ឯកឧត្តម អ៊ុយ រី និងឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាលើបណ្ដាញសង្គមដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាលើបណ្ដាញសង្គមក្នុងខេត្តបាត់ដំបងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ជំនួបនេះធ្វើឡើងនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង។
មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តម សុខ លូ លើកទឹកចិត្តដល់អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាសូមចូលរួមផ្សព្វផ្សាយអប់រំអំពីគ្រោះថ្នាក់ចរាចរណ៍ អនាម័យបរិស្ថាន និងបញ្ជ្រាបឱ្យប្រជាពលរដ្ឋបានយល់ដឹងពីរបៀបប្រើប្រាស់កម្មវិធីទូរសព្ទដៃ «App NoDrug» ដែលជាមធ្យោបាយលឿនឆាប់រហ័ស សុវត្ថិភាព និងរក្សាការសម្ងាត់១០០% ចំពោះអ្នករាយការណ៍ករណីគ្រឿងញៀន ។
ឯកឧត្តម បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែន និងអំពាវនាវដល់អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល។
ឯកឧត្តម គូសបញ្ជាក់ពីការរៀបចំសង្រ្កាន្តបាត់ដំបងឆ្នាំនេះធ្វើឡើងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី និងលើកស្ទួយវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរ ព្រមទាំងកៀរគរធនធានដើម្បីជួយឧបត្ថម្ភគាំទ្រដល់វីរកងទ័ពជួរមុខ។
ឯកឧត្តម រំលេចបន្ថែមថា សង្ក្រាន្តបាត់ដំបងឆ្នាំនេះ មានរៀបចំកម្មវិធីសិល្បៈរួមមាន ការសម្ដែងល្ខោនខោល និងរបាំនានា ការប្រគំតន្ត្រីចង្វាក់ប្រពៃណី ការរាំលេងកម្សាន្ត ការលេងល្បែងប្រជាប្រិយផ្សេងៗ ជាពិសេសចង់បង្ហាញដល់ភ្ញៀវជាតិ អន្តរជាតិឱ្យស្គាល់ពីទំនៀមទម្លាប់នៃការរស់នៅ ក៏ដូចជាសក្តានុពលនានារបស់ខេត្តបាត់ដំបង តាមរយៈការរៀបចំដាក់តាំង បង្ហាញនូវផលិតផលនៃបណ្តាក្រុង-ស្រុកទាំង១៤ ការបង្ហាញរបៀបធ្វើម្ហូបអាហារ និងបង្អែមខ្មែរ ការតាំងបង្ហាញមុខម្ហូបអ្នកបាត់ដំបង។
ឯកឧត្តម ជំរុញឱ្យអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាចូលរួមផ្សព្វផ្សាយពីព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងឱ្យបានផុសផុលដើម្បីទាក់ទាញបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យបានច្រើនកុះករ៕SRP

