សម្ដេចតេជោហ៊ុន សែន រម្លឹក៥១ឆ្នាំមុន ពេលនេះម៉ោងនេះ កំពុងសន្លប់មិនដឹងខ្លួនដោយរបួសធ្ងន់ភ្នែកឆ្វេង
ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន នៅថ្ងៃនេះបានរំលឹកកាលពីជាង៥០ឆ្នាំមុន ដែលសម្ដេចត្រូវរបួសធ្ងន់ ឯមិត្តជិត៣០នាក់បានពលីជីវិត។
ក្នុងសាររបស់សម្ដេចតេជោហ៊ុន សែន បានសរសេរក្នុងន័យដើមទាំងស្រុងថា៖ ៥១ឆ្នាំមុនពេលនេះម៉ោងនេះខ្ញុំកំពុងសន្លប់មិនដឹងខ្លួននៅឡើយបន្ទាប់ពីត្រូវរបួសធ្ងន់(ភ្នែកឆ្វេង)ប្រមាណម៉ោង៦ព្រឹកថ្ងៃ១៦មេសា១៩៧៥។
សម្ដេចតេជោបានសរសេរបន្តថា មុខព្រួញដែលដឹកនាំបញ្ជាដោយខ្ញុំផ្ទាល់ត្រូវស្លាប់និងរបួស៣៨នាក់រាប់ទាំងរូបខ្ញុំជាមេបញ្ជាការផង។ សំណាងល្អជីវិតខ្ញុំនៅរស់តែមិត្តខ្ញុំជិត៣០នាក់បានពលីជីវិតរួចទៅហើយ។ សង្គ្រាមគឺបែបនេះហើយដែលយើងមិនចង់ជួបវាទៀតទេ។
សូមចាក់ផ្សាយឡើងវិញចម្រៀង២បទដែលមានចំណងជើងថា(ធ្លាក់ខ្លួនពិការដោយសារសង្គ្រាម)និងបទ(យល់ខុសគិតខុស)។ ជូនពរជនរួមជាតិជួបតែសេចក្ដីសុខសេចក្ដីចម្រើនក្នុងឆ្នាំថ្មីនេះ៕SRP

