ឯកឧត្ដម អ៊ុន ចាន់ដា អះអាងថា ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ
ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម បានអះអាងថា ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ ដែលមានមនុស្ស ប្រមាណ ២៩.៨៨០នាក់ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ។
ថ្លែងបែបនេះក្នុងពិធីសំណេះសំណាលជាមួយយុវជនគណបក្សទូទាំងខេត្តកំពង់ចាម នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមវត្តមានឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជន គណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្ស ថ្នាក់កណ្តាល និងឯកឧត្តម កែវ រតនៈ សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានយុវជនគណបក្ស ថ្នាក់កណ្តាល។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា មានប្រសាសន៍ថា តាមរយៈសារនយោបាយជាបន្តបន្ទាប់ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើបញ្ហាសំខាន់ៗរបស់ជាតិ ធ្វើឱ្យមហាជន បានឃើញច្បាស់ពីការរីកចម្រើនរបស់ជាតិ យល់ដឹងអំពីគោលការណ៍ គោលនយោបាយ របស់រាជរដ្ឋាភិបាល អំពីសភាពការណ៍ និងភារកិច្ចសំខាន់ៗ រួមទាំងឧបាយកល ដ៏ពិសពុលរបស់ពួកប្រឆាំងជ្រុលនិយម ជាពិសេសអំពីគោលជំហរដ៏ត្រឹមត្រូវរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ដោយសន្តិវិធី ឈរលើគោលការណ៍ច្បាប់អន្តរជាតិ និងការទូត។
ជាមួយគ្នានោះ ឯកឧត្ដម អ៊ុន ចាន់ដា ក៏បានសង្កត់ធ្ងន់ថា ទង្វើឈ្លានពានរបស់ថៃ បានធ្វើឱ្យ ប្រជាជនកាន់តែយល់ច្បាស់ អំពីគុណតម្លៃនៃសន្តិភាព ហើយក៏បញ្ជាក់ឱ្យឃើញច្បាស់ផងដែរថា ពាក្យ “អរគុណសន្តិភាព” ត្រូវតែលើកកម្ពស់។ ស្មារតីពង្រឹងសាមគ្គី ឯកភាពជាតិ ត្រូវបានពុះកញ្ជ្រោលឡើង នៅក្នុងចំណោមមហាជន យុវជន ដែលបានបង្ហាញច្បាស់តាមរយៈការគាំទ្រពេញទំហឹង ដល់វីរយុទ្ធជន សមរភូមិមុខ និងរាល់ចំណាត់ការ របស់រាជរដ្ឋាភិបាល ក្នុងនោះ រួមទាំងការគាំទ្រគ្រប់លទ្ធភាព ដល់វីរៈ កងទ័ព និងជនភៀសសឹកផងដែរ៕SRP

