‎រូបសំណាកព្រះវិស្ណុផ្លែងសរជិះលើស្ដេចគ្រុឌ ត្រូវបានយាងមកគង់នៅកន្លែងដើមវិញ ដោយមានការសាទរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប

‎រូបសំណាកព្រះវិស្ណុផ្លែងសរជិះលើស្ដេចគ្រុឌ ត្រូវបានយាងមកគង់នៅកន្លែងដើមវិញ ដោយមានការសាទរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប
0

‎រូបសំណាកព្រះវិស្ណុផ្លែងសរជិះលើស្ដេចគ្រុឌ ត្រូវបានយាងមកគង់នៅកន្លែងដើមវិញ ដោយមានការសាទរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប

‎ឯកឧត្តម សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និង ឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត រួមជាមួយមន្រ្តីរាជការ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នៅរសៀលថ្ងៃម្សិលមិញ បានអញ្ជើញធ្វើពិធីបួងសួងយាងរូបសំណាក ព្រះវិស្ណុផ្លែងសរជិះលើស្តេចគ្រុឌ ពីខេត្តឧត្តរមានជ័យ ឱ្យមកគង់នៅកន្លែងដើមវិញ ស្ថិតនៅចំណុចរង្វង់មូលគ្រុឌ ផ្លូវជាតិលេខ៦ ឆ្ពោះទៅព្រលានយន្តហោះអន្តរជាតិសៀមរាបចាស់ ដោយមានការសាទរយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប។

‎ក្នុងនោះរដ្ឋបាលខេត្តបានធ្វើការកែសម្រួលរូបសំណាក នៅរង្វង់មូលមុខវិទ្យាល័យ សម្តេចឪ (មុខគ្រុឌ) ផ្លូវទៅអាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបចាស់ ដោយបានរៀបចំក្រុងពលីបួងសួង សុំយាងព្រះបាទជ័យវរ្ម័នទី៧ ពីចំណុចរង្វង់មូលមុខវិទ្យាល័យសម្តេចឪ (មុខគ្រុឌ) ទៅគង់នៅវត្តរាជបូណ៌ ហើយរៀបចំយករូបសំណាកព្រះវិស្ណុគង់លើគ្រុឌ (ដែលជារូបដើម) មកដាក់នៅទីតាំងដើមវិញ។ ជាមួយនេះក៏មានការរៀបចំពិធីបួងសួងសុំសេចក្តីសុខសប្បាយជូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាផងដែរ។

‎សូមបញ្ជាក់ថា រូបសំណាកព្រះវិស្ណុគង់លើគ្រុឌនេះ គឺជារូបសំណាក់ ដែលមានអត្តសញ្ញាណ និងទាក់ទងជិតស្និទ្ធជាមួយប្រវត្តិសាស្ត្រ វប្បធម៌ និង ទេសចរណ៍របស់ខេត្តសៀមរាប ដូច្នេះការយាងត្រឡប់មកនៅកន្លែងដើមវិញ គឺមានន័យសំខាន់ក្នុងការរក្សាភាពត្រឹមត្រូវនៃទីតាំងប្រវត្តិសាស្ត្រ និង អត្ថន័យសិល្បៈ។

ការដែលរដ្ឋបាលខេត្តសៀមរាប យាងរូបសំណាក់ព្រះវិស្ណុគង់លើខ្នងគ្រុឌ ត្រឡប់មកវិញ គឺជាការអនុវត្តតាមគោលការណ៍ថែរក្សា និងគោរពតម្លៃដើមនៃសម្បត្តិវប្បធម៌ និងសិល្បៈជាតិ និងតាមការស្នើសុំពីប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប ដែលមានជំនឿទៅលើរូបសំណាកព្រះវិស្ណុគង់លើគ្រុឌ នេះផងដែរ។

ជាពិសេសទីតាំងរង្វង់មូលផ្លូវជាតិលេខ៦ (រង្វង់មូលមុខគ្រុឌ) នេះ គឺជាច្រកចូលសំខាន់មួយសម្រាប់ភ្ញៀវទេសចរ មុនចូលទៅកាន់តំបន់អង្គរ និងទីក្រុងសៀមរាប។ ដូច្នេះរូបសំណាក់ព្រះវិស្ណុគង់លើខ្នងគ្រុឌ ត្រូវបានយកទៅដាក់វិញ ដើម្បីបន្តបម្រើជាសញ្ញាសម្គាល់វប្បធម៌ និងជាទេសភាពទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ។

‎ក្នុងនោះដែរបងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តសៀមរាប យ៉ាងច្រើនកុះករ បានឈរអមសងខាងផ្លូវ ដើម្បីទទួលរូបសំណាកព្រះវិស្ណុគង់លើគ្រុឌមកគង់នៅកន្លែងដើមវិញ ដោយពួកគាត់បានបង្ហាញពីការសាទរ និងសប្បាយចិត្តជាខ្លាំង ព្រោះពួកគាត់ចង់បានរូបសំណាកព្រះវិស្ណុគង់លើគ្រុឌ ឱ្យគង់នៅកន្លែងដើមនេះវិញជាយូរមកហើយ ដោយពួកគាត់មានជំនឿថា កាលរូបសំណាកព្រះវិស្ណុគងលើគ្រុឌគង់នៅទីតាំងដើមនេះ គឺប្រជាពលរដ្ឋតែងតែជួបនូវសេចក្ដីសុខរហូតមក។

‎តាមការបញ្ជាក់របស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានឱ្យដឹងថា កាលដើមឡើយខេត្តសៀមរាប .ខេត្តឧត្តរមានជ័យ គឺជាទឹកដីខេត្តតែមួយ គឺខេត្តសៀមរាបឧត្តរមានជ័យ។ ការយាងរូបសំណាក់ព្រះវិស្ណុគង់លើស្ដេចគ្រុឌ នេះ ព្រះអង្គគង់ នៅទីណាក៏បានដែរ ព្រោះជាទឹកដីនៃមហានគរកម្ពុជា ព្រះអង្គនឹងធ្វើការថែរក្សាប្រជានុរាស្ត្រព្រះអង្គ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

‎ឯកឧត្តមអភិបាលខេត្ត ក៏បានគូសបញ្ជាក់ថា នៅពេលខាងមុខ រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំដាក់នូវរូបសំណាក នៅតាមរង្វង់មូលមួយចំនួន ដែលរូបសំណាកទាំងនោះ ពាក់ព័ន្ធទៅនឹង ប្រវត្តិសាស្ត្រ និង វប្បធម៌ អរិយធម៌ និង ប្រពៃណី ទំនៀមទម្លាប់របស់បងប្អូនខេត្តសៀមរាបទៀតផង។

ដោយមានជំនឿជឿជាក់លើបារមីរបស់ព្រះវិស្ណុគងលើគ្រុឌ បងប្អូនប្រជាពុទ្ធបរិស័ទ ទាំងចាស់ទាំងក្មេង បានធ្វើការ បូជាទៀនធូបបួងសួងសុំសេចក្ដីសុខដល់ប្រជាជាតិ មាតុភូមិកម្ពុជា ឱ្យមានការអភិវឌ្ឍន៍ រីកចម្រើនជារៀងរហូត៕SRP

អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ
‎កែសម្រួល៖ លោក អ៊ុន ណារាជ្យ