បញ្ជូនទៅតុលាការ អ្នកបើករថយន្តបុកអ្នកថ្មើរជើងបណ្តាលឲ្យស្លាប់៥នាក់

បញ្ជូនទៅតុលាការ អ្នកបើករថយន្តបុកអ្នកថ្មើរជើងបណ្តាលឲ្យស្លាប់៥នាក់
0

បញ្ជូនទៅតុលាការ អ្នកបើករថយន្តបុកអ្នកថ្មើរជើងបណ្តាលឲ្យស្លាប់៥នាក់

ត្រូវបានការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បញ្ជូនអ្នកបើករថយន្តដឹកស្វាយ ដែលបានរេចង្កូតទៅបុកអ្នកថ្មើរជើងបណ្តាលឲ្យស្លាប់៥នាក់យ៉ាងអាណោចអាធ័ម នៅភូមិជាយស្បៃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ទៅកាន់អយ្យការអមសាលាដំបូងខេត្តនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ដើម្បីចាត់ការបន្តតាមច្បាប់។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានបញ្ជាក់ថា អ្នកបើកបររថយន្តបង្កមានឈ្មោះ វេង គ្រីស្នា អាយុ៣០ឆ្នាំ រស់នៅភូមិប៉ាហាល សង្កាត់ប៉ាលហាល ក្រុងព្រះវិហា ខេត្តព្រះវិហា។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ (Hyundai) ចំណុះ៥តោន ពណ៌ស លាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3E-2070 បានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតទៅខាងឆ្វេង ជ្រុលទៅបុកអ្នកថ្មើរជើងពេញទំហឹងតែម្តង បណ្តាលឲ្យស្លាប់ចំនួន៥នាក់។

ជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះរួមមាន៖

*ទី១៖ ឈ្មោះ សៀង ខាន់ ភេទស្រី អាយុ៦៥ឆ្នាំ (ស្លាប់នៅកន្លែង)
*ទី២៖ ឈ្មោះ ធឿន ចាន់នី ភេទស្រី អាយុ១០ឆ្នាំ (ស្លាប់នៅកន្លែង)
*ទី៣៖ ឈ្មោះ ធឿន ស្រីខួច ភេទស្រី អាយុ១២ឆ្នាំ (ស្លាប់នៅកន្លែង)
*ទី៤៖ ឈ្មោះ គង់ គី ភេទស្រី អាយុ៧៣ឆ្នាំ (ស្លាប់នៅកន្លែង)
*ទី៥៖ ឈ្មោះ ជា សុខហេង ភេទស្រី អាយុ៨ឆ្នាំ (រងរបួសធ្ងន់ និងបានស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅដល់មន្ទីរពេទ្យ)។

ជនរងគ្រោះទាំងអស់មានទីលំនៅភូមិជាយស្បៃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។

សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងវេលាម៉ោង ៨៖៣០នាទីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិជាយស្បៃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ បណ្តាលឱ្យមនុស្សចំនួន៥នាក់ បានស្លាប់៕SRP