ទៅលេខភ្នំគូលែន រអិលជើងធ្លាក់ពីលើថ្មកម្ពស់៥០ម៉ែត្របណ្ដាលឲ្យស្លាប់
ខេត្តសៀមរាប៖យោងតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តសៀមរាបបានឲ្យដឹងថា មនុស្សស្លាប់ ម្នាក់នៅលើភ្នំគូលែន នៅចំណុចវត្ដព្រះអង្គជប់ ស្ថិតក្នុងភូមិតាហាន ឃុំខ្នងភ្នំ ស្រុកស្វាយលើ ដោយដឹងហេតុនៅវេលាម៉ោង ៥និង ៣០នាទី ល្ងាច
ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦។
របាយការណ៍បានបញ្ជាក់ថា
I. អត្តសញ្ញាណសព
ឈ្មោះ ពេជ្រ ដារ៉ា ភេទស្រី អាយុ៥៤ ឆ្នាំ មុខរបរ កសិករ មានទីលំនៅបច្ចុប្បន្នក្នុងភូមិគោកពេញ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
II. សភាពរឿងហេតុ :
យោងតាមការបំភ្លឺរបស់អ្នករួមដំណើរឈ្មោះ លត ទ្រី ភេទប្រុស អាយុ ៦៥ ឆ្នាំ មានទីលំនៅបច្ចុប្បន្នជាមួយជនរងគ្រោះ បានអោយដឹងថា ៖ នៅមុនពេលកើតហេតុរូបខ្លួន និងបក្សពួកទាំងអស់មានគ្នាចំនួន១០នាក់ បាននាំគ្នាជិះឡានមកលេងខេត្ដសៀមរាប កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ពេលមកដល់ខេត្ដសៀមរាបបានទៅលេងម្ដុំបរិវេណប្រាសាទអង្គរវត្ដហើយបានសម្រាកនៅក្រុងសៀមរាបចំនួន១យប់លុះព្រឹកឡើងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ រូបខ្លួននិងបក្សពួកបានទៅលេងភ្នំគូលែនដោយសារតែឡានខូចរូបខ្លួន និងអ្នករួមដំណើរបានសម្រាកនៅវត្ដព្រះអង្គធំចំនួន១យប់ លុះមកដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៣ និង ០០នាទី ស្រាប់តែបាត់ឈ្មោះពេជ្រ ដារ៉ា មិនដឹងទៅណាហើយរូបខ្លូន និងអ្នករួមដំណើរបាននាំគ្នាស្វែងរក និងសាកសួរអ្នកភូមិក្បែរនោះរហូតដល់ម៉ោង១៨ និង៣០នាទី ទើបដឹងដំណឹងថាគាត់បានជិះម៉ូតូឌុបទៅវត្ដព្រះអង្គជប់ បន្ទាប់មកខ្ញុំបាទនិងឈ្មោះប៉ាត លង ភេទស្រី រស់នៅភូមិឃុំជាមួយគ្នាបានតាមទៅរកដល់វត្ដព្រះអង្គជប់ និងបានសាកសួរដូនជីនៅទីនោះគាត់បានប្រាប់ថាឃើញឈ្មោះពេជ្រ ដារ៉ា មកលេងវត្ដព្រះអង្គជប់តែម្នាក់ឯង ដោយស្ថានភាពយប់ជ្រៅក៍ត្រឡប់ទៅសម្រាកនៅវត្ដព្រអង្គធំវិញ លុះមកដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ រូបខ្លួនក៍បាននាំអ្នករួមដំណើរទាំងអស់ មកជួយរកដោយបានពឹងសមត្ថកិច្ច និងប្រជាការពារឲ្យជួយរកផង រហូតដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៧ និង៣០នាទី ទើបរកឃើញ តែគាត់ស្លាប់បាត់ទៅហើយ បន្ទាប់មកក៍បានរាយការណ៍ជូនសមត្ថកិច្ច។
III. ការពិនិត្យសាកសព :
យើងបានដំណើរការពិនិត្យសាកសពនៅនឹងកន្លែងកើតហេតុ ដោយបានបង្កើតគណៈកម្មការដោយមានលោកមេភូមិ លោកមេឃុំ ប្រធានមណ្ឌលសុខភាពខ្នងភ្នំ:
- ផ្នែកក្បាល នៅលើចិញ្ចើមផ្នែកខាងស្ដាំស្នាមបែកលលាក្បាលដែលធ្លាក់ប៉ះទង្គិចទៅនឹងវត្ថុរឹង នៅលើមុខជនរងគ្រោះសភាពស្អុយរលួយ ផ្នែកដងខ្លួនមានស្នាមជាំជំវិញខ្លួនដែលប៉ះទង្គិចនឹងវត្ថុរឹង។
- ផ្នែកអវយវៈ នៅលើដៃជនរងគ្រោះមានស្នាមហើមស្អុយរលួយទាំងសងខាង នៅលើជើងជនរងគ្រោះមានស្នាមហើមជាំនៅលើភ្លៅផ្នែកខាងមុខទាំងសងខាង។
IV. សន្និដ្ឋាន :
*យោងតាមការពិនិត្យវិភាគកន្លែងកើតហេតុរបស់កម្លាំងជំនាញ
*ព្រមទាំងការបំភ្លឺពីសាក្សីនៅកន្លែងកើតហេតុ
*ការពិនិត្យរបស់ប្រធានមណ្ឌលសុខភាពខ្នងភ្នំ សន្និដ្ឋានថាសពស្លាប់ដោយសារវង្វេងផ្លូវ រអិលជើងធ្លាក់ពីលើថ្មកម្ពស់៥០ម៉ែត្របណ្ដាលឲ្យស្លាប់។
- សំណូមពរគ្រួសារសព ការបញ្ជាក់ពីកូនស្រីរបស់សពឈ្មោះ ជា លីណែត ភេទស្រី អាយុ២៨ឆ្នាំ មុខរបរគ្រូពេទ្យ បានបញ្ជាក់ថាម្ដាយរបស់ខ្លួនឈ្មោះ ពេជ្រ ដារ៉ា ជាមនុស្សមានជំងឺសរសៃប្រាសាទប្រចាំខ្លួនជាច្រើនឆ្នាំ ហើយពុំមានការសង្ស័យឬចោទប្រកាន់ទៅលើបុគ្គលណាឡើយ ហើយក៍ពុំបានដាក់បណ្ដឹងទៅស្ថាប័នណាទៀតដែរ៕SRP

