ប៉ូលីសខេត្តសៀមរាប រកឃើញម៉ូតូចោរលួចកាលខែមេសា

ប៉ូលីសខេត្តសៀមរាប រកឃើញម៉ូតូចោរលួចកាលខែមេសា
0

ខេត្តសៀមរាប៖សកម្មភាពជនសង្ស័យលួចម៉ូតូនៅសៀមរាបតែងតែកើតមានជារើយៗក៏ប៉ុន្តែការលួចបែបនោះត្រូវបានរកឃើញនិងបង្ក្រាបបានជាបន្តបន្ទាប់ភ្លាមៗផងដែរ។

នគរបាលខេត្តសៀមរាបបានប្រាប់ព័ត៌មានសៀមរាប ប៉ុស្តិ៍ថា កម្លាំងនគរបាលខេត្តសៀមរាប និងខេត្តកំពង់ធំ សហការស្រាវជ្រាវរកឃើញម៉ូតូ និងប្រគល់ជូនជនរងគ្រោះវិញ។

នគរបាលខេត្តសៀមរាបបានបន្តថា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ នៅចំណុចភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប មានករណីលួចម៉ូតូចំនួន ១គ្រឿង ម៉ាកហុងដា ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៥ ពាក់ផ្លាកលេខ សៀមរាប 1AT-3989 លេខតួ និងលេខម៉ាស៊ីន ND125ME0331011 ដែលជាកម្មសិទ្ធិរបស់ជនរងគ្រោះឈ្មោះ ទុយ វុធវឿន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរអាជីវករ មានទីលំនៅបច្ចុប្បន្ននៅភូមិទី៣ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប។

នគរបាលខេត្តសៀមរាបបានបញ្ជាក់ទៀតថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ និងដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ព្រមទាំងក្រោមការដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌខេត្តសៀមរាប បានបើកការស្រាវជ្រាវ និងសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដោយនៅថ្ងៃទី៥ ខែមិថុនាឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចបានស្រាវជ្រាវ និងរកឃើញម៉ូតូរបស់ជនរងគ្រោះ បាននាំយកមកប្រគល់ជូនម្ចាស់ដើមវិញ។

ការរកឃើញនេះ កើតឡើងបន្ទាប់ពីសមត្ថកិច្ចធ្វើការតាមប្រមាញ់ជនសង្ស័យយ៉ាងយកចិត្តទុកដាក់ រហូតធ្វើឱ្យជនសង្ស័យដឹងខ្លួននិងបានផ្ដួលម៉ូតូចោល រួចរត់គេចខ្លួនបាត់នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។

ចំពោះជនសង្ស័យដែលប្រព្រឹត្តអំពើលួចម៉ូតូនេះ សមត្ថកិច្ចបានកំណត់អត្តសញ្ញាណបានរួចហើយ និងកំពុងស្នើសុំគោលការណ៍តាមចាប់ខ្លួន ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន៕SRP