អ្នកទេសចរបានជាង៧ម៉ឺននាក់ មកកាន់ខេត្តសៀមរាប ក្នុងព្រឹត្ដិការណ៍ “សមរាត្រី”
រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ទី២៣ ខែមីនា ឆ្នាំ២០២៦ នៃព្រឹត្តិការណ៍សមរាត្រី ឬថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ទាក់ទាញអ្នកទេសចរបានជាង ៧៦ ០០០នាក់ ខណៈភ្ញៀវទេសចរអន្តរជាតិមានប្រមាណជាង ៦ ៥០០នាក់ ដោយភ្ញៀវទេសចរបានបង្ហាញក្ដីរំភើប ដែលបានមកទស្សនាដោយផ្ទាល់ នូវព្រឹត្តិការណ៍ដ៏អស្ចារ្យ ដែលលើសពីការរំពឹងទុក។
អ្នកទេសចរដែលបានមកទស្សនាព្រឹត្តិការណ៍ ពួកគាត់មានភាពភ្ញាក់ផ្អើលចំពោះព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ហើយវាជាលើកទី១ សម្រាប់ពួកគាត់ដែលបានមកទស្សនាផ្ទាល់បែបនេះ។ ពួកគាត់បានចូលមកទស្សនាថ្ងៃរះនេះចាប់ពីម៉ោង៣ទៀបភ្លឺ ហើយបានឃើញភាពស្រស់ស្អាតនៃថ្ងៃរះនៅលើកំពូលប្រាសាទអង្គរវត្ត ឆ្លុះជាមួយស្រះទឹកបញ្ចេញពន្លឺព័ណ៌មាសស្របពេលមានទេសភាពសម្រស់ខៀវខ្ចីនៃរុក្ខជាតិស្មៅក្នុងបរិវេណអង្គរ។ ពួកគាត់ថា វាពិតជាមិនខកបំណងឡើយ ដែលពួកគាត់បានចំណាយពេលដើម្បីមករង់ចាំទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្ត។
សូមបញ្ជាក់ថា ព្រឹត្ដិការណ៍ថ្ងៃរះចំកណ្ដាលប្រាសាទអង្គរ ឬហៅថា សមរាត្រី (Equinox) កើតឡើងចំនួន២ដង ជារៀងរាល់ឆ្នាំ គឺសមរាត្រីរដូវប្រាំង កើតឡើងនៅថ្ងៃទី២១ ខែមីនា និងសមរាត្រីរដូវវស្សា កើតឡើងនៅថ្ងៃទី២២ ខែកញ្ញា ដែលបានទាក់ទាញអារម្មណ៍ភ្ញៀវទេសចរជាតិ និង អន្តរជាតិ មកទស្សនាដោយផ្ទាល់ កាន់តែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ៕SRP
អត្ថបទ៖ លោកស្រី ហែម បូរ៉ាន្នី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

