អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំពិភាក្សា គម្រោងចំណូលថវិកា របស់មន្ទីរជំនាញសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៦

0

អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំពិភាក្សា គម្រោងចំណូលថវិកា របស់មន្ទីរជំនាញសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៦

ខេត្តកំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំ គម្រោងចំណូលថវិកា របស់មន្ទីរជំនាញសម្រាប់ការ គ្រប់គ្រង ឆ្នាំ២០២៦។  កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញ នៃរដ្ឋបាលខេត្តផងដែរ។

ដោយយោងតាមសារាចរណែនាំ លេខ ០៨ ស.រ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ ២០២៦-២០២៨ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៦។ ផ្អែកតាមកម្មវត្ថុនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជម្រាបជូនដល់រដ្ឋបាលរាជធានី-ខេត្ត មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី-ខេត្ត ប្រធានពន្ធដាររាជធានី-ខេត្ត សូមធ្វើការកំណត់ជាបឋមកញ្ចប់ថវិកា ជូនរដ្ឋបាលខេត្ត នូវចំណូលសារពើពន្ធ ចំណូលមិនមែនសារពើពន្ធ និងចំណូលឧបម្ភត្ថពីថវិកាជាតិផងដែរ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា កញ្ចប់ថវិកានេះគឺគ្រាន់តែកំណត់ជាបណ្ដោះអាសន្នប៉ុណ្ណោះ ហើយកញ្ចប់ថវិកាបឋមនេះរដ្ឋបាលខេត្តអាចរៀបចំ គម្រោងថវិការបស់ខ្លួនទៅតាមការប្រែប្រួល នៃសក្ដានុពលក្នុងការប្រមូលចំណូលតាមស្ថានភាពសេដ្ឋកិច្ចដែលមានជាក់ស្ដែងនៅក្នុងមូលដ្ឋានរបស់ខ្លួន។

នាឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានស្នើឲ្យថ្នាក់ដឹកនាំ មន្ទីរ អង្គភាពនីមួយៗដែលពាក់ព័ន្ធត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ក្នុងការប្រមូលឲ្យមានប្រសិទ្ធភាព គ្រប់ប្រភពចំណូលចូល សម្រាប់បន្តការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងសេដ្ឋកិច្ចសង្គមនៅក្នុងខេត្តសំដៅបម្រើប្រយោជន៍សាធារណៈក៏ដូចជាប្រជាពលរដ្ឋ បានកាន់តែប្រសើរឡើងថែមទៀត៕
ដោយ ៖ លី ស៊ីយ៉ា