សារភាព ឆក់ជាង១០លើក នៅក្រុងសៀមរាប

0

សារភាព ឆក់ជាង១០លើក នៅក្រុងសៀមរាប

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានប្រាប់ទីភ្នាក់ងារ សារព័ត៌មាន សៀមរាប ប៉ុស្តិ៍ ថា នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវលូរទឹកស្អុយ ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប មានករណីអំពើលួច ( ឆក់ទូរស័ព្ទ ) បង្កឡើងដោយជនសង្ស័យ មានឈ្មោះ​ នួន ព្រឿន ហៅវាំង អាយុ១៩ឆ្នាំ​ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិត្រពាំងត្រែង សង្កាត់សាលាកំរើក បច្ចុប្បន្ននៅភូមិបឹង សង្កាត់ជ្រាវ ក្រុងសៀមរាប
បានធ្វើសកម្មភាពឆក់ទូរស័ព្ទម៉ាក IPHON 11 Promax ពណ៌ខ្មៅ របស់ជនរងគ្រោះឈ្មោះ​ ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខណៈពេលជនរងគ្រោះកំពុងជិះម៉ូតូតាមផ្លូវ។

ការបង្ក្រាបភ្លាមៗពីសំណាក់នគរបាលក្រុងសៀមរាប ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក ដា ចំរើន អធិការនគរបាលក្រុងសៀមរាប ចំណុចក្នុងភូមិកក្រាញ់ សង្កាត់សៀមរាប ខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ទោ ហួត សុធី បានបញ្ជាក់ថា ក្រោយពីសាកសួរនាំជនសង្ស័យរូបនេះ បានឆ្លើយសារភាពថា ខ្លួនពិតជាបានឆក់ទូរស័ព្ទរបស់ជនរងគ្រោះពិតមែន។ កន្លងមកខ្លួនក៏ធ្លាប់បានធ្វើសកម្មភាព ឆក់ទូរស័ព្ទ កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ ខាងត្បូងបុរីសៀងណាំ ក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ដោយឆក់បានទូរស័ព្ទ ១គ្រឿង។

កន្លងមកខ្លួនធ្លាប់បានធ្វើសកម្មភាពឆក់កាបូប និងទូរស័ព្ទរបស់ភ្ញៀវបរទេស ដោយសរុប ១១លើក។

វត្ថុតាងដកហូតរួមមាន៖​ ទូរស័ព្ចំនួន០៣គ្រឿង​ ម៉ូតូជនសង្ស័យជិះធ្វើសកម្មភាព១គ្រឿង។ កម្លាំងនគរបាលបានធ្វើតេស្ដស្វែងរកសារធាតុញៀន លើជនសង្ស័យខាងលើ លទ្ធផលវិជ្ជមាន។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅកម្លាំងការិយាល័យជំនាញ ដើម្បីបន្តនីតិវិធី។ រីឯវត្ថុតាង ទូរស័ព្ទចំនួន០៣គ្រឿង​ បានប្រគល់ជូនជនរងគ្រោះជាម្ចាស់វិញផងដែរ។

សូមជម្រាបថា ប្រតិបត្តិការទទួលបានជោគជ័យនេះ ដោយមានការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្តសៀមរាប ស្តីពីការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្កា បង្រ្កាប រាល់បទល្មេីស គ្រប់ប្រភេទ និងអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប៕SRP