នៅស្តុបចុងកៅស៊ូសៀមរាប! រឿងធ្វើអំពើល្អចុះពីឡានជួយសម្រួលគេ បែរជាមានការយល់ច្រឡំ
ខេត្តសៀមរាប៖មានការយល់ច្រឡំថាលោកសុខ តុញ អនុប្រធានក្រុមប្រឹក្សាភិបាល នៃសកលវិទ្យាល័យអង្គរ ជជែកគ្នាតឹងសរសៃករកខុសរកត្រូវរឿងៗខ្លួនករណីចរាចរណ៍ ករណីនេះលោកសុខ តុញ បានបញ្ជាក់ប្រាប់ ទីភ្នាក់ងារសារព័ត៌មាន គូលែនដេលីថា «លោកចុះទៅជួយសម្រួលគាត់ (បុរសម្នាក់ទៀតពាក់អាវស) កុំឲ្យគាត់និយាយខ្លាំងៗដាក់គេ (នគរបាលចរាចរណ៍) ខ្មាសគេ»។
លោក សុខ តុញ បានរៀបរាប់ថា រឿងរាវខាងលើ កើតឡើយដោយសារបុរសពាក់អាវស (ក្នុងវីដេអូ) គាត់ស៊ីផ្លេៗៗៗ ក្នុងពេលដែល រូបលោកបើកនៅខាងមុខព្យាយាមបត់ឆ្វេងខណៈរង់ចាំស្តុបបៃតង ប៉ុន្តែលោកចូលចំឡំផ្លូវឡាញកណ្ដាល ហើយដើម្បីឱ្យរថយន្តខាងក្រោយ (បុរសអាវស) បានទៅត្រង់ ក្នុងពេលស្តុបបៃតងមកដល់ ប៉ុន្តែបុរសអាវស គិតតែពីចុចស៊ីផ្លេរហូតមិនព្រមងាកចេញទៅសោះ ទើបនគរបាលចរាចរណ៍មួយរូប ដែលឈរជើងនៅគោលដៅនោះ ចេញទៅជម្រាបឱ្យបុរសអាវស ឈប់ស៊ីផ្លេ ហើយអញ្ជើញបើកចេញទៅប្រាប់កុំឱ្យរំខានគេ ពេលនោះសង្ស័យថា បានធ្វើឱ្យបុរសអាវស ដែលកំពុងបើករថយន្តកាន់តែខឹងបើករថយន្តទៅឈប់ចតដើម្បីជជែក ស្ដីបន្ទោសដល់នគរបាលតែម្ដង។
លោក សុខ តុញ បន្តថាបន្ទាប់ពីស្តុបបៃតង អនុញ្ញាតបត់ឆ្វេងមកដល់ លោកបានបើករថយន្តចេញ ប៉ុន្តែដោយមិនអស់ចិត្ត ដែលបុរសពាក់អាវស ស្ដីបន្ទោសនគរបាល លោកបានសម្រេចបត់រថយន្តត្រឡប់ទៅទីតាំងដើម ធ្វើការពន្យល់ដល់បុរសខាងលើ ដែលនេះ លោកចាត់ទុកថា ជាការជួយសម្រួលគាត់ (បុរសពាក់អាវស) កុំឲ្យគាត់និយាយខ្លាំងៗគេដាក់គេ (នគរបាលចរាចរណ៍) ខ្មាសគេ និយាយរួមកុំឱ្យបុរសអាវសខាងលើ ឈ្លោះប្រកែកគ្នាជាមួយនឹង នគរបាលចរាចរណ៍ តែប៉ុណ្ណោះ»។
លោក សុខ តុញ បានបញ្ជាក់បន្ថែមថា ករណីខាងលើនេះ មិនមានបង្កជាហិង្សា និង អសន្តិសុខ អ្វីធំដុំនោះទេ គ្រាន់តែមានការជជែកពន្យល់គ្នាបន្តិចបន្តួចទៅវិញទៅមក ហើយក្រោយមកក៏បានយោគយល់គ្នាបញ្ចប់រឿងតែម្ដង។
ការបញ្ជាក់របស់លោកនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ព្រឹកមិញនេះបន្ទាប់ពីសារព័ត៌មានមួយចំនួនបានធ្វើការផ្សព្វផ្សាយនៅវីដេអូដែលមានរូបលោក។
សូមជម្រាបថាប្រជាពលរដ្ឋថតបានវីដេអូខ្លីមួយ បង្ហាញសកម្មភាពរបស់លោកសុខ តុញ និងបុរសម្នាក់ទៀត (ពាក់អាវស) និងនគរបាលចរាចរណ៍មួយរូប ជជែកគ្នា ដោយករណីនេះមានការយល់ច្រឡំថា ជាការឈ្លោះប្រកែក ក្នុងករណីចរាចរណ៍ មួយនៅត្រង់ចំណុចស្តុបចុងកៅស៊ូ ស្ថិតក្នុងភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប កាលពីវេលាម៉ោង ១៦ និង២៥នាទី នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦៕SRP

