សម រង្ស៊ី មិនបដិសេធព័ត៌មានដែលគេផ្សាយយ៉ាងអាក្រក់ពីរូបគាត់ដែលអាចចាត់ទុកជាអំពើក្បត់ជាតិ?

សម រង្ស៊ី មិនបដិសេធព័ត៌មានដែលគេផ្សាយយ៉ាងអាក្រក់ពីរូបគាត់ដែលអាចចាត់ទុកជាអំពើក្បត់ជាតិ?
0

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ហេតុអ្វីបានជាលោក សម រង្ស៊ី មិនបដិសេធព័ត៌មានដែលគេផ្សាយយ៉ាងអាក្រក់ពីរូបគាត់ដែលអាចចាត់ទុកជាអំពើក្បត់ជាតិ?

ភ្នំពេញ៖ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ជាថ្មីថា ឃើញលោក សម រង្ស៊ី បង្ហោះវីដេអូមួយដែលគាត់ផ្តល់បទសម្ភាសន៍ដល់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP កាលពីឆ្នាំ ២០១៩ ហើយដែលសារព័ត៌មានអនឡាញថៃ Top News យកទៅប្រើដើម្បីរំលេចរូបភាព (Illustrate) នៅពេលលោក Nantiwat Samart អតីតអនុប្រធានការិយាល័យស៊ើបការណ៍សម្ងាត់ជាតិ និងជាអតីតលេខារដ្ឋមន្ត្រីក្រសួងការបរទេសថៃនិយាយពីលោក សម រង្ស៊ី។

លោក សម រង្ស៊ី និងគូកនរបស់គាត់បានយករូបភាពវីដេអូនេះមកធ្វើជាភស្តុតាងដើម្បីបញ្ជាក់ថា ជារូបភាពចាស់ដែលគាត់បានផ្តល់សម្ភាសន៍យូរហើយ។ ក្រុមរបស់គាត់ថែមទាំងបានចោទគេឯងថា បានយករូបភាពចាស់មកកាត់តដើម្បីវាយប្រហារលោក សម រង្ស៊ី ។

ខ្ញុំសូមបញ្ជាក់ជូនវិញថា បញ្ហាពាក់ព័ន្ធនឹងលោក សម រង្ស៊ី មិនមែនរូបភាពនោះទេ។ បញ្ហាគឺនៅត្រង់ថា លោក Nantiwat Samart បានប្រាប់សារព័ត៌មាន Top News ថា លោក សម រង្ស៊ី បាននិយាយថា៖«ភាគីកម្ពុជាជាអ្នកបាញ់មុន…»។ នេះជាចំណុចដែលលោក សម រង្ស៊ី ត្រូវចេញមុខបញ្ជាក់។

ចំណែកវីដេអូនោះ អ្នកសារព័ត៌មានគ្រាន់តែយកមកប្រើដើម្បីបង្ហាញរូបលោក សម រង្ស៊ី តែប៉ុណ្ណោះ។ អ្នកសារព័ត៌មានអាចប្រើរូបភាពណាមួយក៏បានដែលគេជ្រើសរើស មិនថារូបនោះចាស់ឬថ្មីឡើយពោលគឺជារូបឯកសារ ហើយគេដាក់ Caption/Credit photo នៅពីក្រោមដើម្បីបញ្ជាក់។ នេះជាកិច្ចការរបស់អ្នកសារព័ត៌មានទូទៅដែលតែងតែធ្វើ។ ដូច្នេះ ការបង្ហាញរូបនេះហើយអះអាងថា ជារូបភាពចាស់យូរហើយដើម្បីគេចវេសពីអ្វីដែលខ្លួនត្រូវបកស្រាយ មិនមែនជារឿងត្រឹមត្រូវទេ ហើយក៏មិនមែនជាមធ្យោបាយដោះស្រាយបញ្ហាដែរ។

ជាធម្មតា ពេលមានសារព័ត៌មានណាមួយចេញផ្សាយព័ត៌មានខុស ឬអ្នកណាម្នាក់និយាយប៉ះពាល់ដល់បុគ្គលណាម្នាក់ បុគ្គលរូបនោះត្រូវចេញមុខបដិសេធចោលដើម្បីបង្ហាញភាពស្អាតស្អំរបស់ខ្លួន ជាពិសេសរឿងធំៗដូចករណីដែលអតីតមន្ត្រីថៃបាននិយាយពាក់ព័ន្ធលោក សម រង្ស៊ី នៅពេលនេះជាដើម។ តែហេតុអ្វីបានជាលោក សម រង្ស៊ី មិនបដិសេធព័ត៌មានដែលគេផ្សាយយ៉ាងអាក្រក់ពីរូបគាត់ដែលអាចចាត់ទុកជាអំពើក្បត់ជាតិ? នេះជាសំណួរដែលត្រូវពិចារណា។

ហេតុអ្វីទាំងលោក សម រង្ស៊ី ទាំងលោក អ៊ុំ សំអាន ចេះតែគេចវេសពីការពិត ហើយបង្វែរទៅរឿងផ្សេងរហូត?

ដើម្បីជម្រះរឿងនេះ លោក សម រង្ស៊ី ត្រូវចេញមុខបដិសេធសម្តីរបស់អតីតមន្ត្រីថៃរូបនោះជាសាធារណៈ។ បើមិនបដិសេធ មានន័យថា គាត់ពិតជាបាននិយាយមែន!