មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ទទួលបានប័ណ្ណសរសើរ ក្នុងឱកាសសន្និបាតសុខាភិបាលខេត្តសៀមរាប
ខេត្តសៀមរាប៖ក្នុងឱកាសដែលឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញជាអធិបតីក្នុង “កម្មវិធីបើកសន្និបាតបូកសរុបសមិទ្ធផលការងារសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប ប្រចាំឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦” ដែលបានប្រារព្ធឡើងនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។
ឯកឧត្តមរដ្ឋមន្ត្រី បានបំពាក់មេដាយជូនមន្ត្រីរាជការ និងបុគ្គលិកដែលមានស្នាដៃល្អ និងបានចូលនិវត្តន៍សរុបចំនួន ២២រូប ព្រមទាំងបានប្រគល់ប័ណ្ណសរសើរ ជូនថ្នាក់ដឹកនាំ និងបុគ្គលិកមន្ទីរពេទ្យជ័យវរ្ម័នទី៧ ដែលបានខិតខំបំពេញភារកិច្ចដោយភាពអត់ធ្មត់ តស៊ូ និងលះបង់កម្លាំងកាយចិត្ត ក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ និងប្រជាពលរដ្ឋ ជាពិសេសក្រុមគ្រួសារវីរៈកងទ័ព និងប្រជាជននៅតំបន់ព្រំដែនកម្ពុជា–ថៃ ទាំងនាពេលកន្លងមក និងបច្ចុប្បន្ន។
ក្នុងឱកាសនេះដែរ លោកសាស្ត្រាចារ្យ យ៉ៃ ចន្ទនា ប្រធានមន្ទីរពេទ្យ បានធ្វើរបាយការណ៍ជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រី អំពីវឌ្ឍនភាព និងសកម្មភាពសុខាភិបាលសំខាន់ៗ ដែលមន្ទីរពេទ្យបានអនុវត្តន៍ក្នុងរយៈពេលកន្លងមក ដោយគូសបញ្ជាក់ពីការផ្តល់សេវាសុខាភិបាលចាប់ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០២៥ រួមមានសេវាពិគ្រោះជំងឺក្រៅ សេវាជំងឺសម្រាកព្យាបាល ការព្យាបាលជំងឺធ្ងន់ៗ ដូចជា មហារីក ទឹកនោមផ្អែម ជំងឺបេះដូង និងប្រព័ន្ធប្រសាទ ការវះកាត់ទំនើប ព្រមទាំងសេវាសម្ភពទាំងការសម្រាលធម្មជាតិ និងការវះកាត់។
លោកសាស្ត្រាចារ្យប្រធានមន្ទីរពេទ្យ បានបន្ថែមថា មន្ទីរពេទ្យកំពុងបន្តពង្រីកសមត្ថភាព ដោយសាងសង់អគារថ្មីមានក្រឡាផ្ទៃ ១៨ x ២៤.៥ ម៉ែត្រ កម្ពស់ ២ជាន់ ដែលនឹងបន្ថែមគ្រែចំនួន ៧០គ្រែ សម្រាប់បម្រើសេវាសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងទារក ដើម្បីឆ្លើយតបទៅនឹងតម្រូវការកើនឡើង ខណៈអត្រាប្រើប្រាស់គ្រែបានឈានដល់ ១៣៨% ក្នុងឆ្នាំ២០២៥។
បច្ចុប្បន្នមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានពង្រីកសេវាព្យាបាលជំងឺដុំមហារីក មហារីកគ្រាប់ឈាម មានគ្រែសម្រាប់សម្រាកព្យាបាលចំនួន២៦គ្រែ
សេវារោគវិនិច្ឆ័យ និង ព្យាបាលប្រព័ន្ធប្រសាទតាមរយៈម៉ាស៊ីន Angiography សេវាព្យាបាលផ្នែក ខ្សោយតម្រងនោមតាមរយៈ លាងស្រោមភ្នាសពោះវៀន peritoneal dialysis (PD) និង Hemofiltration និង ផ្នែកសង្រ្គោះបន្ទាន់ទារកទើបកើត មានការអភិវឌ្ឍន៍លើបច្ចេកទេសព្យាបាលដូចជា៖ ក្រុមគ្រូពេទ្យឯកទេសទារក នៅប្រចាំការសង្គ្រោះបន្ទាន់ ព្យាបាល និងតាមដាន២៤ម៉ោងលើ២៤ម៉ោង, ការរក្សាកម្តៅទារកក្នុងប្រអប់ Incubator និង Radiant warmer, ជំនួយក្នុងការធ្ចើរោគវិនិច្ឆ័យដោយម៉ាស៊ីន Ultrasound និង Xray, MRI ជំនួយដង្ហើមទារកដោយម៉ាស៊ីន CPAP និង Mechanical ventilation, ការតាមដានសញ្ញាជីវិត Cardiopulmonary monitoring, និងបច្ចេកទេសព្យាបាលខ្ពស់បំផុត ដោយការចាក់សរសៃទងផ្ចិត (UVC), ការចាក់សរសៃជ្រៅដល់បេះដូង (PICC), ការផ្តល់អាហាររូបត្ថម្ភបន្ថែមតាមសរសៃ (Parenteral nutrition) និងការផ្តល់ថ្នាំ សំរាប់ជួយសួតទារកមិនគ្រប់ខែ Surfactant តាមបចេ្ចកទេស។
ក្នុងឱកាសដ៏មានអត្ថន័យនេះ ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានសម្តែងនូវការគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមរដ្ឋមន្ត្រី ដែលបានយកចិត្តទុកដាក់ លើកទឹកចិត្ត និងផ្តល់កិត្តិយសជាប័ណ្ណសរសើរ ដែលជាកម្លាំងចិត្តដ៏មានតម្លៃសម្រាប់បន្តបេសកកម្មសុខាភិបាល។
មន្ទីរពេទ្យជ័យវរ្ម័នទី៧ បន្តប្តេជ្ញាផ្តល់សេវាសុខាភិបាលដោយឥតគិតថ្លៃ សម្រាប់កុមារ និងប្រជាពលរដ្ឋគ្រប់រូប ដោយគ្មានការរើសអើង ព្រមទាំងបន្តអភិវឌ្ឍគុណភាពសេវា ប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ និងមនុស្សធម៌ ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋកម្ពុជា ឲ្យកាន់តែប្រសើរឡើង៕SRP

