ខេត្តសៀមរាបជំរុញកិច្ចសហការជាមួយវិស័យឯកជន ដើម្បីស្ដារនិងជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋានខេត្តឱ្យកាន់តែរឹងមាំ
ខេត្តសៀមរាប៖រដ្ឋបាលខេត្តសៀមរាបបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រថ្មីមួយ ដោយផ្តោតសំខាន់លើការរៀបចំយន្តការសហការនឹងវិស័យឯកជន ដើម្បីជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋានឱ្យមានភាពធន់ និងរឹងមាំ ក្នុងបរិបទដែលសេដ្ឋកិច្ចសកលកំពុងជួបប្រទះបញ្ហាប្រឈមជាច្រើន ហើយវិស័យឯកជនត្រូវបានចាត់ទុកជា «ឆ្អឹងខ្នង» នៃសេដ្ឋកិច្ចខេត្ត និងអំពាវនាវឱ្យមានការពង្រីក សមាជិកសភាពាណិជ្ជកម្មឱ្យបានគ្រប់វិស័យ ដើម្បីជាកម្លាំងចលករក្នុងការផ្តល់យោបល់ និងដោះស្រាយបញ្ហាប្រឈមនានាជាមួយរដ្ឋបាលខេត្តប្រកបដោយប្រសិទ្ធភាព។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយបើកការិយាល័យបោះឆ្នោតជ្រើសរើសប្រធាន និងសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តសៀមរាប អាណត្តិទី១ នៅថ្ងៃទី២ ខែកក្កដានេះ លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត បានបង្ហាញថា ឆ្លើយតបទៅនឹងក្ដីកង្វល់ទាំងអស់ លោកលើកទឹកចិត្តឱ្យអាជីវករមានការអត់ធ្មត់ ត្រៀមខ្លួនសម្របតាមស្ថានភាព ដើម្បីរង់ចាំសេដ្ឋកិច្ចវិលត្រឡប់មកល្អប្រសើរវិញ។ ត្រូវការបង្កើនផលិតភាព និងការប្រើប្រាស់ធនធានដែលមានស្រាប់ឱ្យអស់លទ្ធភាព ដើម្បីកាត់បន្ថយការខាតបង់ និងបង្កើនភាពម្ចាស់ការលើអាជីវកម្ម។ ជាពិសេសយើងត្រូវបន្តលើកកម្ពស់ស្មារតី «រួមគ្នាគិត រួមគ្នាធ្វើ» រវាងរដ្ឋបាលខេត្ត និងវិស័យឯកជន ដែលជាគន្លឹះដ៏សំខាន់ក្នុងការដោះស្រាយបញ្ហា។
លោកបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋបាលខេត្ត ក្នុងការរៀបចំផែនការសកម្មភាពជាក់លាក់ ដែលស្របតាមគោលនយោបាយជាតិ និងផែនការអភិវឌ្ឍន៍ខេត្ត។ លោករំពឹងថា ក្រោយការបោះឆ្នោតជ្រើសរើសតំណាងសភាពាណិជ្ជកម្មអាណត្តិថ្មីខាងមុខ សមាជិកដែលជាប់ឆ្នោតនឹងនាំយកនូវយុទ្ធសាស្ត្រថ្មីៗ ដើម្បីរួមចំណែកអភិវឌ្ឍខេត្តសៀមរាបឱ្យមានការរីកចម្រើនប្រកបដោយចីរភាព។ លោកក៏សូមថ្លែងអំណរគុណចំពោះគ្រប់ភាគីពាក់ព័ន្ធ ដែលបានខិតខំរៀបចំវេទិកាពិភាក្សានេះឡើង ដើម្បីស្វែងរកដំណោះស្រាយ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងឯកជនឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំ។
ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា ការរៀបចំយន្តការសភាពាណិជ្ជកម្មឱ្យបានគ្រប់ ២៥រាជធានីខេត្ត គឺជារឿងសំខាន់ដើម្បីសម្រួលដល់ការចុះបញ្ជី និងការដោះស្រាយបញ្ហាប្រឈមនានារបស់អាជីវករនៅមូលដ្ឋានដោយផ្ទាល់។ ការចុះបញ្ជីអាជីវកម្មមិនចាំបាច់ត្រូវតែទៅដល់រាជធានីភ្នំពេញនោះទេ។ អាជីវករដែលមានទុនវិនិយោគសមល្មម អាចទាក់ទងដោយផ្ទាល់ជាមួយអាជ្ញាធរខេត្ត និងមន្ទីរពាណិជ្ជកម្ម ដើម្បីធ្វើការចុះបញ្ជី និងដោះស្រាយបញ្ហាផ្សេងៗតាមយន្តការដែលរដ្ឋាភិបាលបានដាក់ចេញ។ ការធ្វើបែបនេះនឹងជួយសន្សំសំចៃពេលវេលា និងថវិកាបានយ៉ាងច្រើន។
ឯកឧត្តមក៏បានជំរុញឱ្យអាជីវករមានទំនាក់ទំនងជិតស្និទ្ធ ជាមួយប្រធានសភាពាណិជ្ជកម្មខេត្ត ដែលជាតំណាងផ្ទាល់នៅមូលដ្ឋាន ព្រោះតាមរយៈយន្តការនេះ អាជីវករនឹងអាចទទួលបានការជួយជ្រោមជ្រែងពីអាជ្ញាធរខេត្តបានលឿន និងមានប្រសិទ្ធភាពជាងការស្នើទៅថ្នាក់ជាតិដោយផ្ទាល់។ ឯកឧត្តមបានលើកទឹកចិត្តដល់អាជីវករមានការអត់ធ្មត់ និងចេះកែច្នៃការគ្រប់គ្រងអាជីវកម្មរបស់ខ្លួន ក្នុងបរិបទដែលពិភពលោកទាំងមូលកំពុងរងផលប៉ះពាល់ពីវិបត្តិសង្គ្រាម និងការឡើងថ្លៃទំនិញ។ ការពង្រឹងយន្តការសភាពាណិជ្ជកម្មថ្នាក់ក្រោមជាតិ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការជួយឱ្យវិស័យឯកជននៅតាមមូលដ្ឋានមានការវិវត្តន៍កាន់តែប្រសើរឡើង។
ឯកឧត្តម លឿង រដ្ឋា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ការបង្កើតសភាពាណិជ្ជកម្មខេត្តសៀមរាប ដាច់ដោយឡែក គឺដើម្បីពង្រឹងរចនាសម្ព័ន្ធដឹកនាំឱ្យកាន់តែមានប្រសិទ្ធភាព ដោយប្រមូលផ្តុំសម្លេង និងកម្លាំងសេដ្ឋកិច្ចក្នុងខេត្តឱ្យស្ថិតនៅក្រោមស្ថាប័នតែមួយ ដើម្បីងាយស្រួលក្នុងការតភ្ជាប់ទំនាក់ទំនងទៅថ្នាក់ជាតិ និងអន្តរជាតិ។ ការមានសភាពាណិជ្ជកម្មផ្ទាល់ខ្លួន នឹងជួយឱ្យអាជីវករមានលទ្ធភាពកាន់តែប្រសើរក្នុងការស្វែងរកទីផ្សារ និងតភ្ជាប់ទំនាក់ទំនង។ ក្នុងន័យនេះ សូមអំពាវនាវដល់បងប្អូនអាជីវករ ពាណិជ្ជករទាំងអស់ក្នុងខេត្តសៀមរាប ចូលរួមចុះឈ្មោះបោះឆ្នោតឱ្យបានផុសផុល ដើម្បីជ្រើសរើសតំណាងរបស់ខ្លួនសម្រាប់ដឹកនាំសភាពាណិជ្ជកម្មខេត្ត ឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចក្នុងមូលដ្ឋានឱ្យកាន់តែរឹងមាំ។
បើតាម ឧកញ៉ា ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប បានឱ្យដឹងថា នៅក្នុងអាណត្តិថ្មីនេះ សភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ ត្រូវបានបំបែកចេញជាពីរគឺ សភាពាណិជ្ជកម្មខេត្តសៀមរាប និង សភាពាណិជ្ជកម្មខេត្តឧត្តរមានជ័យ។ ដោយឡែកសម្រាប់សភាពាណិជ្ជកម្មខេត្តសៀមរាប នឹងត្រូវរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំង អាណត្តិទី១ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ៕SRP
អត្ថបទ៖ លោក អ៊ុន ណារាជ្យ

