មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត

មេគយខេត្តស្វាយរៀង មានអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត

ខេត្តស្វាយរៀង៖មេសាខាគយនិងរដ្ឋាករ ខេត្តស្វាយរៀង លោក សំ សុវណ្ណារិទ្ធ បានរងការរិះគន់ថា កំពុងប្រើអំណាចក្ដោបសេដ្ឋកិច្ចក្រៅប្រព័ន្ធច្បាប់ ឬអាចនិយាយបានថាប្រព្រឹត្តអំពើពុករលួយយ៉ាងធ្ងន់ធ្ងរដោយដាក់ពង្រាយកម្លាំងស៊ីវិលគ្រប់ច្រកល្ហក តាមច្រកទ្វារព្រំដែននានា ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង ឱ្យអង្គុយចាំរាប់ក្បាលឡាន កំណត់យកលុយពីអាជីវករ អ្នករកស៊ីដឹកទំនិញ កសិផល ចេញចូលឆ្លងដែន ពីកម្ពុជាទៅវៀតណាម និងពីវៀតណាម មកកម្ពុជា បានយ៉ាងច្រើនសន្ទឹកសន្ទាប់ក្នុងមួយថ្ងៃៗ។

សេចក្ដីរាយការណ៍ពីខេត្តស្វាយរៀងបានឱ្យដឹងថាជាក់ស្តែងសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង បានដាក់កម្លាំងស៊ីវិល ឱ្យឈរជើងក្បែរ ច្រករបៀងសំយ៉ោង នៅស្រុកកំពង់រោទិ៍ និងដាក់កម្លាំងស៊ីវិលចម្ងាយជាង២០០ម៉ែត្រ ពីច្រករបៀងក្រសាំងជ្រំ ស្រុកស្វាយជ្រំ និងប្រើជនស៊ីវិល ឱ្យឈរជើងចម្ងាយប្រហែល៥០០ម៉ែត្រ ពីច្រកទ្វារព្រំដែនទ្វេភាគីសំរោង ស្រុកចន្ទ្រា និងដាក់កញ្ចុះ ក្បែរចិញ្ចើមផ្លូវ ចម្ងាយប្រមាណជា៤០០ម៉ែត្រ ពីច្រកទ្វារព្រំដែនតំបន់ដូង ស្រុករមាសហែក.និងប្រើជនស៊ីវិលឱ្យឈរជើង ចម្ងាយប្រមាណជា២គីឡូម៉ែត្រ ពីច្រកទ្វារព្រំដែនទ្វេភាគីបុសមន ស្រុករំដួល និងតាមបណ្ដាច្រកទ្វារព្រំដែនមួយចំនួនទៀត ដើម្បីចាំរាប់ក្បាលឡាន កំណត់យកលុយតាមអំពើចិត្ត។

ជុំវិញរឿងរាវនេះ ក្រុមអាជីវករអ្នកដឹកស្រូវទៅលក់ឱ្យឈ្មួញវៀតណាម តាម” ច្រកទ្វារព្រំដែនទ្វេភាគីបុសមន” ដោយប្រើរថយន្តប្រភេទ”វ៉េអង” បានបង្ហើបប្រាប់អ្នកសារព័ត៌មានថា ក្រុមគេដឹកមួយជើងៗ ត្រូវបង់លុយឱ្យមន្ត្រីពាក់ព័ន្ធនៅច្រកទ្វារព្រំដែនមួយនេះ អស់សរុបចំនួន ២១០.០០០រៀល (ម្ភៃមួយម៉ឺនរៀល) ជាកំហិត ពោលគឺក្នុងចំណោមមន្ត្រី ដែលយកលុយទាំងនោះ ក៏មានកម្លាំងស៊ីវិល របស់សាខាគយនិងរដ្ឋាករ ខេត្តស្វាយរៀង ដែលឈរជើងត្រង់ចំណុចខាងលើផងដែរ។ ចំណែកអ្នកដឹកសំបកទឹកសុទ្ធ ពីវៀតណាមចូលមកកម្ពុជា តាមច្រកទ្វារព្រំដែនទ្វេភាគីបុសមន ដោយប្រើគោយន្តកែច្នៃ ក៏បានប្រាប់ថា ពួកគេដឹកមួយជើងៗ ត្រូវបង់អស់ជិត៦០ម៉ឺនរៀល ក្នុងនោះ បង់ឱ្យកម្លាំងស៊ីវិលរបស់គយសាខា ខេត្តស្វាយរៀង ដែលឈរជើងចាំយកលុយចម្ងាយប្រមាណជា២គីឡូម៉ែត្រពីព្រំដែន ចំនួន៥ម៉ឺនរៀលជាកំហិត រួមនិងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

ឯអ្នកដឹកផ្លែដូង ដោយប្រើរថយន្តចំណុះ២តោនកន្លះ ក៏បានប្រាប់ថា ខ្លួនដឹកមួយជើងៗ ទម្រាំចេញផុតច្រកព្រំដែនបុសមន ត្រូវបង់អស់ជាង៤០ម៉ឺនរៀល ក្នុងនោះ បង់ឱ្យគយសាខាខេត្តស្វាយរៀង ចំនួន៥ម៉ឺនរៀលជាកំហិត ខណៈរថយន្តដឹកផ្លែដូង ចំណុះ៥តោន បង់ឱ្យគយសាខាខេត្តស្វាយរៀង ចំនួន១០ម៉ឺនរៀលក្នុង១ជើង។ ករណីនេះអាជីវករបានបញ្ជាក់ថា រាល់ការបង់លុយទាំងនេះ គឺគ្មានក្រដាសស្នាម ឬវិក្កយបត្រ បង់ពន្ធចូលរដ្ឋនោះទេ។

ចំណែករថយន្តសាំយ៉ុង និងរថយន្តកូរ៉េ ដែលបានដឹកផ្លែឈើពីវៀតណាម ចូលមកកម្ពុជា តាមច្រកបុសមន ក៏ត្រូវបង់លុយឱ្យគយសាខាខេត្តស្វាយរៀង អស់ចាប់ពី៨ម៉ឺន ទៅ២៥ម៉ឺនរៀល ក្នុងមួយជើងផងដែរ។

ដោយឡែកអ្នកដឹកគ្រឿងជ័រពីវៀតណាមចូលមកកម្ពុជា តាមច្រកទ្វារព្រំដែនតំបន់ដូង ស្រុករមាសហែក ដោយប្រើរ៉ឺម៉កម៉ូតូ ក៏បានបញ្ជាក់ថា ខ្លួនដឹកមួយជើងៗ ត្រូវបង់លុយអស់ជាង៣០ម៉ឺនរៀល ក្នុងនោះ បង់ឱ្យកម្លាំងស៊ីវិលរបស់គយសាខាខេត្តស្វាយរៀង ដែលឈរជើងចាំយកលុយត្រង់ចំណុចកញ្ចុះ ចម្ងាយប្រមាណ៤០០ម៉ែត្រ ពីច្រកព្រំដែន ចំនួន៤ម៉ឺនរៀលនិងបង់ឱ្យមន្ត្រីពាក់ព័ន្ធជាបន្តបន្ទាប់ទៀត។

ចំពោះរថយន្តកូរ៉េ ចំណុះ១តោន ដែលដឹកក្ដារបន្ទះ ពីវៀតណាមតាមច្រកតំបន់ដូង ក៏បានអះអាងផងដែរថា ខ្លួនដឹកមួយជើងៗ ត្រូវបង់អស់ជាង៤០ម៉ឺនរៀល ក្នុងនោះ បង់ឱ្យកម្លាំងស៊ីវិលរបស់គយសាខា ខេត្តស្វាយរៀង ចំនួន១០ម៉ឺនរៀល។

ជាមួយគ្នានេះ អ្នកដឹកផ្លែដូង ពីវៀតណាមចូលមកកម្ពុជា តាមច្រកទ្វារព្រំដែនតំបន់ដូង ដោយប្រើរថយន្តស្តារិច ក៏បានបញ្ជាក់ថា ខ្លួនដឹកមួយជើងៗបង់លុយឱ្យមន្ត្រីពាក់ព័ន្ធ នៅច្រកព្រំដែនមួយនេះ អស់ជិត២០ម៉ឺនរៀល ក្នុងនោះបង់ឱ្យកម្លាំងស៊ីវិលរបស់គយសាខាខេត្តស្វាយរៀង ចំនួន៣ម៉ឺនរៀល។

តាមសេចក្តីរាយការណ៍បន្តថា ក្នុងមួយថ្ងៃៗគេឃើញរថយន្តវ៉េអង យីឌុប រថយន្តកែច្នៃ តូចធំគ្រប់ប្រភេទ តែងតែដឹកជញ្ជូនទំនិញ កសិផលមចេញចូលឆ្លងដែនពីវៀតណាម មកកម្ពុជានិងពីកម្ពុជាទៅវៀតណាម យ៉ាងគគ្រឹកគគ្រេងបំផុត ជាហេតុនាំឱ្យ មន្ត្រីសាខាគយនិងរដ្ឋាករ ខេត្តស្វាយរៀង ក្រោមការគ្រប់គ្រងរបស់លោក សំ សុវណ្ណារិទ្ធ អាចប្រមូលលុយក្រៅប្រព័ន្ធច្បាប់ ធ្វើមានធ្វើបានប្រយោជន៍ផ្ទាល់ខ្លួននិងបក្សពួកដែលជាហេតុធ្វើឲ្យបាត់ចំណូលចូលរដ្ឋក្នុងមួយខែៗយ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយផ្អែកលើហេតុផល ដាក់កម្លាំងចាំត្រួតពិនិត្យឯកសារពន្ធ ប៉ុន្តែធាតុពិតជាក់ស្ដែង ប្រើជនស៊ីវិល ឱ្យរាប់ក្បាលឡាន កំណត់យកលុយចែកគ្នាតែប៉ុណ្ណោះ។

ជុំវិញការរិះគន់ខាងលើនេះទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ នៅពុំទាន់ទទួលបានការបំភ្លឺពីលោក សំ សុវណ្ណារិទ្ធ ប្រធានសាខាគយ និងរដ្ឋាករ ខេត្តស្វាយរៀង បាននៅឡើយទេរហូតដល់ម៉ោងផ្សាយនេះដោយមិនមានលេខទំនាក់ទំនង។

ក្រុមអាជីវករសូមស្នើយ៉ាងទទូចដល់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រីប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាពិសេសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មេត្តាបើកការស្រាវជ្រាវ និងចាត់វិធានការលើលោក សំ សុវណ្ណារិទ្ធ រួមនិងបុគ្គលពាក់ព័ន្ធ ដើម្បីតម្រង់ទិសមន្ត្រីខិលខូចមួយចំនួនឱ្យគោរពតាមគោលការរាជរដ្ឋាភិបាល ក្នុងការកំណែទម្រង់ស៊ីជម្រៅ លុបបំបាត់អំពើពុករលួយ បង្កើនចំណូលរដ្ឋ លើកស្ទួយសេដ្ឋកិច្ចជាតិ៕SRP