អាជ្ញាធរខេត្ដសៀមរាប បានចាត់ទុកការប្រយុទ្ធប្រឆាំងពលកម្មកុមារ គឺជាការលើកកម្ពស់កិច្ចការពារ និងឧត្តមប្រយោជន៍របស់កុមារ
ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាប បានលើកឡើងថា ការងារប្រយុទ្ធប្រឆាំងនឹងពលកម្មកុមារ គឺជាសកម្មភាពដ៏សំខាន់ក្នុងការលើកកម្ពស់កិច្ចការពារ និងឧត្តមប្រយោជន៍របស់កុមារ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់តាមរយៈការដាក់ចេញនូវច្បាប់ គោលនយោបាយ និងយន្តការនានា ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់កុមារ ជាពិសេសការទប់ស្កាត់អំពើហិង្សាគ្រប់ទម្រង់ សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ និងការគាំទ្រកុមាររងគ្រោះឱ្យបានទាន់ពេលវេលា ធានាឱ្យកុមាររស់នៅ និងអភិវឌ្ឍន៍ខ្លួនដោយសុខដុមរមនាក្រោមម្លប់សន្តិភាព។
នេះបើតាមការលើកឡើងរបស់ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ដសៀមរាប ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៧ ក្រោមប្រធានបទ “សន្ដិភាពជាមូលដ្ឋានគ្រឹះនៃការគោរព និងកិច្ចគាំពារសិទ្ធកុមារ” និងខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា ក្រោមប្រធានបទ “ប្រាជ្ញាលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារនៅគ្រប់ខ្សែច្រវាក់ផលិតកម្ម ដើម្បីកសាងភាពធន និងការងារសមរម្យ” នៅសាលាគរុកោសល្យ និងវិក្រឹតការខេត្ដនាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦។
លោកស្រី ម៉ននី រង្សី មានប្រសាសន៍ថា ការប្រារព្ធទិវាដ៏មានអត្ថន័យនេះឡើង គឺបង្ហាញនូវឆន្ទៈមោះមុត និងការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការបន្តលើកកម្ពស់ការអនុវត្តសិទ្ធិកុមារ និងសូមលើកទឹកចិត្ត រួមគ្នាបន្តលើកស្ទួយវិស័យសុខុមាលភាពកុមារឱ្យកាន់តែល្អប្រសើរ ដើម្បីធានាឧត្តមប្រយោជន៍កុមារគ្រប់រូប ស្របតាមផែនការជាយុទ្ធសាស្រ្តរបស់ក្រសួងស្ថាប័ន។ ជាពិសេសគោលនយោបាយរាជរដ្ឋាភិបាល ដោយបានអនុវត្តយ៉ាងពេញលេញ និងមានចក្ខុវិស័យច្បាស់លាស់ក្នុងការលើកកម្ពស់សិទ្ធិ និងឧត្តមប្រយោជន៍របស់កុមារ ដោយធ្វើយ៉ាងណាឱ្យកុមារ ក្រុមគ្រួសារ និងសហគមន៍ទទួលបាននូវគុណភាព គុណតម្លៃ និងគុណធម៌នៃការរស់នៅក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ សមភាព និងសុវត្ថិភាព ព្រមទាំងចូលរួមយ៉ាងសកម្មស្មើភាពគ្នាក្នុងតម្លាភាពសង្គម និងជំរុញឱ្យមានការអភិវឌ្ឍគ្រប់វិស័យ និងគ្រប់កម្រិត។
លោកស្រីបន្ដថា ឆ្លើយតបទៅនឹងប្រធានបទខាងលើនេះ ពិតមែនតែស្ថានភាពនៃពលកម្មកុមារមានភាពល្អប្រសើរយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ និងមានឆន្ទៈមោះមុត ក្នុងការជំរុញលើកកម្ពស់សិទ្ធិកុមារឱ្យស្របនឹងច្បាប់ គោលនយោបាយ និងផែនការជាយុទ្ធសាស្រ្ត ពិសេសក្នុងសម័យកាលនៃបរិវត្តន៍ឌីជីថល។ លោកស្រីបានធ្វើការជំរុញដល់មន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវបន្ដផ្សព្វផ្សាយពីការលុបបំបាត់ពលកម្មកុមារឱ្យបានទូលំទូលាយនៅតាមមូលដ្ឋាន ដើម្បីដែលជាឆ្អឹងខ្នងសម្រាប់ប្រទេសជាតិ។
លោក គង់ សំអឿន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទាខេត្ដ បានលើកឡើងថា ការចូលរួមប្រឆាំងពលកម្មកុមារ គឺការជួយការពារសិទ្ធិ អនាគត និងសេចក្តីថ្លៃថ្នូររបស់កុមារ ដើម្បីឱ្យពួកគេទទួលបានការអប់រំ និងការរស់នៅប្រកបដោយសុវត្ថិភាព។ យើងអាចចូលរួមចំណែកលុបបំបាត់បញ្ហានេះតាមរយៈសកម្មភាពជាក់ស្តែងដូចជា មិនគាំទ្រអាជីវកម្មដែលប្រើប្រាស់កុមារលើកកម្ពស់ការអប់រំ ជួយគាំទ្រ ឬផ្តល់ឱកាសអប់រំដល់កុមារក្រីក្រនៅក្នុងសហគមន៍ ដើម្បីទាក់ទាញពួកគេឱ្យចូលសាលារៀនវិញ។
លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានជំរុញដល់ប្រជាពលរដ្ឋទាំងអស់ ករណីសង្ស័យថាមានការជួញដូរពលកម្មកុមារនៅក្នុងមូលដ្ឋាន សូមរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ច ឬអង្គការការពារសិទ្ធិកុមារដែលនៅជិតបំផុត។ ហើយសូមឱ្យអ្នកពាក់ព័ន្ធទាំងអស់ ផ្សព្វផ្សាយអំពីការការពារកុមារពីការជួញដូរ ការកេងប្រវ័ញ្ចគ្រប់ទម្រង់ អំពើហិង្សា និងការរំលោភបំពានកុមារតាមប្រព័ន្ធអនឡាញ ជាពិសេសពង្រឹងគុណភាពនៃការផលិតកម្មវិធីសម្រាប់កុមារប្រកបដោយខ្លឹមសារអប់រំ ដើម្បីបង្ការទប់ស្កាត់កុំឱ្យកុមារក្លាយជាជនរងគ្រោះ៕SRP
អត្ថបទ៖ លោក អោត រត់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

