នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់

នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់
0

នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់

ខេត្តបន្ទាយមានជ័យ៖អភិបាលស្រុកថ្មពួក លោក អែម សុខា បានប្រកាសថា រដ្ឋបាលស្រុកថ្មពួក បានសម្រេចបញ្ឈប់កាតព្វកិច្ច និងសិទ្ធិទាំងស្រុងរបស់លោកជាភាគី “ខ” ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដោយសារលោកបានបោះបង់ការងារសម្អាតប្រមូលសំរាមទីប្រជុំជនស្រុកថ្មពួក ចំនួន២លើករួចទៅហើយ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ និងម្តងទៀតពីខែកញ្ញា ឆ្នាំ២០២៥ រហូតមកដល់បច្ចុប្បន្ននេះបានបង្កឲ្យមានភាពយឺតយ៉ាវ និងកកស្ទះ ក្នុងការប្រមូលសំរាមមាននៅតាមមុខផ្ទះប្រជាពលរដ្ឋ ដែលបង់សេវាប្រមូលសំរាមជាច្រើននាបើកមកហើយ។

អភិបាលស្រុកថ្មពួកបានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាន Angkor flash news កាលពីរសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦ ថា ដើម្បីចូលរួមលើកកម្ពស់ និងជំរុញការសម្អាតអនាម័យបរិស្ថានស្រុកឱ្យមានអនាម័យល្អ សោភ័ណភាពស្អាត ស័ក្តិសមនឹងភាពថ្លៃថ្នូរ របស់ប្រជាពលរដ្ឋស្រុកថ្មពួកយើង រដ្ឋបាលស្រុកថ្មពួក សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ គ្រប់លំនៅដ្ឋាន ត្រូវតែចូលរួមឱ្យបានគ្រប់ៗគ្នា ជាចលនាសម្អាតអនាម័យបរិស្ថាន ទាំងនៅក្នុង នឹងជុំវិញបរិវេណគេហដ្ឋានរៀងៗខ្លួន ក្រោមទិសស្លោក (ផ្ទះយើងស្អាតស្រុកថ្មពួកយើងស្អាត ជាកិត្តិយសរបស់យើងទាំងអស់គ្នា)។

ជុំវិញករណីនេះ តំណាងបុគ្គលិកគ្រប់គ្រងខាងប្រមូលគំនរសំរាម បានលើកឡើងថា ពួកគាត់បានប្រមូលសំរាមជាច្រើនឆ្នាំមកហើយ ដោយមិនដែលមានកំហុសឆ្គង ឬក៏លិខិតព្រមាននោះទេ។ ពួកគាត់កើតទុក្ខមិនសុខចិត្តសូមស្នើឱ្យលោកអភិបាលស្រុកថ្មពួក លោកជួយរកដំណោះស្រាយជូនពួកគាត់វិញ ដោយហេតុថាពួកគាត់មិនទាន់ចប់កុងត្រានៅឡើយទេ ហេតុអ្វីមានអ្នកទីពីរ មកធ្វើជំនួសគាត់ទៅវិញដោយមិនទាន់ដឹងមូលហេតុព្រមទាំងមិនទាន់ដល់ចប់កុងត្រាផងនោះ។ តំណាងបុគ្គលិកបន្តថា ក្រុមហ៊ុនថ្មី បានដេញឃាត់គោយន្តដឹកសំរាមពួកគាត់ដែលកំពុងប្រមូលសំរាមនៅតាមលំនៅដ្ឋានពលរដ្ឋទៀតផង។

ពាក់ព័ន្ធទៅនឹងករណីនេះ ផងដែរ មានមតិជាច្រើនបានលើកឡើងថា ការដាក់ក្រុមហ៊ុនប្រមូលសំរាមថ្មី មកជំនួសក្រុមហ៊ុនចាស់គឺគួរតែ ប្រជុំជជែកគ្នាឲ្យអស់លទ្ធភាព ឬមានលិខិតព្រមាន ឬខុសគោលការណ៍កិច្ចសន្យា ទើបអាចបញ្ឈប់បាន ក៏ប៉ុន្តែការធ្វើបែបនេះអាចធ្វើឲ្យមហាជនយល់ច្រលំថា ជាបក្ខពួកនិយម ជាហេតុនាំឲ្យអ្នករកស៊ីអស់ជំនឿ។

ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ នៅពុំទាន់ទទួលបានការបញ្ជាក់បន្ថែមពីអភិបាលស្រុកថ្មពួក បាននៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ៕SRP