ចាប់ខ្លួនជនដៃដល់ដែលនាំក្មេងប្រុសអាយុ៥ឆ្នាំ យកទៅអាករសម្លាប់
ខេត្តសៀមរាប៖ជនដៃដល់ដែលនាំក្មេងប្រុសអាយុ ៥ឆ្នាំយកទៅអាករសម្លាប់ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនបន្ទាប់ពីធ្វើសកម្មភាព។
នគរបាលខេត្តសៀមរាបបានឱ្យដឹងថាជនដៃដល់ឈ្មោះឆេន សុខ អាយុ២៨ ឆ្នាំ (ជាអតីតបងថ្លៃរបស់គ្រួសារសព) មុខរបរស៊ីឈ្នួលបើករថយន្តស្ទួច ទីកន្លែងកំណើតភូមិព្រៃទួល ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង ទីលំនៅបច្ចុប្បន្នភូមិច្រេស ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ឯកុមាររងគ្រោះឈ្មោះ ដួង ពេជ្ជរ៉ា អាយុ៥ឆ្នាំត្រូវបានជនដៃដល់ យកទៅលាក់ក្នុងប្រឡាយមួយមានព្រៃល្បាស់ ប្រហែល ១០០ម៉ែត្រ ខាងត្បូវផ្លូវគ្រួសក្រហមមានបង្កោលភ្លើង (ធំ) បត់ចេញពីផ្លូវកែវសារ៉ាន់ ស្ថិតនៅភូមិច្រេស ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
យោងតាមចម្លើយសារភាពរបស់ជនសង្ស័យបានរៀបរាប់ថា ខ្លួនពិតជាបានបោកបញ្ឆោតកុមារនាំទៅតំបន់ដាច់ស្រយាលក្នុងវាលស្រែបន្ទាប់មកប្រើកាំបិតចាក់និងអារកសម្លាប់យ៉ាងព្រៃផ្សៃ រហូតបណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុស្តិតក្នុងភូមិច្រេស ឃុំកណ្តែក ស្រុកប្រាសាទបាគងតែម្ដង។ ជនដៃដល់ខឹងសម្បារ និងគំនុំផ្ទាល់ខ្លួន ថាម្តាយសពបានបង្ហាញរឿងសម្ងាត់របស់ខ្លួនទៅប្រពន្ធ បណ្តាលឲ្យគ្រួសារខ្លួនបែកបាក់ ទទើបមានគំនុំទៅជាអំពើឃាតកម្មដ៏អាក្រក់បំផុតនេះ។
នគរបាលបានបន្តថា វត្ថុតាងដែលដកហូតបាន រួមមាន ម៉ូតូ០១ គ្រឿង និងទូរស័ព្ទដៃ ០១ គ្រឿង។ ជនដៃដល់ករណីឃាតកម្ម គិតទុកជាមុននេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនទៅតុលាការ នៅថ្ងៃទី១៦ ខែមេសា ដើម្បីចាត់ការផ្តន្ទាទោសជនល្មើសតាមផ្លូវច្បាប់។
សូមជម្រាបថាហេតុការណ៍នៅវេលាម៉ោង១៥និង៣០នាទីល្ងាច ថ្ងៃទី១៥ ខែមេសាឆ្នាំ២០២៦ បន្ទាប់ ពីទទួលបានសេចក្តីរាយការណ៍ និងពាក្យបណ្តឹងករណីបាត់ខ្លួនក្មេងប្រុសអាយុត្រឹមតែ៥ ឆ្នាំ ក្នុងស្រុកប្រាសាទបាគង និងដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប និងការដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ព្រមទាំងមានកិច្ចសម្របសម្រួលនីតិវិធីពីឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប កម្លាំងផែននគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងនគរបាលស្រុកប្រាសាទបាគង
រួមជាមួយអាវុធហត្ថបានបើកការស្រាវជ្រាវ យ៉ាងម៉ត់ចត់ រហូតកំណត់បង្ហាញបានថា ករណីនេះ មិនមែនជាករណីបាត់ខ្លួនឡើយ តែជាករណី ឃាតកម្មឈានដល់ការចាប់ខ្លួនជនដៃដល់៕SRP

