អភិបាលខេត្តកំពង់ចាម ថ្លែងថា សុខដុមនីយកម្មសាសនានៅកម្ពុជា ត្រូវបានចាត់ទុកជាផ្នែកមួយដ៏សំខាន់ក្នុងការរក្សាបាននូវសុខសន្តិភាព ស្ថិរភាពសង្គមនិងការអភិវឌ្ឍ

កឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត នៅល្ងាចថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ នេះ បានអញ្ជើញចូលរួមអបអរសាទរ ពិធីបេីកមហោស្រព​ “​ កំពង់ចាម​ជាទីស្រឡាញ់​ “​ ដេីម្បីអបអរសាទរពិធីបុណ្យ​ ណូអែល​ និងបុណ្យឆ្លងឆ្នាំ​. Merry Christmas and Happy New Year. ស្ថិតនៅទីលានបាល់ទាត់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

នាឱកាសដ៏ឱឡារិកនេះ ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា ការប្រារព្ធពិធីមហោស្រព ជួបជុំគ្នា ដើម្បីចែករំលែកនូវក្តីស្រឡាញ់ នាថ្ងៃនេះ គឺដោយសារប្រទេសមានសុខសន្តិភាព។

ឯកឧត្តម អភិបាលខេត្តបន្តថា សុខដុមនីយកម្មសាសនា នៅប្រទេសកម្ពុជា ត្រូវបានចាត់ទុកជាផ្នែកមួយដ៏សំខាន់ក្នុងការរក្សាបាននូវសុខសន្តិភាព និងស្ថិរភាពសង្គម ដោយព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ខណៈដែលសាសនាផ្សេងៗទៀតក៏ត្រូវបានអនុញ្ញាតឱ្យគោរពប្រតិបត្តិដោយសេរីផងដែរ។ ទន្ទឹមនេះ ការធ្វើការរួមគ្នាលើគោលដៅសង្គមរួម ដូចជាការលើកកម្ពស់សន្តិភាព សីលធម៌ និងការអភិវឌ្ឍ សំដៅធ្វើយ៉ាងឲ្យប្រជាពលរដ្ឋគ្រប់និន្នាការសាសនា ចេះស្រលាញ់ សាមគ្គីគ្នាជាធ្លុងមួយ ស្ថិតក្រោមដំបូលសុខសន្តិភាព។

ឯកឧត្តម អភិបាលខេត្ត បានសង្កត់ធ្ងន់ថា សន្តិភាពដែលយើងទទួលបាន មកដល់ពេលបច្ចុប្បន្ននេះ គឺដោយសារការចូលរួមពីគ្រប់ថ្នាក់ដឹកនាំរបស់យើងគ្រប់ថ្នាក់ ជាពិសេស គឺសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាស្ថាបនិក មគ្គទេសឯក ដែលបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍជូនដល់ប្រជាពលរដ្ឋ និងបន្តមកដល់បច្ចុប្បន្ននេះ គឺមានសម្ដេចមហាបបរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបន្តដឹកនាំនាវាកម្ពុជា រក្សាបាននូវនិរន្តរភាព សន្តិភាព និងការអភិវឌ្ឍលើវិស័យ៕SRP