សាលាដំបូងខេត្តសៀមរាប ណែនាំឲ្យមន្ត្រីគរបាលយុត្តិធម៌ នៃមន្ទីរប្រៃសណីយ៍ បំពេញតួនាទីការងារដោយប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈនិងស្របតាមនីតិវិធីនិងច្បាប់ជាធរមាន

សាលាដំបូងខេត្តសៀមរាប ណែនាំឲ្យមន្ត្រីគរបាលយុត្តិធម៌ នៃមន្ទីរប្រៃសណីយ៍ បំពេញតួនាទីការងារដោយប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈនិងស្របតាមនីតិវិធីនិងច្បាប់ជាធរមាន
0

សាលាដំបូងខេត្តសៀមរាប ណែនាំឲ្យមន្ត្រីគរបាលយុត្តិធម៌ នៃមន្ទីរប្រៃសណីយ៍ បំពេញតួនាទីការងារដោយប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈនិងស្របតាមនីតិវិធីនិងច្បាប់ជាធរមាន

នៅក្នុងពិធីសច្ចាប្រណិធាន និងធ្វើកិច្ចនីតិវិធីសម្បថ ជានគរបាលយុត្តិធម៌ ចំនួន៦រូប របស់មន្រ្តីរាជការនៃមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តសៀមរាបដែលត្រូវបានផ្តល់នីតិសម្បទា ជានគរបាលយុត្តិធម៌ នាថ្ងៃទី៣១ ខែ មីនា ឆ្នាំ២០២៦ នេះ តំណាងអយ្យការសាលាដំបូងខេត្តសៀមរាប លោក យិន
មុនីរិទ្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប បានមានប្រសាសន៍ណែនាំសូមឲ្យបំពេញតួនាទីការងារដោយប្រកាន់ខ្ជាប់ក្រមសីលធម៌ វិជ្ជាជីវៈនិងស្របតាមនិតិវិធីនិងច្បាប់ជាធរមាន ដោយចៀសវាងនូវការប្រព្រឹត្តិកំហុស ដែលនាំឲ្យប្រឈមនឹងការដាក់ពិន័យឬអាចឈានដល់ផ្លូវច្បាប់ ហើយត្រូវចូលរួមរាយការណ៍ពីបទល្មើសនានា ដែលក្រៅពីសមត្ថកិច្ច
ខ្លួនដែលបានដឹងដល់ព្រះរាជអាជ្ញា។

លោក យិន មុនីរិទ្ធ បន្តថា ករណីមានឧបសគ្គ ក្នុងការអនុវត្តនិតិវិធី គឺត្រូវរាយការណ៍ និងសុំការណែនាំពីព្រះរាជអាជ្ញាដើម្បីបង្កា នូវការអនុវត្តខុស ដែលអាចប៉ះពាល់ដល់នីតិវិធី ឬរងពាក្យបណ្តឹងមោឃភាពនីតិវិធីផងដែរ។

លោក យិន មុនីរិទ្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប ក៏បានមានប្រសាសន៍លើកទឹកចិត្ត ដល់មន្ត្រីនគរបាលយុត្តិធម៌ទាំងអស់ នៃមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តសៀមរាប សូមឲ្យពិនិត្យបទល្មើសនានា ក្នុងដែនសម្ថកិច្ចនិងផ្ញើររបាយការណ៍.ជូនព្រះរាជអាជ្ញា ហើយត្រូវបន្តពង្រឹងនូវសមត្ថភាពជំនាញ ឲ្យទាន់ស្ថានភាពការណ៍សង្គមជាក់ស្តែង ដើម្បីមានមូលដ្ឋាននិងជំនាញគ្រប់គ្រាន់ក្នុងការស្រាវជ្រាវ បទល្មើសនានាជាពិសេស បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ឬបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាអាទិ៍ ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់និងបង្រ្កាបបទល្មើសទាំងនោះនៅក្នុងប្រទេស ។

លោក ឃី ឆៃ អនុប្រធានសាលាដំបូងខេត្តសៀមរាបបានមានប្រសាសន៍ថា ការចូលមកសច្ចាប្រណិធាន ដែលត្រូវបានផ្តល់នីតិសម្បទា ជានគរបាលយុត្តិធម៌របស់មន្ត្រីរាជការនៅចំពោះមុខសាលាដំបូងគឺជាកិច្ចការផ្លូវការដ៏មានសារៈសំខាន់បំផុតមួយ ដែលបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបម្រើជាតិនិងប្រជាជនដោយ ក្នុងនោះត្រូវមានភាពស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងការពាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

លោក ឃី ឆៃ បន្តថា មន្ត្រីមួយចំនួន (ដូចជាភ្នាក់ងារនគរបាលយុត្តិធម៌ ឬអធិការកិច្ច) មិនអាចប្រើប្រាស់អំណាចតាមផ្លូវច្បាប់បានពេញលេញឡើយប្រសិនបើមិនទាន់បានស្បថនៅចំពោះមុខតុលាការ។

ការស្បថនេះ គឺជា “ការបើកផ្លូវច្បាប់” ឱ្យមន្ត្រីនោះមានសិទ្ធិចុះអនុវត្តការងារ ចាប់ចង ឬធ្វើកំណត់ហេតុផ្សេងៗ បានជាផ្លូវការ។ ការធ្វើសច្ចាប្រណិធាន នៅចំពោះមុខចៅក្រម និងអយ្យកា គឺជាការដាស់តឿនសតិសម្បជញ្ញៈ ឱ្យមន្ត្រីដឹងថា ខ្លួនកំពុងមានបន្ទុកដ៏ធ្ងន់ ក្នុងការបម្រើរាស្ត្រផងដែរ ហើយនៅពេលដែលមន្ត្រីម្នាក់បានឆ្លងកាត់ពិធីសច្ចាប្រណិធាន វាក៏ជាសារមួយផ្ញើទៅកាន់ប្រជាពលរដ្ឋថា មន្ត្រីរូបនោះនឹងបំពេញការងារដោយយុត្តិធម៌ និងតម្លាភាពផងដែរ។

ក្នុងនាមជាថ្នាក់ដឹកនាំ លោក សុខ សីហា ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តសៀមរាប បានមានប្រសាសន៍ថា ពិតជាវិសេសវិសាលណាស់ សម្រាប់មន្ត្រីដែលបានផ្តល់នីតិសម្បទា ជានគរបាលយុត្តិធម៌ បានធ្វើកិច្ចសច្ចាប្រណិធាននេះ មានសារៈសំខាន់ខ្លាំង ជាពិសេស ក្នុងនាមជាមន្ត្រីដែលត្រូវអនុវត្តច្បាប់ក្នុងវិស័យបច្ចេកវិទ្យា យើងទាំងអស់គ្នាត្រូវមានភាពសុចរិត ក្នុងការគ្រប់គ្រងប្រព័ន្ធទូរគមនាគមន៍ និងការផ្តល់អាជ្ញាប័ណ្ណផ្សេងៗ ដើម្បីធានាបាននូវការប្រកួតប្រជែង ដោយស្មោះត្រង់ និងការពារផលប្រយោជន៍អ្នកប្រើប្រាស់ ហើយយើងត្រូវដើរតួជាខែលការពារដ៏រឹងមាំ ក្នុងការទប់ស្កាត់រាល់សកម្មភាពបច្ចេកវិទ្យា ដែលប៉ះពាល់ដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សង្គម ដោយឈរលើមូលដ្ឋានច្បាប់ និងបទដ្ឋានបច្ចេកទេស ដែលយើងមានផងដែរ៕SRP