ស្នងការនគរបាលខេត្តសៀមរាប៖ ត្រីមាសទី១ ឆ្នាំ២០២៦ បទល្មើសព្រហ្មទណ្ឌមានការថយចុះ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥
តាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារអនុវត្តគោលនយោបាយ “ភូមិឃុំ សង្កាត់ មានសុវត្ថិភាព” ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ បានបង្ហាញថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ នេះ ខេត្តសៀមរាបមានបទល្មើសព្រហ្មទណ្ឌកើតឡើង ១៩ករណី ថយចុះ៤ករណី បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ខណៈបទល្មើសគ្រឿងញៀន សមត្ថកិច្ចបង្ក្រាបបាន ៨១ករណី ថយចុះ ៥ករណី និងឃាត់ខ្លួនមនុស្សបានចំនួន ៤៦០នាក់។
លោកឧត្តមសេនីយ៍ទោ ហួត សុធី ក៏បានឱ្យដឹងថា ដើម្បីពង្រឹងសន្តិសុខជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ស្នងការដ្ឋាននគរបាលខេត្ត បានបំពាក់កាមេរ៉ាសុវត្ថិភាពសរុបចំនួន ១២៤ គ្រឿង នៅតាមបណ្តាក្រុងស្រុកទាំង១៣ ហើយក្រោមជំនួយរបស់ JICA តំបន់ដែលមានមនុស្សអ៊ូអរដូចជា Pub Street ត្រូវបានបំពាក់ដោយ AI Camera និងប៊ូតុងសញ្ញាសុវត្ថិភាពដើម្បីឆ្លើយតបចំពោះហេតុការណ៍បន្ទាន់បានទាន់ពេលវេលា។ ក្រៅពីការពង្រឹងសន្តិសុខជូនប្រជាពលរដ្ឋតាមប្រព័ន្ធបច្ចេកវិទ្យា ស្នងការដ្ឋាននគរបាលខេត្តក៏បានបង្ក្រាបករណី Online Scams បាន ២ករណី និងបានឃាត់ខ្លួនមនុស្ស ៩នាក់ផងដែរ។
ឯកឧត្តមនាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី៩ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាព ប្រចាំត្រីមាសរបស់រដ្ឋបាលខេត្តសៀមរាប និងបានណែនាំទៅដល់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវបន្តពង្រឹងការអនុវត្តវិធានការច្បាប់ពាក់ព័ន្ធនឹងបទល្មើសទាំងឡាយឱ្យបានម៉ឺងម៉ាត់ ប្រកបដោយវិជ្ជាជីវៈ និងទទួលខុសត្រូវខ្ពស់។ ចំពោះបញ្ហាបទល្មើសល្បែងស៊ីសង ក្មេងទំនើង ចោរកម្ម គ្រឿងញៀន កម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលទាំង១០០ ឃុំសង្កាត់ ក្នុងខេត្តសៀមរាប ត្រូវតែអនុវត្តវិធានការច្បាប់ និងបញ្ឈប់ឱ្យខាងតែបាន។
ឯកឧត្តម សួស អង្គារ៍ ក៏បានសាទរផងដែរ ចំពោះវិធានការរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប និងកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដែលបានសហការគ្នាល្អជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការគ្រប់គ្រង ធានាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ ដែលបានមកកម្សាន្តក្នុងខេត្តប្រវត្តិសាស្ត្រមួយនេះ និងការកសាងសមិទ្ធផលនានាបានយ៉ាងច្រើនផងដែរ។ ក្នុងនោះក៏ត្រូវបន្តផ្ដោតយ៉ាងសំខាន់លើបញ្ហា Online Scams ដោយត្រូវបោសសម្អាតកុំឱ្យមាននៅក្នុងភូមិសាស្ត្រខេត្តសៀមរាប។
ឯកឧត្តមរដ្ឋលេខាធិការ ក៏បានណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុងស្រុក ត្រូវបន្តជំរុញ ពង្រឹងការងារប្រឡងប្រណាំងការអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាព ឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់ ដោយអនុវត្តទៅតាមគោលការណ៍ទាំង ៧ចំណុច ដើម្បីធានាបាននូវសន្តិសុខសណ្ដាប់ធ្នាប់ល្អ។ ម្យ៉ាងទៀត ត្រូវពង្រឹងការគ្រប់គ្រង និងត្រៀមលក្ខណៈឆ្លើយតបបញ្ហាគ្រោះមហន្តរាយ គ្រោះថ្នាក់ និងជំងឺរាតត្បាតផ្សេងៗឱ្យមានប្រសិទ្ធភាពសំខាន់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរខាងមុខនេះ។ ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋាន និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក ក៏ត្រូវសហការពង្រឹងការទប់ស្កាត់ និងអនុវត្តការងារបង្ក្រាបបទល្មើសនានាឱ្យបានល្អប្រសើរ និងប្រសិទ្ធភាព។
លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត ក៏បានជំរុញដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក និងកងកម្លាំងសមត្ថកិច្ចទាំងអស់ ចូលរួមបង្ក្រាបបញ្ហាគ្រឿងញៀន ក្មេងទំនើង និងគ្រោះថ្នាក់ចរាចរណ៍ ត្រូវអនុវត្តឱ្យមានប្រសិទ្ធភាព និងទៀងទាត់ នៅតាមទីសាធារណៈសាលារៀន និងតាមទីតាំងអាជីវកម្មសប្បាយ ព្រមទាំងត្រូវពង្រឹងក្រមសីលធម៌ អង្គការវិន័យរបស់កងកម្លាំង និងអនុវត្តឱ្យបាននូវអភិក្រមទាំង៥ របស់រាជរដ្ឋាភិបាល និងបង្កើនការយកចិត្តទុកដាក់អនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ លើគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពនេះ។
ការថ្លែងរបស់ថ្នាក់ដឹកនាំធ្វើឡើង ក្នុងឱកាសរដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំបូកសរុបការងារអនុវត្តគោលនយោបាយ (ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព) ប្រចាំត្រីមាសទី១ និង លើកទឹកដៅត្រីមាសទី២ ឆ្នាំ២០២៦៕SRP
អត្ថបទ និងរូបភាព៖ លោក ឡៃ បញ្ញា
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

