អាជ្ញាធរខេត្តសៀមរាប គាំទ្រយ៉ាងពេញទំហឹងចំពោះ គម្រោងរៀបចំផែនការមេផ្គត់ផ្គង់ទឹកស្អាតខេត្តសៀមរាប
នៅក្នុងកិច្ចប្រជុំលើកទី១ នៃគណ:កម្មការសម្របសម្រួលរួម សម្រាប់គម្រោងរៀបចំផែនការមេផ្គត់ផ្គង់ទឹកស្អាតខេត្តសៀមរាប នារសៀលថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២៦ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត ខេត្តសៀមរាប បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះ គម្រោងរៀបចំផែនការមេផ្គត់ផ្គង់ទឹកស្អាតខេត្តសៀមរាប និងសូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) រដ្ឋាករទឹកស្វយ័តសៀមរាប និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានរួមសហការយ៉ាងសកម្មក្នុងការជំរុញគម្រោងដ៏មានសារៈសំខាន់នេះ។
ខេត្តសៀមរាបជាខេត្តដែលមានសក្តានុពលខ្ពស់លើវិស័យទេសចរណ៍ វប្បធម៌ និងសេដ្ឋកិច្ច ហើយកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័សទាំងផ្នែកនគរូបនីយកម្ម កំណើនប្រជាជន និងការវិនិយោគ។ ក្នុងបរិបទនេះ ការរៀបចំផែនការមេផ្គត់ផ្គង់ទឹកស្អាតដែលមានចក្ខុវិស័យរយៈពេលវែងរហូតដល់ឆ្នាំ២០៥០ ពិតជាមានសារៈសំខាន់ ដើម្បីធានាការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាព និងអាចឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍របស់ខេត្តនាពេលអនាគត។
រដ្ឋបាលខេត្តសៀមរាប សូមគាំទ្រឱ្យផែនការមេនេះត្រូវបានរៀបចំឡើងដោយផ្អែកលើទិន្នន័យជាក់ស្តែង និងស្របតាមទិសដៅអភិវឌ្ឍន៍របស់ខេត្ត ដោយគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយលើការប្រើប្រាស់ហេដ្ឋាចនាសម្ព័ន្ធ ដែលមានស្រាប់ឱ្យមានប្រសិទ្ធភាពការព្យាករណ៍ តម្រូវការប្រើប្រាស់ទឹក ការកំណត់ប្រភពទឹកប្រកបដោយចីរភាព និងការសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីធានាបាននូវការគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។
ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏សូមគាំទ្រចំពោះការរៀបចំផែនការអភិវឌ្ឍធនធានមនុស្ស ការពង្រឹងសមត្ថភាពរបស់រដ្ឋាករទឹកស្វយ័តសៀមរាប ការជំរុញការផ្លាស់ប្តូរឌីជីថល (Digital Transformation) ក្នុងការគ្រប់គ្រងប្រព័ន្ធទឹកស្អាត និងការរៀបចំផែនការហិរញ្ញវត្ថុរយៈពេលមធ្យម និងរយៈពេលវែង ដើម្បីពង្រឹងស្វ័យភាពហិរញ្ញវត្ថុ និងធានានិរន្តរភាពនៃការផ្តល់សេវាទឹកស្អាតជូនប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ ផែនការមេគួរយកចិត្តទុកដាក់លើការការពារប្រភពទឹក ការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ ការអភិរក្សប្រព័ន្ធអេកូឡូស៊ី ជាពិសេសតំបន់បឹងទន្លេសាប និងការកាត់បន្ថយផលប៉ះពាល់ដែលអាចកើតមានពីការប្រើប្រាស់ទឹកក្រោមដី ដើម្បីរក្សាតុល្យភាពរវាងការអភិវឌ្ឍសេដ្ឋកិច្ច ការអភិរក្សបេតិកភណ្ឌ និងការការពារបរិស្ថាន។
ក្នុងន័យនេះ រដ្ឋបាលខេត្តសៀមរាប បន្តសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាករទឹកស្វយ័តសៀមរាប ក្រសួងពាក់ព័ន្ធ JICA និងដៃគូអភិវឌ្ឍន៍ទាំងអស់ ក្នុងការសម្របសម្រួល ផ្តល់ព័ត៌មាន និងគាំទ្រដល់ការអនុវត្តគម្រោង ដើម្បីឱ្យការរៀបចំផែនការមេនេះទទួលបានជោគជ័យ និងក្លាយជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការអភិវឌ្ឍវិស័យទឹកស្អាតនៅខេត្តសៀមរាបនាពេលអនាគត។
កិច្ចប្រជុំនេះនៅសាលប្រជុំរដ្ឋាករទឹកស្វយ័តខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ឃុត វុត្យារិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មការសម្របសម្រួល JCC លោក Sanui Kazumasa ប្រធានតំណាងការិយាល័យ JICA ប្រចាំកម្ពុជា ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកា គណៈកម្មការសម្របសម្រួល JCC តំណាងមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរជាតិអប្សរា ក្រុមបេសកកម្ម JICA តំណាងដៃគូអភិវឌ្ឍន៍ ព្រមទាំងមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត និងនិយោជិតរដ្ឋាករទឹកស្វយ័តខេត្តសៀមរាបផងដែរ៕SRP