លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ អញ្ជើញពិនិត្យព្យាបាលការវះកាត់ដោយជូនអ្នកជំងឺមាត់ឆែប/ក្រអូមមាត់ឆែប និងជនពិការមុខមាត់ផ្សេងៗ ឥតគិតថ្លៃ
នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦ បានរៀបចំការពិនិត្យព្យាបាលការវះកាត់ដោយជូនអ្នកជំងឺមាត់ឆែប/ក្រអូមមាត់ឆែប និងជនពិការមុខមាត់ផ្សេងៗ ឥតគិតថ្លៃ ក្រោមវត្តមានលោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ ប្រធានកិត្តិយសមាគមសកាយឫទ្ធិនារីកម្ពុជាសាខាខេត្តសៀមរាប។
លោកជំទាវ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខអ៊ំពូមីង បងប្អូនប្រជា ពលរដ្ឋ ក្មួយៗ ចៅៗ រងគ្រោះដោយសារបញ្ហាសុខភាពមាត់ឆែប ដោយមិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។
លោកជំទាវ បន្ទាប់ពីបានទទួលព័ត៌មានពីអង្គការស្នាមញញឹមកម្ពុជា និងមានកិច្ចសហប្រតិបត្តិការរវាងអង្គការស្នាមញញឹមកម្ពុជា ក្រោមការសម្របសម្រួលអ្នកចាត់ការទូទៅរបស់អគ្គកុងស៊ុលចិនប្រចាំតំបន់សៀមរាប និងការគាំទ្រពីក្រសួងសុខាភិបាល រដ្ឋបាលខេត្តសៀមរាប និងមន្ទីរសុខាភិបាលខេត្តបានរៀបចំកម្មវិធីពិនិត្យព្យាបាលការវះកាត់ដោយ ឥតគិតថ្លៃ ជូនអ្នកជំងឺមាត់ឆែប/ក្រអូម មាត់ឆែប និងជនពិការមុខមាត់ផ្សេងៗដោយក្រុមគ្រូពេទ្យឯកទេសស្ម័គ្រចិត្តជូនបងប្អូននៅថ្ងៃនេះផងដែរ។ លោកជំទាវ បន្តថាចាប់តាំងពីឆ្នាំ២០០៦ មកអង្គការស្នាមញញឹមកម្ពុជា បានចុះ បេសកកម្មដឹកនាំគ្រូពេទ្យស្ម័គ្រចិត្តឯកទេស ផ្នែកវះកាត់មាត់ឆែប និងក្រអូមមាត់ឆែប នៅខេត្តសៀមរាប ចំនួន១៣លើក រួចមកហើយ ក្នុងនោះបានពិនិត្យសរុបចំនួន ៦៦៤នាក់ និងវះកាត់សរុបចំនួន ៥៤៤នាក់ ហើយថ្ងៃនេះ គឺជាបេសកម្មលើកទី១៣។
លោកជំទាវ បានកោកសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផល និងស្នាដៃ របស់មន្ទីរសុខាភិបាលខេត្តសៀមរាប ព្រមទាំងមន្ទីរពេទ្យបង្អែកខេត្ត លោកគ្រូ អ្នកគ្រូ មន្ត្រីបុគ្គលិកទាំងអស់ និងសូមថ្លែងអំណរគុណដល់អង្គការស្នាមញញឹមកម្ពុជា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បានលះបង់ពេលវេលាផ្ទាល់ខ្លួន ស្មារតី កម្លាំងកាយចិត្ត ព្រមទាំងថវិកា ការរៀបចំកម្មវិធីពិនិត្យព្យាបាលការវះកាត់ដោយ ឥតគិតថ្លៃ ជូនអ្នកជំងឺមាត់ ឆែប/ក្រអូមមាត់ឆែប និងជនពិការមុខមាត់ផ្សេងៗ នាពេលនេះ៕SRP

