បន្ថែមអភិបាលរងក្រុងសៀមរាប ចំនួនពីររូបទៀត

0

បន្ថែមអភិបាលរងក្រុងសៀមរាប ចំនួនពីររូបទៀត

ខេត្តសៀមរាប៖លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តតំណាងឯកឧត្តម​ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប
បានជំរុញដល់គណៈអភិបាលក្រុងសៀមរាប ត្រូវឈ្វេងយល់អំពីតួនាទីភារកិច្ច និងបែងចែកការងារឱ្យបានច្បាស់លាស់ ដេីម្បីជំរុញធ្វើយ៉ាងណាចូលរួមដោះស្រាយបញ្ហាក្នុងមូលដ្ឋានឱ្យមានតម្លាភាព ព្រោះនៅតាមមូលដ្ឋានមានការងារច្រើនដែលត្រូវដោះស្រាយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ។

លោកអភិបាលរងថ្លែងដូចនេះ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោកស្រី ម៉ៅ សុខហៀង ឋានន្តរសក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ និងលោក ស៊ាន គឹមឋាន ឋានន្តរស័ក្តិនាយក្រមការ ថ្នាកលេខ៦ ជាអភិបាលរង នៃគណៈអភិបាលក្រុងសៀមរាប នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥។

លោក ង៉ូវ សេងកាក់ លើកឡើងថា មន្ត្រីទាំងអស់ត្រូវចូលរួមសហការគ្នាអនុវត្តការងាររដ្ឋបាលក្រុងរបស់ខ្លួនឱ្យមានភាពរលូន និងល្អប្រសើរ ធានាបាននូវសាមគ្គីភាព និងការយោគយល់គ្នា។ ត្រូវបន្តពង្រឹងរបៀបរបបការងារ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្ត្រីនៅក្នុងការបំពេញតួនាទី និងភារកិច្ច សំដៅអភិវឌ្ឍមូលដ្ឋាននិងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ត្រូវបន្តពង្រឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងទប់ស្កាត់រាល់អំពើអសន្តិសុខផ្សេងៗក្នុងមូលដ្ឋាន តាមរយៈការអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាព។

លោកអភិបាលរងខេត្ត ក៏បានណែនាំដល់អភិបាលរងក្រុងដែលទើបប្រកាសចូលកាន់មុខតំណែង ត្រូវអនុវត្តការងារឱ្យអស់ពីសមត្ថភាព ដើម្បីធ្វើឱ្យការងារក្នុងក្រុងមានការអភិវឌ្ឍរីកចម្រើន និងកិច្ចប្រតិបត្តិការល្អជាមួយគ្រប់មន្ទីរអង្គភាព រដ្ឋបាលស្រុកឃុំ ជាពិសេសប្រជាពលរដ្ឋក្នុងមូលដ្ឋាន រួមគ្នាអភិវឌ្ឍន៍ក្រុងសៀមរាប ឱ្យកាន់តែមានការរីកចម្រើនសម្រេចបានសមិទ្ធផលថ្មីៗ និងស្នាដៃថ្មីៗបន្ថែមទៀត៕SRP