ចាក់សម្លាប់ម្ចាស់ផ្ទះជួល ខឹងហាមឃាត់កុំឲ្យខ្លួនស្រែកឡូឡាពេក ចាក់សម្លាប់
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានឲ្យដឹងថាដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបជនដៃដល់ចាក់សម្លាប់ម្ចាស់ផ្ទះជួលនៅខណ្ឌមានជ័យ រហូតដល់ខេត្តរតនគិរី។
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានបន្តថាកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ មានករណី ឃាតកម្ម កើតឡើង នៅចំណុចផ្ទះលេខ២៨៧ ផ្លូវបេតុង ភូមិព្រែកតានូ១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្កដោយជនសង្ស័យឈ្មោះ ហុក វិរៈ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ បានធ្វើសកម្មភាពប្រើកាំបិតចុងស្រួចចាក់ទៅលើជនរងគ្រោះឈ្មោះ ងិន ធីរ៉ា ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរមន្ត្រីនគរបាលចូលនិវត្តន៍ បណ្តាលឲ្យបាត់បង់ជិវិតភ្លាមៗ។
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានបន្ថែមថាក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយទទួលបានបញ្ជាពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន លោកវរសេនីយ៍ឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចុះដល់ទីតាំងកើតហេតុ និងសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីពិនិត្យជុំវិញទីតាំងកើតហេតុ។
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបញ្ជាក់ថាលុះនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង២៣៖២០នាទី កម្លាំងជំនាញបានបន្តសហការជាមួយស្នងការដ្ឋាននគរបាលខេត្តរតនគិរី និងខេត្តកណ្តាល រហូតឃាត់ខ្លួនបានជនសង្ស័យខាងលើនៅចំណុចភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគីរី។
ជនសង្ស័យបានសារភាពថា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ខ្លួនពិតជាបានធ្វើសកម្មភាពយកកាំបិតចុងស្រួចចាក់ទៅលើជនរងគ្រោះឈ្មោះ ងិន ធីរ៉ា បណ្តាលអោយស្លាប់ ប្រាកដមែន មូលហេតុដោយសារតែខឹងជនរងគ្រោះហាមឃាត់កុំអោយខ្លួនស្រែកឡូឡាពេក។
បច្ចុប្បន្នជនសង្ស័យកំពុងបញ្ជូនខ្លួនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីបន្តនីតិវិធី៕SRP

