អភិបាលខេត្តកំពង់ចាម​ លើកយកគោលការណ៍ ៩ចំណុច ដើម្បីត្រៀមខ្លួនសម្រាប់ការចាកចេញរបស់ប្រទេសកម្ពុជា ពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅ ឆ្នាំ២០២៩

អភិបាលខេត្តកំពង់ចាម​ លើកយកគោលការណ៍ ៩ចំណុច ដើម្បីត្រៀមខ្លួនសម្រាប់ការចាកចេញរបស់ប្រទេសកម្ពុជា ពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅ ឆ្នាំ២០២៩

ខេត្តកំពង់ចាម៖នៅក្នុងកិច្ចប្រជុំ ផ្តល់យោបល់លើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២៦-២០២៨ របស់រដ្ឋបាលខេត្ត​ នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានធ្វើការណែនាំដល់អាជ្ញាធរ និងអ្នកពាក់ព័ន្ធទាំងអស់​ ត្រូវយកចិត្តទុកដាក់ជាចម្បង លើផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានកំណត់យកអាទិភាព គន្លឹះចំនួន៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានលើកយកគោលការណ៍ ៩ចំណុច ណែនាំដល់ អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ ត្រៀមខ្លួនសម្រាប់ការចាកចេញរបស់ប្រទេសកម្ពុជា ពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅ ឆ្នាំ២០២៩ ការត្រៀមខ្លួនសម្រាប់ការចាកចេញ របស់ប្រទេសកម្ពុជា ពីចំណាត់ថ្នាក់ក្រុមប្រទេស អភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩​ ដូចខាងក្រោម៖

ទី១- ត្រូវរួមគ្នារក្សានូវសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ។

ទី២- ត្រូវពង្រឹង និងពង្រីកផលិតភាពកសិកម្មទាំងបរិមាណ និងគុណភាព ដោយយកចិត្តទុកដាក់លើការងារ ការកសាង ការជួសជុល ការថែទាំ និងការ គ្រប់គ្រង ប្រព័ន្ធធារាសាស្ត្រត់គ្រប់ប្រភេទ។

ទី៣- លើកកម្ពស់អភិវឌ្ឍន៍តំបន់អេកូទេសចរណ៍ សោភណភាពទីក្រុង និងជនបទ

ទី៤- គម្រោងទាំងអស់ នៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៦-២០២៨) ជាផែនការសម្រាប់អនុវត្តនៅឆ្នាំ២០២៦ សូមលោក-លោកស្រី ប្រធានមន្ទីរ អង្គភាពជំរុញការអនុវត្តគម្រោងនីមួយៗឱ្យចប់តាមការកំណត់ សហការជាមួយអាជ្ញាធរមូលដ្ឋានឱ្យបានជិតស្និទ្ធ។

ទី៥- យើងត្រូវប្រើប្រាស់ឱ្យអស់លទ្ធភាពធនធាន ដែលបានពីថ្នាក់ជាតិតាមរយៈ ក្រសួង ឬ ធនធានពីដៃគូនានា ដើម្បីបន្តការអភិវឌ្ឍន៍ជារៀងរាល់ឆ្នាំ ធ្វើ
យ៉ាងណាឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងអស់មានភាពប្រសើរឡើង និងចូលរួមដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋានឱ្យបានទាន់ពេលវេលា។

ទី៦- លោកអភិបាលក្រុង ស្រុក លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងស្ថាប័នពាក់ព័ន្ធផ្សេងទៀតត្រូវរួមគ្នា ក្នុងការពិនិត្យ និងជួសជុលបន្ទាន់ នូវហេដ្ឋារចនាសម្ព័ន្ធ ដែលរដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាព បានលើកគម្រោង បន្ទាប់ពីរដូវវស្សាត្រូវបញ្ចប់ ដើម្បីបង្កបរិយាកាសងាយស្រួល ជូនដល់បងប្អូនប្រជាពលរដ្ឋរបស់យើងដែលកំពុងប្រមូលផលកសិកម្ម។

ទី៧- លោកអភិបាលក្រុង ស្រុក លោក លោកស្រីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវខិតខំ និងយកចិត្តទុកដាក់ក្នុងការដឹកនាំអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឱ្យបានកាន់តែល្អប្រសើរនៅតាមមូលដ្ឋាន។

ទី៨- ក្រុមការងារកសាងផែនការ ត្រូវយកឯកសារនេះទៅកែតម្រូវពាក្យពេចន៍ បន្ថែមទៅតាមគោលបំណងរបស់កិច្ចប្រជុំថ្ងៃនេះ ហើយដាក់ជូនក្រុមប្រឹក្សា
ខេត្ត ពិនិត្យ និងអនុម័ត ទៅតាមប្រតិទិនការងារដែលបានកំណត់។ ជាកិច្ច ការបន្តក្រុមការងារត្រូវបោះពុម្ភ ជាឯកសារផ្លូវការសម្រាប់រដ្ឋបាលខេត្ត និង ចែកជូនគ្រប់អ្នកពាក់ព័ន្ធ ដើម្បីយកទៅអនុវត្តឱ្យបានជោគជ័យ ក្នុងឆ្នាំ២០២៦ខាងមុខ។

ទី៩- បន្ទាប់ពីកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខេត្តត្រូវបានអនុម័ត គ្រប់ស្ថាប័នឃើញថា មន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធត្រូវ៖ តាមដានការអនុវត្តរាល់គម្រោង/សកម្មភាព ទាំងអស់ដែល មន្ទីរ-អង្គភាពជំនាញ អង្គការនានាជារៀងរាល់ថ្ងៃ/ខែ ដើម្បី ធានាថាគម្រោងទាំងអស់ ត្រូវបានអនុវត្ត ឬការផ្តល់សេវា ប្រព្រឹត្តទៅតាម ស្ដង់ដារ និងពេលវេលាកំណត់ និងធ្វើការវាយតម្លៃ រាល់គម្រោងទាំងនោះឱ្យ តើការវិនិយោគកន្លងមកបានផ្តល់តម្លៃសមស្របតាមតម្រូវការ របស់ប្រជាពលរដ្ឋដែរឬទេ? ហើយត្រូវធ្វើការកែសម្រួល ឬដាក់បញ្ចូល គម្រោងអាទិភាពថ្មីអ្វីខ្លះ ទៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខេត្តសម្រាប់ ឆ្នាំបន្ទាប់។ ការប្រើប្រាស់សូចនាករត្រឹមត្រូវ គឺជាគន្លឹះដើម្បី ធ្វើឱ្យការតាមដាន និងវាយតម្លៃកម្មវិធីវិនិយោគបីឆ្នាំរំកិលមានប្រសិទ្ធភាព៕SRP