គ្រោងសាងសង់រង្វង់មូលភ្នំក្រោម និងរូបសំណាកតំណាងមិត្តភាព «សៀមរាប-ស៊ូវ៉ុន» ដើម្បីរំលឹកពីចំណងមិត្តភាពកម្ពុជា-កូរ៉េ
ខេត្តសៀមរាប៖លោក លី សារី អភិបាលរងខេត្ត តំណាង៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំពិភាក្សាការងារពាក់ព័ន្ធនឹងគម្រោងសាងសង់រង្វង់មូលភ្នំក្រោម និងរូបតំណាងមិត្តភាពរវាងខេត្តសៀមរាប ប្រទេសកម្ពុជា និងទីក្រុងស៊ូវ៉ុន ប្រទេសកូរ៉េ ក្នុងន័យដើម្បីពង្រឹងចំណងមិត្តភាព និងដោះស្រាយបញ្ហាចរាចរណ៍នៅតំបន់នោះ។
លោក សុខ ប៊ុនរិទ្ធ តំណាងក្រុមហ៊ុនសាងសង បានបង្ហាញថា គំរូប្លង់សាងសង់រង្វង់មូលថ្មីនេះមានអង្កត់ផ្ចិតធំ ១១ម៉ែត្រ និងអង្កត់ផ្ចិតគន្លាក់កណ្ដាល ៧ម៉ែត្រ ដោយមានដាក់រូបសំណាក់នាគព័ន្ធនៅកណ្ដាល ស្របតាមរចនាបថខ្មែរ ដោយរចនារូបសំណាក់នាគព័ន្ធបាញ់ទឹក ហើយបន្ថែមចម្លាក់ និងសិល្បៈលើផ្ទៃរង្វង់មូល ដើម្បីបង្ហាញអំពីអត្ថន័យនៃសំណង់ និងទីសក្ការៈ ដោយរៀបចំឱ្យមានភាពទាក់ទាញងាយស្រួល ដល់សាធារណជនចូលទស្សនានិងថតរូប។ ក្នុងនោះក៏មានរំលេចអត្តសញ្ញាណរបស់ភាគីកូរ៉េ នៅតាមគែមរង្វង់មូល ដើម្បីឱ្យសាកសមជារូបតំណាងខេត្តក្រុងសម្ព័ន្ធមេត្រីភាព។
ក្នុងឱកាសនោះ លោក លី សារី អភិបាលរងខេត្តមានប្រសាសន៍ថា គម្រោងនេះក្រៅពីការរឹតចំណងមិត្តភាព វានឹងជួយដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅត្រង់ចំណុចផ្លូវប្រសព្វភ្នំក្រោម ដែលកន្លងមកមិនមានរង្វង់មូលតាមស្ដង់ដា ដែលបង្កការលំបាកដល់ការធ្វើដំណើរ និងការប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋ។ ក្នុងន័យនេះ សូមឱ្យមន្ទីរអង្គភាព អាជ្ញាធរមូលដ្ឋាន សហការគ្នា ចុះវាស់វែង និងសិក្សាពីលំហូរចរាចរណ៍ បញ្ហាបរិស្ថានជុំវិញទីតាំងនានា ដែលរងផលប៉ពាល់តំបន់ជុំវិញក្នុងគម្រោងការសាងសង់នេះ ឱ្យបានច្បាស់លាស់ ដើម្បីធានាថាការសាងសង់នឹងប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលល្អប្រសើរ។
សូមបញ្ជាក់ថាកិច្ចសហប្រតិបត្តិការរបស់ភាគីសាធារណរដ្ឋកូរ៉េ បានចូលរួមអភិវឌ្ឍភូមិភ្នំក្រោម មានរយៈពេលជិត២០ឆ្នាំ គិតមកទល់ពេលបច្ចុប្បន្ននេះ ដោយកិច្ចសហប្រតិបត្តិការរបស់ខេត្តក្រុងទាំងពីរ ឈានចូលដំណាក់កាលទី៥ ដែលផ្ដោតលើវិស័យអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និងគម្រោងសាងសង់រង្វង់មូលភ្នំក្រោម-ស៊ូវ៉ុននេះ៕SRP