រដ្ឋាករទឹកស្វយ័តសៀមរាប ទទួលស្គាល់ថា រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ការផ្គត់ផ្គង់ទឹកស្អាត មានបញ្ហាធុំក្លិនដី ក្លិនភក់ បណ្តាលមកពីប្រភពទឹកបឹងទន្លេសាបមានការប្រែប្រួលគុណភាពលឿនខុសប្រក្រតី
ខេត្តសៀមរាប៖រដ្ឋាករទឹកស្វយ័តសៀមរាប (រ.ស.ស) សូមគោរព សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា ៖ រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ការផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័ត សៀមរាប មានបញ្ហាធុំក្លិនដី ក្លិនភក់ ជាពិសេសស្ថិតនៅផ្នែកខាងកើតនៃស្ទឹងសៀមរាប ដែលការផ្គត់ផ្គង់ទឹក មានប្រភពចេញពីរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតជ្រាវ ដោយប្រើប្រាស់ប្រភពទឹកពីបឹងទន្លេសាប។ បញ្ហាខាងលើនេះ ដោយសារបម្រែបម្រួល បណ្តាលមកពីប្រភពទឹកបឹងទន្លេសាបមានការប្រែប្រួលគុណភាពលឿនខុសប្រក្រតី អាកាសធាតុក្តៅខ្លាំង បណ្តាលឱ្យប្រភពទឹក គោករាក់ ភក់ ស្លែ និងពាំកើនឡើងខ្ពស់។ មូលហេតុទាំងអស់ នេះបណ្តាលឱ្យប្រព័ន្ធប្រព្រឹត្តិកម្មរោងចក្រទឹកស្អាតជ្រាវ មិនអាចដកក្លិនបានទាំងស្រុង។
ឆ្លើយតបទៅនឹងការ លើកឡើងរបស់អតិថិជន និងសាធារណជន រដ្ឋាករទឹកស្វយ័តសៀមរាប សូមធ្វើការជម្រាបជូនថា យើងបាន នឹងកំពុងមានវិធានការបន្ទាន់ក្នុងការស្តារ និងដោះស្រាយបញ្ហាទាំងអស់នេះឱ្យបានឆាប់បំផុត។
ទន្ទឹមនឹងនេះ រដ្ឋាករទឹកស្វយ័តសៀមរាប សូមបញ្ជាក់ផងដែរថា បញ្ហាក្លិនដែលកំពុងជួបប្រទះ បច្ចុប្បន្នមិនបណ្តាលឱ្យប៉ះពាល់ដល់សុខភាព។ សម្រាប់ព័ត៌មានបន្ថែម៖ សូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖(៨៥៥) ៦៣ ៩៦៣ ៣៩៥។
អាស្រ័យហេតុនេះសូម សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី មេត្តាយោគយល់ អធ្យាស្រ័យ និងជ្រាបជាព័ត៌មាន។ រដ្ឋាករទឹកស្វយ័តសៀមរាប សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមមតិយោបល់ ការ ផ្តល់ព័ត៌មាន និងការសហការនាពេលកន្លងមក៕SRP

