ឯកឧត្តមាសុខ លូ៖ ក្រុងបាត់ដំបងមានផ្ទះមិនរៀបរយចំនួន៣៥១២ខ្នង ដោយមិនទាន់រាប់បញ្ចូលពលរដ្ឋរស់នៅលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋ

ឯកឧត្តមាសុខ លូ៖ ក្រុងបាត់ដំបងមានផ្ទះមិនរៀបរយចំនួន៣៥១២ខ្នង ដោយមិនទាន់រាប់បញ្ចូលពលរដ្ឋរស់នៅលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋ
0

ឯកឧត្តមាសុខ លូ៖ ក្រុងបាត់ដំបងមានផ្ទះមិនរៀបរយចំនួន៣៥១២ខ្នង ដោយមិនទាន់រាប់បញ្ចូលពលរដ្ឋរស់នៅលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋ

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានគូសបញ្ជាក់ថា ក្រុងបាត់ដំបងមានផ្ទះមិនរៀបរយចំនួន៣៥១២ខ្នងផ្ទះដោយមិនទាន់រាប់បញ្ចូលប្រជាពលរដ្ឋរស់នៅលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋ ខណៈរដ្ឋបាលខេត្តបាននិងកំពុងខិតខំដោះស្រាយជាបន្តបន្ទាប់នូវបញ្ហាសំណង់មិនរៀបរយ ការរំដោះដីចំណីផ្លូវ ការសាងសង់ផ្លូវ ប្រព័ន្ធលូរំដោះទឹក ការរៀបចំផ្លូវដើរ ផ្លូវជិះកង់ និងការដាំដើមឈើ ទាំងនៅក្នុងក្រុង និងនៅតាមទីប្រជុំជនស្រុក។

ឯកឧត្តម សង្កត់ធ្ងន់ថា បន្ទាប់ពីប្រព័ន្ធលូរំដោះទឹកកខ្វក់នៅក្នុងក្រុងបាត់ដំបងបានបញ្ចប់ ការសាងសង់ផ្លូវចំនួន២១ខ្សែក្រោមគម្រោងរបស់ADB នឹងត្រូវសាងសង់ឡើងជាបន្តបន្ទាប់ចំណែកផ្លូវចំនួន១៤ខ្សែដែលជាគម្រោងរបស់រាជរដ្ឋាភិបាលបាននិងកំពុងដំណើរការសាងសង់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ឯកឧត្តម សុខ លូ បានបង្ហាញពីទស្សនៈវិស័យរបស់រដ្ឋបាលខេត្តក្នុងការរៀបចំក្រុងបាត់ដំបងឱ្យក្លាយទៅជាទីក្រុងដែលឆ្លាតវៃ ស្អាត បៃតង និងអាចដើរបានដើម្បីបង្កលក្ខណៈងាយស្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងបង្កើនការទាក់ទាញភ្ញៀវទេសចរ។

ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណដល់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដែលតែងតែគិតគូរជួយដោះស្រាយបញ្ហាសំណង់មិនរៀបរយ និងការរៀបចំទីប្រជុំជន។

ឯកឧត្តម សុខ លូ មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសបានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពីគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យដែលធ្វើឡើង នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ក្រោមការសហការរវាងរដ្ឋបាលខេត្តបាត់ដំបងជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអង្គការលំនៅឋានមនុស្សជាតិអន្តរជាតិកម្ពុជា។

សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយឯកសារគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យដើម្បីបញ្ជ្រាបការយល់ដឹងអំពីខ្លឹមសាររួមនៃគោលនយោបាយនៅថ្នាក់ក្រោមជាតិ ព្រមទាំងជំរុញការអនុវត្តគោលនយោបាយដើម្បីលើកកម្ពស់ការផ្គត់ផ្គង់លំនៅឋានសង្គម លំនៅឋានតម្លៃសមរម្យកម្មសិទ្ធិ និងលំនៅឋានសមរម្យសម្រាប់ជួលនៅខេត្តបាត់ដំបង។

ឯកឧត្តម ប្រាក់ អង្គារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋាននៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់,លោក ហេង សាលពិសិដ្ឋ អគ្គនាយរងនៃអគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋនិងឯកជននៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ផល វ៉ាន់ឌី នាយកប្រចាំប្រទេសនៃអង្គការលំនៅឋានមនុស្សជាតិអន្តរជាតិកម្ពុជាបានលើកឡើងពីសារសំខាន់នៃលំនៅឋានដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការរស់រានរបស់មនុស្សគ្រប់រូបហើយប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តមកដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើឱ្យមានការអភិវឌ្ឍន៍យ៉ាងច្រើនគួរជាទីមោទនៈ៕SRP