តំណាងរដ្ឋមន្ត្រី ណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង ត្រូវខិតខំប្រមូលចំណូល លុបបំបាត់អាជីវកម្មរ៉ែអនាធិបតេយ្យ
ឯកឧត្តម អ៊ិត ប្រាំង រដ្ឋលេខាធិការតំណាងឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបងត្រូវខិតខំប្រមូលចំណូល លុបបំបាត់អាជីវកម្មរ៉ែអនាធិបតេយ្យ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។
ឯកឧត្តមក៏ ស្នើរដ្ឋបាលខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធជួយសហការសម្របសម្រួលជាមួយមន្ទីររ៉ែ និងថាមពលដើម្បីអភិវឌ្ឍន៍វិស័យរ៉ែ និងថាមពលនៅក្នុងខេត្តបាត់ដំបងឱ្យកាន់តែរីកចម្រើន។
រដ្ឋលេខាធិការស្នេហ៍យ៉ាងដូច្នេះអញ្ជើញជាសហអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង។
នៅសាលប្រជុំសាលាខេត្តបាត់ដំបង នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង មានប្រសាសន៍ថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទនៃមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបងដែលកន្លងមកបានរួបរួមសាមគ្គីគ្នាខិតខំបំពេញការងារអស់សមត្ថភាពតាមជំនាញនីមួយៗ ព្រមទាំងបានបំពេញការងារជូនអង្គភាព រហូតសម្រេចបានលទ្ធផលគាប់ប្រសើរ ដើម្បីគ្រប់គ្រងវិស័យរ៉ែ និងថាមពលក្នុងខេត្ត សហការទប់ស្កាត់រាល់ការកាយភ្នំយករ៉ែខុសច្បាប់ គ្រប់គ្រងស្ថានីយប្រេង ហ្គាស និងថាមពលផ្សេងៗឱ្យមានប្រសិទ្ធភាព ស្របទៅតាមគោលនយោបាយ និង យុទ្ធសាស្ត្រថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា។
ឯកឧត្តម សុខ លូ ណែនាំមន្ទីររ៉ែ និងថាមពលត្រូវក្ដាប់ឱ្យបាននូវគោលនយោបាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យរ៉ែ និងថាមពល។ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវបំផុតនូវលិខិតបទដ្ឋានគតិយុត្ត គោលការណ៍ណែនាំរបស់ក្រសួង និងការចង្អុលបង្ហាញរបស់រដ្ឋបាលខេត្ត រក្សាឱ្យបាននូវសាមគ្គីផ្ទៃក្នុង ត្រូវដឹកនាំប្រកបដោយគណនេយ្យភាព និងព្រហ្មវិហារធម៌ប្រកាន់ខ្ជាប់នូវសច្ចភាព តម្កល់ផលប្រយោជន៍ស្ថាប័ន និងអង្គភាពជាធំចំពោះមន្ត្រីក្រោមឱវាទត្រូវគោរពវិន័យ និងបទបញ្ជាថ្នាក់លើប្រកបដោយភាពស្មោះត្រង់ និងគោរពប្រយោជន៍សមូហភាព។
បើតាមអនុក្រឹត្យស្ដីពីការតែងតាំងមន្រ្តីរាជការរបស់រាជរដ្ឋាភិបាលបានឱ្យដឹងថា លោក លឹម ប៊ុនលី ត្រូវបានតែងតាំងជាប្រធានមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបងនៃក្រសួងរ៉ែ និងថាមពល៕SRP

