អាជ្ញាធរខេត្តសៀមរាប ណែនាំដល់មន្ត្រីពាក់ព័ន្ធទប់ស្កាត់ជាដាច់ខាតនូវបទល្មើសនេសាទគ្រប់ប្រភេទ

លោក អ៉ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានណែនាំដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវតែទប់ស្កាត់ជាដាច់ខាតនូវបទល្មើសនេសាទគ្រប់ប្រភេទ ជាពិសេសការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ដូចជា ឈ្នាងអូសលៀសដោយកម្លាំងម៉ាស៊ីន និងការដឹកជញ្ជូនលៀសខុសច្បាប់ ក្នុងរដូវបើកនេសាទឆ្នាំ២០២៥ នេះ ដើម្បីធានាបាននូវការអភិរក្សធនធានជលផលនៅបឹងទន្លេសាប។

លោកក៏បានជំរុញយ៉ាងមុតមាំដល់មន្ទីរជំនាញអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវអនុវត្តវិធានការនេះឱ្យបានតឹងរ៉ឹងបំផុត ដើម្បីធានាបាននូវភាពសម្បូរបែបនៃធនធានជលផល ដូចជាប្រភេទត្រីកម្រ និងដែលជិតផុតពូជ និងរក្សាបាននូវធនធានជលផល ធនធានជីវចម្រុះ និងប្រព័ន្ធអេកូឡូស៊ី សម្រាប់ប្រើប្រាស់យូរអង្វែង។ ជាពិសេសចូលរួមលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជានេសាទ និងធានាបាននូវសន្តិសុខស្បៀងសម្រាប់ជាកេរមរតកបន្តដល់កូនចៅជំនាន់ក្រោយៗ។

លោកមានប្រសាសន៍ណែនាំយ៉ាងដូច្នេះក្នុងឱកាស
តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ដឹកនាំកិច្ចប្រជុំពិភាក្សា និងពង្រឹងការចាត់វិធានការការពារ និងទប់ស្កាត់បទល្មើសនេសាទ ក្នុងភូមិសាស្ត្រក្រុងស្រុកទាំង៦ ជុំវិញតំបន់បឹងទន្លេសាប ខេត្តសៀមរាបនារសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥។

លោក ធិននី សុទ្ធី នាយខណ្ឌរដ្ឋបាលជលផលសៀមរាប បានបញ្ជាក់ថា ក្នុងរយៈពេល ១២ខែ ឆ្នាំ២០២៥ កម្លាំងចម្រុះដែលដឹកនាំដោយខណ្ឌរដ្ឋបាលជលផលសៀមរាប រួមជាមួយកងកម្លាំងយោធា ក្រុមអន្តរាគមន៍ថ្នាក់ជាតិ និងអាជ្ញាធរមូលដ្ឋាន បានចុះទប់ស្កាត់ និងលុបបំបាត់បទល្មើសជលផលសរុបចំនួន ៤១៨ ករណី។ ក្នុងចំណោមករណីទាំងនោះ ក្រុមការងារបានបំផ្លាញចោលនៅនឹងកន្លែង ៣៨០ ករណី, ពិន័យអន្តរការណ៍ ១៦ ករណី, បញ្ជូនសំណុំរឿងទៅតុលាការ ២២ ករណី និងឧបករណ៍ឈ្នាងអូសលៀសខុសច្បាប់ ៣១ ករណី៕SRP