ខឹងរឿងឆាតញ៉ែស្រីស្នេហ៍ ជិះម៉ូតូដេញកាប់ ត្រូវបានអាវុធហត្ថខេត្តសៀមរាប បង្ក្រាប
ខេត្តសៀមរាប៖ព្រោះតែខឹងនឹងជនរងគ្រោះឆាតញ៉ែស្រីស្នេហ៍របស់ខ្លួនបានធ្វើឲ្យមានកំហឹងនាំគ្នាជិះម៉ូតូជាក្រុមដេញកាប់គ្មានត្រាប្រណី។
សមត្ថកិច្ចអាវុធហត្ថខេត្តសៀមរាប បានឱ្យដឹងថា ការ
បង្ក្រាបក្មេងទំនើង ចំនួន០៨នាក់ ពាក់ព័ន្ធករណីហិង្សាមានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិអ្នកដ៏ទៃ នៅវេលាម៉ោង ១០និង១៥នាទី ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ ដោយកម្លាំងអាវុធហត្ថខេត្តសៀមរាប នៅចំណុចបន្ទប់ជួល ស្ថិតនៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង។
សមត្ថកិច្ចអាវុធហត្ថខេត្តសៀមរាបបានបន្តថា ករណីនេះ បានប្រព្រឹត្តកាលពីវេលាម៉ោង២២ និង៣០នាទី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នៅចំណុចជិតស្ពាននាគ ស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប។
សមត្ថកិច្ចអាវុធហត្ថខេត្តបានបញ្ជាក់ថា ក្រុមក្មេងទំនើងទាំងនោះបានធ្វើសកម្មភាពជិះម៉ូតូពី០៥ទៅ០៦គ្រឿង ប្រដាប់ដោយដាវនិងដំបងដេញកាប់ទៅលើជនរងគ្រោះ ដែលកំពុងជិះម៉ូតូតាមផ្លូវទៅផ្ទះ បណ្តាលឱ្យជនរងគ្រោះ ផ្តួលម៉ូតូរត់គេចខ្លួន។ ចំណែកជនបង្កបាននាំគ្នាកាប់ម៉ូតូរបស់ជនរងគ្រោះបណ្តាលឱ្យខូចខាតម៉ូតូ ០១គ្រឿងផងដែរ។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចអាវុធហត្ថបានដកហូតវត្ថុតាងរួមមាន៖ ទូរស័ព្ទ០២គ្រឿង បារីអេឡិចត្រូនិក០៨ដើម សោម៉ូតូ០១ និងស្លាក់លេខម៉ូតូជារបស់ជនរងគ្រោះ។
ជនសង្ស័យបានសារភាពឱ្យដឹងថា ពួកខ្លួនពិតជាបានប្រព្រឹត្តអំពើដូចការរៀបរាប់របស់ជនរងគ្រោះពិតប្រាកដមែន (ព្រោះតែរឿងឆាតញ៉ែស្រីស្នេហ៍)។
បច្ចុប្បន្នជនសង្ស័យទាំង០៨នាក់ ព្រមទាំងវត្ថុតាងខាងលើ ត្រូវបានការិយាល័យជំនាញកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប។
ជាមួយគ្នានេះផងដែរអាវុធហត្ថខេត្តសៀមរាប សូមអំពាវនាវប្អូនៗ បញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឱ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិ និងកិត្តិយសគ្រួសារ បង្ករការភ័យខ្លាចដល់អ្នកជុំវិញ ក៏ដូចជាបង្ករភាពអនាធិបតេយ្យក្នុងសង្គមផងដែរ៕SRP