ឯកឧត្តមសៀង ណាំ អញ្ជើញសម្ពោធ
សមិទ្ធផលជាច្រើនក្នុងវត្តតាអាន
ខេត្តសៀមរាប៖សាលាឃោសនិក ដំបូលព្រះវិហារ ក្លោងទ្វារ រូបសំណាកព្រះពុទ្ធរូបទ្រង់ប្រសូត្រ ត្រាស់ដឹង និងបរិនិព្វាន រូបសំណាក់ព្រះពុទ្ធបដិមាទ្រង់គោចរ រូបសំណាក់សម្តេចសង្ឃរាជ ជួន ណាត ចាក់បេតុងមុខសាលាធម្មសភា រួមជាមួយសមិទ្ធផលថ្មីៗជាច្រើនទៀត ចំណាយថវិកាអស់ជាង ៤១២លានរៀល ក្នុងវត្តតាអាន ស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាព ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប។
ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ មានប្រសាសន៍ថា សមិទ្ធផលថ្មីៗដែលកាត់ខ្សែបូរដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅពេលនេះ គឺជាសម្បត្តិគរុភណ្ឌសាធារណៈរបស់វត្ត សម្រាប់ព្រះសង្ឃ និងសាធារណជនទូទៅប្រើប្រាស់ទាំងអស់គ្នា។ ឯកឧត្តម ក៏បានកោតសរសើរចំពោះព្រះចៅអធិការ ព្រះសង្ឃ គណៈកម្មការ អាចារ្យវត្តនិង អាជ្ញាធរដែនដី បងប្អូនប្រជាពលរដ្ឋ ព្រមទាំងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានដែលបានសាមគ្គី ចូលរួមចំណែកជាកម្លាំងកាយ កម្លាំងចិត្ត និងទ្រព្យធនធ្វើឲ្យការកសាងសមិទ្ឋផលថ្មីមួយចំនួនទៀត សម្រាប់បំរើក្នុងវិស័យព្រះពុទ្ឋសាសនាដែលជាសាសនារបស់រដ្ឋ។
ឯកឧត្តម មានប្រសាសន៍ទៀតថា ប្រទេសកម្ពុជាបានជួបនូវវិបត្តិសង្គ្រាមស៊ីវិលរ៉ាំរ៉ៃអស់ជាច្រើនទសវត្ស ជាពិសេសក្នុងអំឡុង៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ក្នុងរបបប៉ុល ពត កម្ពុជាទាំងមូលរងនូវទុក្ខសោកនាដកម្មយ៉ាងធំធេងដែលមិនត្រឹមតែប្រជាជនសាមញ្ញដែលត្រូវរបបនោះកាប់សម្លាប់ទេ សូម្បីព្រះសង្ឃ និងហេដ្ឋារចនាសម្ពន្ឋ័សង្គមជាតិក៍ត្រូវទទួលរងនូវការបំផ្លិចបំផ្លាញស្ទើរតែសូន្យ ព្រះសង្ឃ វត្តអារាមនិងសាសនាផ្សេងៗទៀត ក៍ត្រូវទទួលរងនូវការកាប់សម្លាប់និងបំផ្លិចបំផ្លាញស្ទើរគ្មានសល់។តែដោយសារគុណថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ យើងបានរស់រានមានជីវិតឡើងវិញ ប្រមុខដឹកនាំប្រទេសបានស្វះស្វែងរកសន្តិភាព និងការអភិវឌ្ឍប្រទេសឡើងវិញជាបន្តបន្ទាប់។
ឯកឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវប្រកាន់ខ្ជាប់ដោយគោរពនិងរក្សា នូវជំនឿទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ឋសាសនា ត្រូវស្គាល់បាបបុណ្យ គុណទោស លះបង់នូវគំនិតកំណាញ់ មានៈចេញពីសន្តាន ពោលគឺកុំបន្លំឬចង់បានរបស់អ្នកដទៃដែលគេមិនបានឱ្យ ជាពិសេសកុំប៉ះពាល់ដីក្បែរវត្តយកមកជាសម្បត្តិរបស់ខ្លួន ព្រោះវានាំមាន បាបកម្មដល់ខ្លួន ។ផ្ទុយទៅវិញត្រូវនាំខំសាងអំពើល្អ សន្សំបុណ្យកុសលជាប្រចាំនិងរួមគ្នាបរិច្ចាគធនធានទៅតាមលទ្ឋភាព ជួយបន្តកសាងសមិទ្ឋផលថ្មីៗ ដើម្បីឱ្យទីអារាមមានការអភិវឌ្ឍរីកចម្រើនក្លាយជាទីឋានដ៏សុខដុមរមនា ក្នុងមូលដ្ឋានរបស់យើង។
ក្នុងឱកាសនោះ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ បានបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ១០លានរៀល សម្រាប់រំលស់សងថ្លៃជំពាក់ និងឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋអ្នកចូលរួមចំនួន ៤០០នាក់ ម្នាក់ៗទទួលបានថវិកា ១ម៉ឺនរៀល, តាជីដូនជី ១២៥នាក់ ម្នាក់ៗក្រណាត់សមួយដុំ និងថវិកា ១ម៉ឺនរៀល និងជួយចេញថ្លៃការរៀបចំពិធីសម្ពោធមួយចំនួនផងដែរ៕SRP
អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

