វត្តសំរោង ស្រុកសូទ្រនិគម រៀបចំពិធីបុណ្យឆ្លងចេត្រ ដែលជាពិធីបុណ្យប្រពៃណីដែលពលរដ្ឋក្នុងមូលដ្ឋានបន្តធ្វើឡើងជារៀងរាល់ឆ្នាំ

វត្តសំរោង ស្រុកសូទ្រនិគម រៀបចំពិធីបុណ្យឆ្លងចេត្រ ដែលជាពិធីបុណ្យប្រពៃណីដែលពលរដ្ឋក្នុងមូលដ្ឋានបន្តធ្វើឡើងជារៀងរាល់ឆ្នាំ
0

វត្តសំរោង ស្រុកសូទ្រនិគម រៀបចំពិធីបុណ្យឆ្លងចេត្រ ដែលជាពិធីបុណ្យប្រពៃណីដែលពលរដ្ឋក្នុងមូលដ្ឋានបន្តធ្វើឡើងជារៀងរាល់ឆ្នាំ

ជាធម្មតាក្រោយពីចូលឆ្នាំថ្មីប្រពៃណីខ្មែរហើយប្រមាណមួយ ឬពីរសប្តាហ៍ ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អង្គរ និងតាមបណ្ដាស្រុកមួយចំនួន ក្នុងខេត្តសៀមរាប តែងប្រារព្ធបុណ្យម្យ៉ាង ហៅថាឆ្លងចេត្រ ទៅតាមប្រពៃណី ទំនៀមទម្លាប់របស់ពលរដ្ឋក្នុងមូលដ្ឋានរៀងៗខ្លួន ដើម្បីរំលឹកថា ឆ្លងផុតពីខែចេត្រចូលទៅខែពិសាខ ដែលជាខែចាប់ផ្ដើមធ្លាក់ភ្លៀង ពោលគឺខែដែលប្រជាកសិករចាប់ផ្ដើមដាស់ដីភ្ជួររាស់ធ្វើស្រែចម្ការ។

ជាក់ស្ដែងកាលពីរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ ព្រះចៅអធិការ ព្រះសង្ឃ គណៈកម្មការ និងប្រជាពលរដ្ឋចំណុះជើងវត្តសំរោង ស្ថិតក្នុងភូមិសំរោងជើង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប បានរៀបចំធ្វើពិធីបុណ្យឆ្លងចេត្រ ទៅតាមការគ្រោងទុក។ ក្នុងពិធីឆ្លងចេត្រនេះ មានការរៀបចំពិធីសាសនាតាមទំនៀមទម្លាប់ និងជំនឿរបស់ពួកគាត់ ហើយប្រជាពលរដ្ឋបានមកជួបគ្នាលេងល្បែងប្រជាប្រិយ កម្សាន្តសប្បាយយ៉ាងច្រើនកុះករ ជាពិសេសការរាំលេងសប្បាយ មិនខុសពីពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនោះទេ។

ព្រះតេជគុណ ថង ចន្ថា ព្រះគ្រូចៅអធិការវត្ត មានសង្ឃដីកាថា ពិធីឆ្លងចេត្រ សម្រាប់វត្តសំរោង តែងតែធ្វើឡើងតរៀងមកតាំងពីបុរាណកាល។ សម្រាប់ឆ្នាំនេះ ឃើញថាប្រជាពលរដ្ឋមកពីគ្រប់ទិសទីយ៉ាងច្រើនបានមកចូលរួម ដោយក្រៅពីកម្មវិធីសាសនា និងជំនឿ ក៏មានរៀបចំកម្មវិធីកម្សាន្តសប្បាយជាច្រើន ក្នុងន័យបង្កភាពសប្បាយរបស់បងប្អូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ក៏មានកម្មវិធីដង្ហែបង្អែមខ្មែរ ៣៦មុខ ក្នុងគោលបំណងដើម្បីអភិរក្ស និងផ្សព្វផ្សាយបង្អែមខ្មែរឱ្យគេបានស្គាល់ កាន់តែទូលំទូលាយ ជាពិសេសសម្រាប់ភ្ញៀវទេសចរបរទេសបានស្គាល់ ពេលគេមកកម្សាន្តនៅកម្ពុជា បានភ្លុករសជាតិបង្អែមខ្មែរយើង ហើយបង្អែមទាំងនេះ ក៏បានដាក់ឱ្យបងប្អូនហូបដោយសេរីផងដែរ៕SRP

អត្ថបទ និងរូបភាព៖ លោក ឃុត សៅ
‎កែសម្រួល៖ លោក អ៊ុន ណារាជ្យ