នាយឧត្តមសេនីយ៍ទៀ សីហា៖ ត្រូវស្គាល់សុខទុក្ខពលរដ្ឋ ត្រូវចុះទៅដល់ខ្នងផ្ទះប្រជាជន ដើម្បីដឹងពីបញ្ហាប្រឈមពិតប្រាកដ

នាយឧត្តមសេនីយ៍ទៀ សីហា៖ ត្រូវស្គាល់សុខទុក្ខពលរដ្ឋ ត្រូវចុះទៅដល់ខ្នងផ្ទះប្រជាជន ដើម្បីដឹងពីបញ្ហាប្រឈមពិតប្រាកដ
0

នាយឧត្តមសេនីយ៍ទៀ សីហា៖ ត្រូវស្គាល់សុខទុក្ខពលរដ្ឋ ត្រូវចុះទៅដល់ខ្នងផ្ទះប្រជាជន ដើម្បីដឹងពីបញ្ហាប្រឈមពិតប្រាកដ

ខេត្តសៀមរាប៖ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ដសៀមរាប បានមានប្រសាសន៍ណែនាំដល់ក្រុមការងារដោយត្រូវស្គាល់សុខទុក្ខពលរដ្ឋត្រូវចុះទៅដល់ខ្នងផ្ទះប្រជាជន ដើម្បីដឹងពីបញ្ហាប្រឈមពិតប្រាកដ ជាពិសេសការដោះស្រាយបញ្ហាឱ្យទាន់ពេលរាល់កង្វល់នៅមូលដ្ឋាន ដោយត្រូវដោះស្រាយ ដោយតម្លាភាព និងយុត្តិធម៌ដើម្បីបង្កើនជំនឿចិត្តពីមហាជន។

ឯកឧត្តមទៀ សីហា ក៏បានណែនាំដល់អាជ្ញាធរ និងក្រុមការងារ បម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានលឿន ឆាប់រហ័ស និងមានប្រសិទ្ធភាពលុបបំបាត់បាតុភូតអសកម្មនានា ដែលធ្វើឱ្យប៉ះពាល់ដល់ប្រជាប្រិយភាពរបស់គណបក្ស និងត្រូវបន្តផ្សព្វផ្សាយនូវសមិទ្ធផលនានា របស់រាជរដ្ឋាភិបាល និងគណបក្ស ជូនដល់ប្រជាពលរដ្ឋឱ្យបានទូលំទូលាយ ពង្រឹងសមាជិកបក្សដែលមានស្រាប់ និងពង្រីកសមាជិកថ្មី ជាពិសេសស្រទាប់យុវជន។

ឯកឧត្ដម បានសង្កត់ធ្ងន់ថា សាមគ្គីភាព គឺជាកម្លាំងមហាសាល ហើយក្នុងនាមជាក្រុមការងារ យើងត្រូវចៀសវាងដាច់ខាតនូវការបែងចែកបក្សពួក ឬការរុញរែក ការទទួលខុសត្រូវមន្ត្រីចាស់ ត្រូវផ្ដល់បទពិសោធន៍ មន្ត្រីបន្តវេនត្រូវខិតខំរៀនសូត្រ និងមានភាពច្នៃប្រឌិត។ យើងត្រូវធ្វើការជាធ្លុងមួយ ដើម្បីបុព្វហេតុគណបក្ស និងសេចក្តីសុខរបស់ប្រជាជន។

ឯកឧត្តម ទៀត សីហា ក៏បានជំរុញដល់ក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប ទាំងអស់ បន្តយកចិត្តទុកដាក់ និងខិតខំបំពេញភារកិច្ចឱ្យកាន់តែសកម្ម ដើម្បីឆ្លើយតបតម្រូវការបងប្អូនប្រជាពលរដ្ឋ និងទប់ស្កាត់បទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam online) កុំឱ្យកើតមានឡើងក្នុងខេត្ដសៀមរាបផងដែរ។

ឯកឧត្តម ក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលឆ្នាំ២០២៥ ដែលក្រុមការងារសម្រេចបានក្នុងរយៈពេលពេញមួយឆ្នាំកន្លងទៅ ជាពិសេសការបម្រើសេវាសាធារណៈ ការចុះជាប់ជាមួយប្រជាពលរដ្ឋ នៅតាមមូលដ្ឋាននិងការដោះស្រាយបញ្ហាប្រឈមនានាបានទាន់ពេលវេលា។

ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានថ្លែងកោត សរសើរ និងវាយតម្លៃខ្ពស់ចំពោះបងប្អូនក្រុមការងារទាំងអស់ ដែលបានខិតខំប្រឹងប្រែងទាំងកម្លាំងកាយ កម្លាំងចិត្ត និងធនធាន ក្នុងការបម្រើប្រជាពលរដ្ឋក្នុងខេត្តសៀមរាប នាពេលកន្លងមក ហើយលទ្ធផលដែលយើងសម្រេចបាន មិនមែនដោយចៃដន្យនោះទេ ប៉ុន្តែវាបានមកពីការរួមរួមកម្លាំងសាមគ្គីភាពនិងការលះបង់របស់បងប្អូនគ្រប់ជាន់ថ្នាក់ផងដែរ។

ឯកឧត្តម ទៀ សីហា មានប្រសាសន៍ជំរុញបែបនេះ
ក្នុងឱកាសបានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារគណបក្សខេត្ដសៀមរាប។

ពិធីនេះធ្វើនៅមន្ទីរគណបក្សប្រជាជនកម្ពុជា ខេត្តសៀមរាប ដោយមានវត្ដមានចូលរួមពីសំណាក់ឯកឧត្តម ប្រាក់ សោភ័ណ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សខេត្ដ ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវ លោក លោកស្រីជាសមាជិក សមាជិការនៃគណបក្សប្រជាជនជាច្រើនរូបផងដែរ។

ឯកឧត្តមប្រាក់ សោភ័ណ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្ដខេត្ដ ក៏បានមានប្រសាសន៍លើកឡើងពីសមទ្ធផលនានា ដូចជាផ្នែកហេដ្ឋារចនាសម្ព័ន្ធ រួមមាន៖ ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ បណ្តាញអគ្គិសនី
បណ្តាញទឹកស្អាត មន្ទីរពេទ្យ សាលារៀន វត្តអារាម បាននឹងកំពុងស្ថាបនា ស្ដារពង្រីកបន្ថែមជាបន្តបន្ទាប់ នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប។

ឯកឧត្តមប្រាក់ សោភ័ណ បានបញ្ជាក់ថា ជាមួយគ្នានេះផងដែរ ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងឆ្នាំ ២០២៥ លើការអនុវត្តគម្រោងអភិវឌ្ឍន៍ ក្នុងខេត្តសៀមរាប មានសរុប ចំនួន១២៩ គម្រោង ទាំងថ្នាក់ខេត្ត ក្រុង ស្រុក និងឃុំសង្កាត់ ក្នុងនោះរួមមានគម្រោងសាងសង់ផ្លូវកៅស៊ូ ផ្លូវបេតុងអាមេ ផ្លូវគ្រួសក្រហម ប្រព័ន្ធលូបង្ហូរទឹក ព្រមទាំងការអភិវឌ្ឍប្រព័ន្ធធាសាស្ត្រសម្រាប់ស្រោចស្រពកសិផល
របស់ប្រជាជនផងដែរ។

ឯកឧត្តម មានប្រសាសន៍បន្ដថា ក្រៅពីនេះ ខេត្តសៀមរាប បានអភិវឌ្ឍនវិស័យជាច្រើនទៀត រួមមានអភិវឌ្ឍន៍ជនបទធនធានទឹក ពាណិជ្ជកម្ម ឧស្សាហកម្ម រ៉ែថាមពល ទេសចរណ៍ បរិស្ថាន សង្គមកិច្ច ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ វប្បធម៌ សាសនា និងវិស័យដទៃទៀត ក៏បាននឹងកំពុងធ្វើសកម្មភាព និងទទួលបានលទ្ធផលជាបន្តបន្ទាប់ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា។

ឯកឧត្តមមានប្រសាសន៍បន្ថែមទៀតថា ជាមួយនឹងលទ្ធផល ដែលសម្រេចបាននេះ គឺពិតជាបានមកពីការដឹកនាំដ៏ត្រឹមត្រូវរបស់គណៈកម្មាធិការកណ្តាល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដែលជានិច្ចកាល សម្តេច បានដាក់ចេញនូវគោលការណ៍ វិធានការជាក់ស្ដែងគ្រប់ស្ថានភាពក្នុងការដោះស្រាយបញ្ហានានា បានទាន់ពេលវេលា និងឆ្លើយតបយ៉ាងមានប្រសិទ្ធភាព រក្សាបាននូវស្ថិរភាពនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅរបស់ប្រជាជនមានប្រក្រតីភាពឡើងវិញយ៉ាងឆាប់រហ័ស៕SRP