កាកបាទក្រហមកម្ពុជា ឧបត្ថម្ភថវិកា $៥ម៉ឺនដល់មន្ទីរពេទ្យកុមារអង្គរ

កាកបាទក្រហមកម្ពុជា ឧបត្ថម្ភថវិកា $៥ម៉ឺនដល់មន្ទីរពេទ្យកុមារអង្គរ
0

កាកបាទក្រហមកម្ពុជា ឧបត្ថម្ភថវិកា $៥ម៉ឺនដល់មន្ទីរពេទ្យកុមារអង្គរ

ខេត្តសៀមរាប៖លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងសហការី នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាល និងប្រគល់ថវិកា លើកទី៩ ចំនួន ៥០ ០០០ដុល្លារ អាមេរិក រួមជាមួយស្បៀងអាហារ សម្ភារប្រើប្រាស់មួយចំនួន ជូនដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ដើម្បីចូលរួមចំណែកជាមួយមន្ទីរពេទ្យ ក្នុងការផ្តល់សេវាពិនិត្យ ព្យាបាល និងថែទាំសុខភាពកុមារប្រកបដោយគុណភាពខ្ពស់ ក្ដីមេត្តាករុណា និងមិនគិតកម្រៃ ស្របពេលដែលក្នុងមួយថ្ងៃមានកុមារ និងទារកប្រមាណ ៤០០នាក់ បានមករកសេវានៅមន្ទីរពេទ្យមួយនេះ ស្មើនឹងជាង ១២ម៉ឺននាក់ ក្នុង១ឆ្នាំ ដែលចំណាយថវិកាប្រមាណ ៦លានដុល្លារអាម៉េរិក ក្នុង១ឆ្នាំៗ សម្រាប់ផ្គត់ផ្គង់លើចំណាយប្រតិបត្តិការទាំងមូល។

លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ក្នុងនាម សម្ដេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងការកោតសសើរ ចំពោះថ្នាក់ដឹកនាំក្រុមគ្រូពេទ្យ និងបុគ្គលិកមន្ទីរពេទ្យកុមារអង្គរ ដែលបានខិតខំបំពេញបេសកកម្មមនុស្សធម៌ ក្នុងការផ្ដល់សេវាពិនិត្យព្យាបាល និងថែទាំសុខភាពកុមារកម្ពុជា ដោយមិនគិតកម្រៃអស់រយៈពេលជាង ២៧ឆ្នាំកន្លងមកនេះ។ ចំពោះការឧបត្ថម្ភថវិកា និងសម្ភារនាពេលនេះ គឺដើម្បីចូលរួមចំណែកជាមួយមន្ទីរពេទ្យក្នុងការរែកពុនបន្ទុក លើការផ្ដល់សេវាសុខភាពដល់កុមារកម្ពុជា ដែលជាធនធានមនុស្សដ៏មានតម្លៃសម្រាប់អនាគតប្រទេសជាតិ។

លោកជំទាវ ពុំ ចន្ទីនី មានប្រសាសន៍ថា ការងាររបស់កាកបាទក្រហមកម្ពុជា មិនត្រឹមតែផ្ដល់ជំនួយមនុស្សធម៌ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដោតសំខាន់លើការអប់រំ សុខភាព ការការពារជំងឺ និងការលើកកម្ពស់សុខុមាលភាព របស់ប្រជាពលរដ្ឋ ជាពិសេស ស្ដ្រីមានផ្ទៃពោះ ស្ដ្រីក្នុងវ័យបន្ដពូជ និងកុមារតូចៗ។ ហើយកាកបាទក្រហមកម្ពុជា ក៏ជាជំនួយការឱ្យអាជ្ញាធរសាធារណៈ បានធ្វើការយ៉ាងជិតស្និតជាមួយក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធនានា ដើម្បីផ្សព្វផ្សាយការអប់រំសុខភាព ការរស់នៅប្រកបដោយអនាម័យ ការថែទាំសុខភាពមាតា និងទារក ព្រមទាំងការបណ្តុះបណ្តាល វិជ្ជាសង្គ្រោះបឋមដល់ប្រជាពលរដ្ឋ។

លោកវេជ្ជបណ្ឌិត ង៉ែត ពិសេស នាយករងមន្ទីរពេទ្យកុមារអង្គរ បានឱ្យដឹងថា មន្ទីរពេទ្យកុមារអង្គរ ត្រូវបានបង្កើតឡើងដោយបុរសជនជាតិជប៉ុនដែលជាអ្នកថតរូបម្នាក់ឈ្មោះ លោក ខេនរ៉ូ អ៊ីស៊ុ (Kenro Izu) ក្នុងឆ្នាំ១៩៩៩ ក្នុងគោលបំណងផ្តល់សេវាពិនិត្យ ព្យាបាល និងថែទាំសុខភាពកុមារកម្ពុជាប្រកបដោយគុណភាព និងមិនគិតកម្រៃ។ អស់រយៈពេលជាង ២៧ឆ្នាំកន្លងមកនេះ មន្ទីរពេទ្យបានទទួលពិនិត្យ និងព្យាបាលកុមារកម្ពុជាចំនួន ២ ៩៨៧ ៦៨៧នាក់ លើផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកជំងឺសម្រាកពេទ្យ ផ្នែកវះកាត់ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកឯកទេសព្យាបាលភ្នែក ផ្នែកសុខភាពមាត់ធ្មេញ និងមានផ្តល់សេវាព្យាបាលឯកទេសជាច្រើនផ្សេងទៀត ដូចជាជំងឺមហារីកកុមារជាដើម។

លោកវេជ្ជបណ្ឌិត ង៉ែត ពិសេស បានឱ្យដឹងទៀតថា ជារៀងរាល់ថ្ងៃមានកុមារប្រមាណ ៤០០នាក់ បានមកទទួលការព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ ដែលក្នុងឆ្នាំ២០២៥ កន្លងទៅ បានផ្ដល់ការព្យាបាលដល់កុមារសរុបប្រមាណ ១២២ ៣១៣នាក់ ក្នុងនោះផ្នែកពិគ្រោះជំងឺក្រៅមាន ១១៥ ១២៧ករណី និងផ្នែកសម្រាកពេទ្យដោយរួមមានអ្នកជំងឺមកទទួលការព្យាបាលផ្នែកសង្គ្រោះបន្ទាន់ អ្នកជំងឺធ្ងន់ធ្ងរ អ្នកជំងឺធ្ងន់ទារក អ្នកជំងឺវះកាត់ អ្នកជំងឺមហារីក អ្នកជំងឺផ្នែកចក្ខុរោគ អ្នកជំងឺផ្នែកសុខភាពមាត់ធ្មេញ និងអ្នកជំងឺផ្សេងៗទៀតចំនួន ៧ ១៨៦ករណី។

សូមបញ្ជាក់ថា អំណោយដែលកាកបាទក្រហមកម្ពុជា បានផ្ដល់ជូនមន្ទីរពេទ្យកុមារអង្គរ រួមមាន ថវិកា ៥ម៉ឺនដុល្លារ, អង្ករ ២តោន, អង្ករសុខភាព ២០កេស, មី ២០កេស, ត្រីខ ៥កេសធំ, ប្រេងឆា ៤កេស, ទឹកស៊ីអ៉ីវ ៥យួរ, ទឹកត្រី ៥យួរ, ឆៃប៉ូវ ១៥កំប៉ុង, ទឹកបរិសុទ្ធ ២០កេស, និងឃីត២០។ ក្នុងឱកាសនោះ ក្រុមការងារក៏បានជួបសួរសុខទុក្ខ និងឧបត្ថម្ភជូនគ្រួសារកុមារដែលកំពុងសម្រាកព្យាបាលចំនួន ១០០នាក់ ក្នុងម្នាក់ៗទទួលបាន ឃីត ១កញ្ចប់, ទឹកដោះគោប្រអប់ ២យួរ, និងថវិកា ៥ម៉ឺនរៀលផងដែរ៕SRP

អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ