អភិបាលខេត្តបាត់ដំបងលើកទឹកចិត្តដល់មន្រ្តីរាជការ និងប្រជាពលរដ្ឋឱ្យបង្កើនការដាំដើមឈើនៅតាមទីប្រជុំជន ដងផ្លូវ និងតាមផ្ទះដើម្បីបង្កើតភាពបៃតងស្ដារបរិស្ថានកាត់បន្ថយការកើនឡើងកម្ដៅ

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានលើកទឹកចិត្តដល់មន្រ្តីរាជការ និងប្រជាពលរដ្ឋឱ្យបង្កើនការដាំដើមឈើនៅតាមទីប្រជុំជន ដងផ្លូវ និងតាមផ្ទះដើម្បីបង្កើតភាពបៃតងស្ដារបរិស្ថានកាត់បន្ថយការកើនឡើងកម្ដៅ។

ឯកឧត្តម សុខ លូ មានប្រសាសន៍លើកទឹកចិត្តបែបនេះ ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុក្នុងភូមិអង្គ្រង និងភូមិដូនទ្រី ឃុំជ្រៃ ស្រុកមោងឫស្សី ចំនួន២៦៦១ បណ្ណ ជូនប្រជាពលរដ្ឋ ១០០៦គ្រួសារ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធិសូមថែរក្សាបណ្ណឱ្យបានល្អ និងមិនត្រូវលក់ដីនោះទេគួររក្សាទុកចែកតកូនតចៅ។

ឯកឧត្តម បញ្ជាក់បន្ថែមថា សម្រាប់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដែលចេញដោយក្រសួងផែនការត្រូវបានលើកលែងចំពោះសេវាធ្វើបណ្ណកម្មសិទ្ធិដីធ្លី ចំណែកគ្រួសារទូទៅត្រូវបង់សេវា១ម៉ែត្រការ៉េ៤រៀលសម្រាប់ដីកសិកម្ម និង១ម៉ែត្រការ៉េ៣០រៀលសម្រាប់ដីសាងសង់។

ឯកឧត្តម អំពាវនាវដល់ប្រជាពលរដ្ឋឱ្យប្រើប្រាស់ទឹកដោយសន្សំសំចៃខ្ពស់ដោយសារ ឆ្នាំនេះមានកើតឡើងនូវបាតុភូតអែលនីញ៉ូបណ្តាលឱ្យអាកាសធាតុក្តៅខ្លាំង និងខ្សត់ទឹកភ្លៀងស្ទើរតែទូទាំងប្រទេសហើយសម្រាប់ខេត្តបាត់ដំបងក៏បានជួបនូវបញ្ហាខ្វះទឹក និងខ្សត់ទឹកភ្លៀងផងដែរ។

ឯកឧត្តម សូមការយោគយល់ពីប្រជាកសិករជួបប្រទះបញ្ហាខ្វះទឹកស្រោចស្រពដំណាំស្រូវព្រោះការបើកផ្ដល់ទឹកមានកម្រិតដោយត្រូវរក្សាទុកទឹកមួយផ្នែកសម្រាប់ត្រៀមបង្ការការខ្វះទឹកនៅពេលខាងមុខ។

ប្រជាពលរដ្ឋ បង្ហាញអារម្មណ៍សប្បាយរីករាយ និងថ្លែងអំណរគុណដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានផ្ដល់បណ្ណកម្មសិទ្ធិដីធ្លីដ៏មានតម្លៃសម្រាប់ប្រើប្រាស់ជាប្រយោជន៍ និងចែកតកូនតចៅ៕SRP