អាជ្ញាធរខេត្តសៀមរាប ណែនាំដល់ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈទាំងអស់ ឱ្យពង្រឹងតម្លាភាព និងលក់តាមតម្លៃកំណត់របស់ក្រសួងពាណិជ្ជកម្ម

អាជ្ញាធរខេត្តសៀមរាប ណែនាំដល់ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈទាំងអស់ ឱ្យពង្រឹងតម្លាភាព និងលក់តាមតម្លៃកំណត់របស់ក្រសួងពាណិជ្ជកម្ម
0

អាជ្ញាធរខេត្តសៀមរាប ណែនាំដល់ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈទាំងអស់ ឱ្យពង្រឹងតម្លាភាព និងលក់តាមតម្លៃកំណត់របស់ក្រសួងពាណិជ្ជកម្ម

ថ្លែងក្នុងឱកាសដឹកនាំកិច្ចប្រជុំពិភាក្សាការងារទប់ស្កាត់ការឡើងថ្លៃ និងការផ្គត់ផ្គង់ប្រេងឥន្ធនៈនៅតាមស្ថានីយ៍ក្នុងខេត្តសៀមរាប នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ លោក ឌី រ៉ាដូ អភិបាលរងខេត្ត បានណែនាំដល់ម្ចាស់ស្ថានីយ និងដេប៉ូចែកចាយទាំងអស់ ត្រូវផ្គត់ផ្គង់ប្រេងទៅអតិថិជនឱ្យមានតម្លាភាព និងលក់តាមតម្លៃកំណត់របស់ក្រសួងពាណិជ្ជកម្ម ជាមួយការធានាគុណភាព បរិមាណ និងតម្លៃចំពោះអតិថិជន កុំកេងបន្លំទាំងតម្លៃ បរិមាណនិងគុណភាព ព្រោះការបន្លំទាំងនេះវានាំឱ្យប្រឈមទៅនឹងការពិន័យ និងឈានទៅដកហូតអាជីវកម្មតែម្ដង។

លោក ឌី រ៉ាដូ បានបញ្ជាក់ថា ចំពោះករណីម្ចាស់ស្ថានីយ៍ ឬដេប៉ូចែកចាយណាដែលអស់ស្តុកប្រេងសម្រាប់ផ្គត់ផ្គង់ដល់អតិថិជន ត្រូវជូនដំណឹងមកក្រុមហ៊ុនប្រេងឥន្ទនៈ ឬអាជ្ញាធរពាក់ព័ន្ធដើម្បីសម្របសម្រួល និងចែករំលែកទៅតាមលទ្ធភាពជាក់ស្ដែង។ ប៉ុន្តែម្ចាស់ស្ថានីយ ម្ចាស់ដេប៉ូចែកចាយប្រេងទាំងអស់ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមប្រកាស និងសេចក្ដីណែនាំរបស់ក្រសួងពាណិជ្ជកម្ម ចៀសវាងប្រព្រឹត្តផ្ទុយដូចជាការតម្លើងថ្លៃ និងមានប្រេងក្នុងស្តុកតែមិនលក់ ដែលនាំឱ្យប្រឈមទៅនឹងការផាកពិន័យ និងទោសទណ្ឌនៃច្បាប់ជាធរមាន។

លោកបានបញ្ជាក់ទៀតថា ដោយសារសភាពការណ៍តានតឹងនៅតំបន់មជ្ឈិមបូព៌ា នៃការផ្ទុះសង្គ្រាមរវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល ប្រយុទ្ធគ្នាជាមួយអ៊ីរ៉ង់ ជាងមួយសប្តាហ៍កន្លងមកនេះ បានបង្កឱ្យមានភាពជ្រួលច្របល់ថាប្រឈមនឹងកង្វះប្រេងឥន្ទនៈជាសកល។ ប៉ុន្តែគិតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា ពុំមានខ្វះប្រេងទេ យើងអាចធានាប្រេងបានរយៈពេល ២១ថ្ងៃ បើក្នុងករណីគ្មានការនាំប្រេងចូលទាំងស្រុង តែបច្ចុប្បន្នលំហូរប្រេងនាំចូលនៅបន្តចូលមកជាធម្មតាទេ។

លោកអភិបាលរងខេត្ត បានជំរុញដល់មន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវណែនាំបន្តដល់បងប្អូនអាជីករ ម្ចាស់ដេប៉ូចែកចាយក្នុងមូលដ្ឋានរបស់ខ្លួន ចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពនូវសេចក្ដីណែនាំ ស្ដីពីការពង្រឹងអនុលោមភាពក្នុងការទិញ-លក់ប្រេងឥន្ធនៈរបស់ក្រសួងពាណិជ្ជកម្ម។ លើសពីនេះ អាជ្ញាធរក្រុងស្រុកត្រូវសហការជាមួយមន្ទីរពាណិជ្ជកម្ម មន្ទីររ៉ែ និងថាមពល និងសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ អនុវត្តឱ្យបានម៉ឹងម៉ាត់ចុះត្រួតពិនិត្យស្ថានីយ៍ប្រេងឥន្ធនៈនានា លើតម្លៃលក់ខុសពីតម្លៃធម្មតា ដែលក្រសួងជំនាញបានជូនដំណឹង។

លោកក៏បានស្នើដល់អ្នកពាក់ព័ន្ធ ត្រូវរួមគ្នាពិនិត្យឱ្យបានហ្មត់ចត់ ករណីម្ចាស់ស្ថានីយ៍ផ្អាកការផ្គត់ផ្គង់ប្រឹងដល់អតិថិជន ករណីម្ចាស់ស្ថានីយ និងដេប៉ូប្រេងករណីអស់ស្តុកប្រេងឥន្ធនៈ ឬមានបំណងផ្អាកលក់ជាបណ្ដោះអាសន្ន ត្រូវជូនដំណឹងមុនយ៉ាងតិច១ថ្ងៃ ទៅអាជ្ញាធរពាក់ព័ន្ធ ព្រោះបើក្នុងករណីមិនប្រក្រតីស្ថានីយ៍មានប្រេងតែផ្អាកមិនលក់ជូនអតិថិជន គាត់នឹងប្រឈមការដកហូតអាជីវកម្មមួយជីវិត ហើយពុំទទួលបានការអនុញ្ញាតចុះបញ្ជីពាណិជ្ជកម្មផ្សេងៗឡើយ៕SRP

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

មន្ទីរព័ត៌មានខេត្តសៀមរាប