ឯកឧត្តមប្រាក់ សុខុន ចេញសេចក្តីថ្លែងការណ៍
ក្រោយរដ្ឋាភិបាលថៃសម្រេចលុបជាឯកតោភាគីអនុស្សរណៈនៃការយោគយល់ឆ្នាំ២០០១
ក្រោយរដ្ឋាភិបាលថៃសម្រេចលុបជាឯកតោភាគីអនុស្សរណៈនៃការយោគយល់ឆ្នាំ២០០១ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍។
ខាងក្រោមនេះ ជាសេចក្តីថ្លែងការណ៍របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន
ថ្ងៃនេះ គណៈរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ បានអនុម័តនូវសេចក្តីសម្រេចស្តីពីការបញ្ចប់នូវអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ ពាក់ព័ន្ធទៅនឹងការទាមទារត្រួតគ្នាក្នុងដែនសមុទ្ររួមគ្នារវាងកម្ពុជានិងថៃ។ អនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ នេះ គឺជាក្របខណ្ឌតែមួយគត់រវាងប្រទេសយើងទាំងពីរ ដើម្បីដោះស្រាយដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិនូវបញ្ហាទាមទារត្រួតគ្នាក្នុងដែនសមុទ្រនៃប្រទេសយើងទាំងពីរក៏ដូចជាការដោះស្រាយព្រំដែនសមុទ្ររវាងប្រទេសយើងទាំងពីរ។
កម្ពុជាចាត់ទុកថា ការបញ្ចប់ ឬការដកខ្លួនចេញពីអនុស្សរណៈឆ្នាំ ២០០១នេះ គឺជាការដើរចេញពីឆន្ទៈនយោបាយ ដែលសម្រេចឱ្យប្រទេសយើងទាំងពីរកំណត់នូវក្របខណ្ឌមួយ ក្នុងការដោះស្រាយដោយសន្តិវិធីនិងផ្អែកទៅលើច្បាប់អន្តរជាតិនូវបញ្ហាដូចបានជម្រាបជូនខាងលើ ពាក់ព័ន្ធនឹងការទាមទារត្រួតគ្នាផង និងការដោះស្រាយព្រំដែនសមុទ្រជាមួយគ្នាផង។
កម្ពុជាសម្តែងការសោកស្តាយជាថ្មីម្តងទៀតចំពោះការសម្រេចចិត្តនេះ។ ជាការឆ្លើយតបទៅនឹងការបញ្ចប់នូវអនុស្សរណៈឆ្នាំ២០០១ នេះ កម្ពុជាមិនមែនជម្រើសអ្វីប្រសើរជាងការផ្តើមគំនិតជំរុញនូវយន្តការផ្សះផ្សារដោយបង្ខំក្រោមអនុញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឬជាភាសាអង់គ្លេសហៅថា Compulsory Conciliation under the United Nations Convention on the Law of the Sea ដែលបានសម្រេចនៅឆ្នាំ១៩៨២។
ទោះជាយ៉ាងណាក៏ដោយ ការបញ្ចប់ឬដកខ្លួនចេញពីអនុស្សរណៈ យោគយល់គ្នាឆ្នាំ២០០១ នេះ មិនប៉ះពាល់ទៅដល់សិទ្ធិស្របច្បាប់របស់កម្ពុជានៅលើដែនសមុទ្ររបស់ខ្លួននោះទេ ហើយការសម្រេចចិត្តជ្រើសរើសយកយន្តការការផ្សះផ្សារដោយបង្ខំក្រោម UNCLOS បញ្ជាក់សាជាថ្មីអំពីការប្តេជ្ញាចិត្តរបស់កម្ពុជា នៅក្នុងការដោះស្រាយគ្រប់វិវាទទាំងអស់ជាមួយប្រទេសជិតខាងដោយសន្តិវិធីនិងផ្អែកលើច្បាប់អន្តរជាតិ៕SRP

