អភិបាលខេត្តកំពង់ចាម ព្រមានចាត់វិធានការចំពោះស្ថានីយប្រេងឥន្ធនៈណាស្តុកទុក ដើម្បីរង់ចាំលក់ក្នុងតម្លៃខ្ពស់
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមានទៅកាន់ម្ចាស់ស្ថានីយ និងដេប៉ូចែកចាយប្រេងឥន្ធនៈទូទាំងខេត្តកំពង់ចាម មិនឱ្យមានការស្តុកទុកប្រេងដើម្បីរង់ចាំលក់ក្នុងតម្លៃខ្ពស់ ដែលបង្កផលប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងស្ថិរភាពសេដ្ឋកិច្ច។ ថ្លែងបែបនេះនាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម។
ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា យោងតាមការចុះត្រួតពិនិត្យ និងតាមដានស្ថានភាពទីផ្សារ របស់មន្ត្រីជំនាញពាក់ព័ន្ធបានកត់សម្គាល់ឃើញថា មានករណីខ្លះម្ចាស់ស្ថានីយ បានព្យាយាមផ្អាកការលក់ជាបណ្តោះអាសន្ន ឬស្តុកទុកប្រេង នៅពេលដែលតម្លៃទីផ្សារពិភពលោកមានសន្ទុះឡើងថ្លៃ។
ជុំវិញបញ្ហានេះ ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់យ៉ាងច្បាស់ថា ម្ចាស់អាជីវកម្មត្រូវលក់តាមតម្លៃកំណត់មានន័យថា រាល់ស្ថានីយទាំងអស់ត្រូវតែលក់ប្រេងឥន្ធនៈតាមតម្លៃសេចក្តីជូនដំណឹងដែលចេញដោយក្រសួងពាណិជ្ជកម្ម ។ ហាមឃាត់ការស្តុកទុកដោយខុសច្បាប់ ដូចជាការផ្អាកលក់ដោយគ្មានមូលហេតុបច្ចេកទេសត្រឹមត្រូវ ឬការលាក់ទុកប្រេងឥន្ធនៈដើម្បីរង់ចាំលក់ក្នុងតម្លៃខ្ពស់ គឺជាទង្វើខុសច្បាប់។
ឯកឧត្តមអភិបាលខេត្ត បន្តថា ករណីរកឃើញម្ចាស់អាជីវកម្មណាដែលបានប្រព្រឹត្តល្មើស នឹងត្រូវប្រឈមមុខនឹងវិធានការ ដោយការផាកពិន័យជាប្រាក់ទៅតាមទំហំនៃបទល្មើសដែលបានកំណត់ក្នុងច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផល និងសេវា។ ក្នុងករណីធ្ងន់ធ្ងរ នឹងសម្រេចបិទអាជីវកម្ម ឬដកហូតអាជ្ញាប័ណ្ណលក់ដូរជាបណ្តោះអាសន្ន ឬអចិន្ត្រៃយ៍។ ដូចច្នេះ ម្ចាស់អាជីវកម្មត្រូវរក្សាបាននូវក្រមសីលធម៌ មិនត្រូវឆ្លៀតឱកាសកេងចំណេញលើការលំបាករបស់ប្រជាពលរដ្ឋនោះឡើយ។ ជាមួយគ្នានេះមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បន្តចុះត្រួតពិនិត្យជាប់ជាប្រចាំដូចភ្លៀងរលឹម៕SRP

